រដ្ឋាភិបាលប្រាប់​ពលរដ្ឋ​បង្កើនការប្រុងប្រយ័ត្ន​លើ​ការឆ្លងជំងឺកូវីដ-១៩​អំឡុងបុណ្យចូលឆ្នាំ

ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមកម្សាន្តក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall

រដ្ឋាភិបាល អំពាវនាវ​ដល់ប្រជាពលរដ្ឋ​ និងស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ បន្តបង្កើនការ​ប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដោយ​ត្រូវ​ប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល។

សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២នេះ បាន​លើកឡើងថា ការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ​ក្នុងឆ្នាំ២០២២នេះ នឹងប្រព្រឹត្ត​ទៅជាធម្មតា បន្ទាប់​ពីមានការ​ខកខានអស់រយៈពេល២ឆ្នាំមកហើយ ដោយសារ​ការ​រាតត្បាត​នៃជំងឺកូវីដ-១៩។

ករណីនេះ ក្រសួងបានក្រើនរំលឹកដល់ប្រជាពលរដ្ឋ​ ស្ថាប័នពាក់ព័ន្ធ អង្គភាពសាធារណៈ អាជ្ញាធរ​មូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងសេវាឯកជនទាំងអស់ បន្តរួចគ្នា​អនុវត្ត​នូវវិធានសុខាភិបាល និងវិធានការ​ចាំបាច់នានា ដើម្បីការពារ​សុខភាព រួមទាំងការ​ពារ​ការចម្លង​វីរុស​កូវីដ-១៩ ក្នុងអំឡុងប្រារព្ធពិធីបុណ្យនេះ។

វិធាន​​​​ការ​ការពារដែលក្រសួងណែនាំនោះមានដូចជា​ លើកទឹកចិត្តឱ្យ​​អនុវត្តការ​ធ្វើតេស្ត​ក្នុងករណីសង្ស័យ​វិជ្ជ​មាន​​វីរុស​​កូវីដ-១៩, ត្រូវពាក់ម៉ាស់ រក្សាអនាម័យដៃ និងគម្លាតនៅក្នុងទីវត្តអារ៉ាម, ជ្រើសរើស​មធ្យោ​បាយ​ធ្វើដំណើរ​មានសុវត្ថិភាព​ដោយកាត់បន្ថយជាអតិបរមានូវការចម្លងជំងឺ និងគ្រោះថ្នាក់​ចរាចរណ៍។

ជាមួយ​គ្នា​នេះ​ដែរ ក្រសួងក៏ណែនាំនូវវិធានការ​ចាំបាច់ គឺ​​​៣ការពារ(ពាក់ម៉ាស់ លាងដៃឱ្យញឹក​ញាប់ និង​រក្សាគម្លាតសុវត្ថិភាព) និង​៣កុំ(កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទជិតគ្មាន​ខ្យល់​ចេញចូល និងកុំប៉ះពាល់គ្នា) ដើម្បីរួមចំណែកកាត់ផ្តាច់ការចម្លងវីរុសកូវីដ-១៩ពី​បុគ្គល​ម្នាក់​ទៅបុគ្គល​ម្នាក់។

បើ​តាម​ក្រសួង​សុខាភិ​បាល គិតត្រឹមព្រឹកថ្ងៃ​សុក្រ​​​ ទី០១ ខែមេសា ឆ្នាំ២០២២នេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន ១៣៥ ៦៨២​នាក់ ក្នុង​នោះ​អ្នកជំងឺព្យាបាលជាសះស្បើយ​​ចំនួន ១៣១ ៨០៨នាក់ និងអ្នកស្លាប់មានចំនួន​ ៣ ០៥៤នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ