ក្រុម​សហជីព​រាយការណ៍​អំពី​ស្ថានភាព​រំលោភ​សិទ្ធិ​ការងារ​​ដល់​​តំណាង​​បេសក​កម្ម​​ស្វែង​​រក​​ការ​ពិត​​ DCM​

តំណាងបេសកម្មស្វែងរកការពិតផ្ទាល់ ហៅកាត់ជាភាសាអង់គ្លេស (DCM) នៃអង្គការអន្តរជាតិខាងការងារ ILO ជួបជាមួយមេដឹកនាំសហជីពធំៗនៅកម្ពុជាកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។ (រូប៖ សហភាព​ការងារ​កម្ពុជា CLC)

ក្រុម​សហជីព​ធំៗ​នៅ​កម្ពុជា កាល​ពី​ថ្ងៃទី១ មេសា បាន​រាយការណ៍​អំពី​ស្ថានភាព​រំលោភ​សិទ្ធិ​ការងារ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដល់​តំណាង​បេសកម្ម​ស្វែង​រក​ការ​ពិត​ផ្ទាល់ ហៅកាត់​ជា​ភាសា​អង់គ្លេស (DCM) នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ ILO។

ប្រធានសហភាពការងារកម្ពុជា (CLC) លោក អាត់ ធន់ រួមទាំងសហជីពធំៗមួយចំនួនបានលើកឡើងអំពីបញ្ហាប្រឈមរបស់កម្មករនិយោជិត និងសហជីព​ផ្សេងៗ ដូចជា បញ្ហាសិទ្ធិកម្មករក្នុងការរៀបចំ និងចូលរួមសហជីព សិទ្ធិធ្វើជាតំណាង និងដោះស្រាយវិវាទ សិទ្ធិក្នុងការធ្វើកូដកម្មនៅណាហ្គាវើលដ៍ បញ្ហា​ចោទ​ប្រកាន់​បណ្តឹងព្រហ្មទណ្ឌមកលើតំណាងសហជីព និងកម្មករ កាលពីឆ្នាំ២០១៤ និងបច្ចុប្បន្ន ការស្វែងរកឃាតករពិតសម្លាប់មេដឹងនាំសហជីពកាលពី​ឆ្នាំ២០០៤ សកម្មភាពធ្វើទុក្ខបុកម្នេញ និងរើសអើងមកលើសហជីព ជាពិសេស ក្រុមហ៊ុនដឹកអ្នកដំណើរកាពីតូល ក្រុមហ៊ុនលក់ថ្នាំពេទ្យ VE ក្រុមហ៊ុន​កាស៊ីណូ​ជីងប៉ី ក្រុមហ៊ុនកាត់ដេរអេលីត និងក្រុមហ៊ុនហូលីដេរឌីហ្សាញជាដើម។

សហភាពការងារកម្ពុជា សង្ឃឹមថា តំណាងបេសកម្មស្វែងរកការពិតផ្ទាល់ ហៅកាត់ជាភាសារអង់គ្លេសថា (DCM) នឹងជម្រុញឱ្យភាគីនិយោជក និង​រដ្ឋាភិបាល​ដោះស្រាយបញ្ហាផ្សេងៗ និងលើកកម្ពស់សិទ្ធិរបស់កម្មករនិយោជិតខ្មែរ បានប្រសើរឡើងនាពេលអនាគត។

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ បានថ្លែងថា ការចុះមកបំពេញបេសកម្មរបស់តំណាងបេសកម្មស្វែងរកការពិតផ្ទាល់ នៃអង្គការអន្តរជាតិ​ខាងការងារ ILO គឺបន្ទាប់ពីស្ថានភាពនៃការគោរពសិទ្ធិមនុស្ស សិទ្ធិការងារនៅកម្ពុជាបានធ្លាក់ចុះខ្លាំង ជាពិសេសការធ្វើកូដកម្មរបស់បុគ្គលិកក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍។ អ្នកស្រីបន្តថា កាលពីឆ្នាំ២០១៧ ក្រុមនេះ ក៏បានមកបំពេញបេសកម្មនៅកម្ពុជា និងបានផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាលកែលំអរ​ស្ថានភាព​ខាងលើនេះដែរ។

អ្នកស្រីថា៖ «ធម្មតា DCM បើយើងក្រឡេកមើលជាទូទៅ គឺគេមិនអង្គុយចេះតែចុះទៅតាមប្រទេសមួយៗគ្រប់តែប្រទេសនោះទេ គឺគេចុះមកតែប្រទេសណា​ដែលមានបញ្ហាចាំបាច់ចឹងទៅ ទើបគេចុះមក ហើយនៅក្នុងបរិបទស្រុកខ្មែរយើង ដោយសារតែថ្មីៗហ្នឹង វាមានស្ថានភាពនៃការគោរពសិទ្ធិកម្មករ សិទ្ធិមនុស្ស​ផ្សេងៗ​គឺមានការធ្លាក់ចុះយ៉ាងខ្លាំង»

តំណាងបេសកកម្មស្វែងរកការពិតដោយផ្ទាល់ (DCM) របស់អង្គការអន្តរជាតិខាងការងារនេះដឹកនាំដោយលោក Takanobu Teramoto បានមក​បំពេញ​បេសកកម្ម​នៅកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។ គណៈប្រតិភូនេះ បានជួបពិភាក្សាជាមួយក្រសួងការងារ ស្ថាប័ន​ពាក់ព័ន្ធ អង្គការវិជ្ជាជីវៈ និងដៃគូសង្គមផ្សេងៗទៀត ដើម្បីស្វែងយល់ពីស្ថានភាព និងវឌ្ឍនភាពនៃការអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ​នៅក្នុងប្រទេស​កម្ពុជា។ ក្រោយបញ្ចប់បេសកម្មនេះ តំណាងបេសកកម្មស្វែងរកការពិតដោយផ្ទាល់ (DCM) របស់អង្គការអន្តរជាតិខាងការងារ នឹងធ្វើរបាយការណ៍វាយតម្លៃ​មួយ ដើម្បីផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាល សហជីព និងភាគីពាក់ព័ន្ធយកទៅកែលំអរស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិការងារនៅកម្ពុជាឱ្យកាន់តែ​ល្អប្រសើរ​ឡើង​វិញ។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំអេង បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១ ខែមេសាថា ការអនុវត្ត​សេរីភាពសមាគមនៅកម្ពុជាអាចធ្វើឡើងបាន តាមរយៈច្បាប់ស្តីពីសហជីព និងច្បាប់ផ្សេងទៀតដែលមានដូចជា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែន​រដ្ឋាភិបាល (LANGO)។ លោកបន្តអ៊ួតប្រាប់តំណាងបេសកកម្មនេះថា ប្រទេសកម្ពុជាមិនហាមឃាត់ ឬរឹតត្បិតសេរីភាពរបស់ជនណាម្នាក់ក្នុងការចូលរួម​សហជីពណាមួយ ដោយផ្អែកលើឆន្ទៈរបស់ពួកគេឡើយ។ លោកថា សេរីភាពជាមូលដ្ឋាន ក៏ដូចជាសេរីភាពក្នុងការចូលរួម ឬបង្កើតសហជីពដែលមានចែង​ក្នុងក្រប​ខ័ណ្ឌ​ច្បាប់អន្តរជាតិ ត្រូវបានទទួលស្គាល់ និងធានាក្រោមច្បាប់កម្ពុជា។ ផ្ទុយទៅវិញ ប្រទេស​កម្ពុជាមិនត្រឹមតែមានប្រព័ន្ធច្បាប់ដែល​ធានាយ៉ាង​ទូលំទូលាយនូវការអនុវត្តសេរីភាពក្នុងការបង្កើតសមាគមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវជម្រើសជាក់ស្តែងសម្រាប់ការអនុវត្តសេរីភាពនៃសមាគមផងដែរ។

លោកបានសរសេរថា៖ «ដោយសារតែកម្ពុជាបានអនុវត្តបានយ៉ាងល្អនូវនយោបាយពាណិជ្ជកម្មអន្តរជាតិ ផ្សាភ្ជាប់និងបទដ្ឋានការងារអន្តរជាតិ និងកិច្ច​សហប្រតិបត្តិការ​យ៉ាងល្អជាមួយអង្គការអន្តរជាតិខាងការងារដែលធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ ធានានូវការការពារសិទ្ធិការងារ សិទ្ធិសេរីភាព​អង្គការវិជ្ជាជីវៈ បានជាវិស័យកាត់ដេរ ផលិត ស្បែក​ជើង និងការបូប បានរីកចំរើនយ៉ាងខ្លាំង និងដើរតួរជាចន្ទល់សេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក​អភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ចាប់តាំងពីទស្សវត្សរ៍ឆ្នាំ១៩៩០មក»

លោកបន្តថា ជាក់ស្តែង វិស័យនេះបានចាប់ផ្តើមជាមួយនឹងរោងចក្រចំនួន ៦៤ ដែលមានកម្មករនិយោជិតចំនួនប្រមាណ៨ម៉ឺននាក់នៅក្នុងឆ្នាំ១៩៩៧ ប៉ុន្តែ​បច្ចុប្បន្ន​បានកើនឡើងជាង១២០០រោងចក្រ ដែលមានកម្មករនិយោជិតប្រមាណ៨០ម៉ឺននាក់។ តម្លៃនៃការនាំចេញនៅក្នុងវិស័យនេះបានកើនឡើងពី ២២៧ លានដុល្លារអាមេរិក ដល់ ៩ ៧៦៨ លានដុល្លារអាមេរិក ក្នុងរយៈពេលដូចគ្នា។

គិតត្រឹមខែមករា ឆ្នាំ២០២២នេះ កម្ពុជាមានអង្គការវិជ្ជាជីវៈបានចុះបញ្ជីចំនួន ៥ ៧៧៣  ក្នុងនោះមានសហជីពមូលដ្ឋានចំនួន ៥ ៤៦៤, សហព័ន្ធសហជីព​ចំនួន ២៥៧, សហភាពសហជីពចំនួន ៤០, និងសមាគមនិយោជកចំនួន១២។ ដោយឡែកនៅក្នុងឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជិកាសហជីពថ្មីចំនួន ២៦២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ