អង្គការជាតិនិងអន្តរជាតិជិត៥០ ស្នើស្ថាប័នអង្គការសហប្រជាជាតិ(UN) ជួយដោះស្រាយការខកខានជាបន្តបន្ទាប់របស់អាជ្ញាធរកម្ពុជា ក្នុងការស្វែងរកសកម្មជននយោបាយថៃ លោក វ៉ាន់ឆាឡឺម (Wanchaleam Satsaksit) និងដើម្បីស៊ើបអង្កេតពីការបាត់ខ្លួនរបស់គាត់ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។
អង្គការជាតិ-អន្តរជាតិទាំងនោះ មានដូចជា សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា, មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា, សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (លីកាដូ), Ain o Salish Kendra ប្រទេសបង់ក្លាដេស, Asian Resource Foundation ប្រទេសថៃ, Byte for All ប្រទេសប៉ាគីស្ថាន, Center for Prisoners’ Rights ប្រទេសជប៉ុន និង Maldivian Democracy Network ប្រទេសម៉ាឌីវ រួមជាមួយលោកស្រី Sitanan Satsaksit ដែលជាបងស្រីរបស់លោកវ៉ាន់ឆាឡឺម និងក្រុមគ្រួសារ។
ក្នុងសេចក្តីថ្លែងការណ៍រួមរបស់ក្រុមគ្រួសារ និងអង្គការជាតិ-អន្តរជាតិទាំងនោះ បានលើកឡើងថា កាលពីអំឡុងឆ្នាំ២០២០ លោក វ៉ាន់ឆាឡឺម ត្រូវបានគេចាប់ពង្រត់ទាំងកណ្តាលថ្ងៃនៅខាងក្រៅអគារស្នាក់នៅរបស់លោក ខណៈលោកកំពុងរស់នៅនិរទេសខ្លួនក្នុងរាជធានីភ្នំពេញ។
សេចក្តីថ្លែងការណ៍ បន្តថា ក្រោយហេតុការណ៍នេះ គណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីការបាត់ខ្លួនដោយបង្ខំ ធ្លាប់បានសម្តែងការព្រួយបារម្ភចំពោះការខកខានរបស់អាជ្ញាធរកម្ពុជា ក្នុងការស្រាវជ្រាវ និងស៊ើបអង្កេតដោយឥតលម្អៀងនិងឯករាជ្យ ជុំវិញការបាត់ខ្លួនលោកវ៉ាន់ ឆាឡឺម។
ស្របពេលដែលគណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីការបាត់ខ្លួនដោយបង្ខំ (CED) រៀបចំពិនិត្យមើលឡើងវិញជាបឋម អំពីស្ថានភាពនៃការបាត់ខ្លួនដោយបង្ខំនៅប្រទេសកម្ពុជា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២នេះ ពួកគេបានស្នើដល់គណៈកម្មការនេះ ជួយដោះស្រាយការខកខានរបស់អាជ្ញាធរកម្ពុជា ដើម្បីស្វែងរកលោក វ៉ាន់ឆាឡឺម ឱ្យបានឆាប់រហ័ស និងដើម្បីស៊ើបអង្កេតការបាត់ខ្លួនរបស់គាត់ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព។
សេចក្តីថ្លែងការណ៍ដដែល បន្តថា៖ «ហើយសូមស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា បំពេញកាតព្វកិច្ចរបស់ខ្លួន ដើម្បីធានាពីសិទ្ធិរបស់ជនរងគ្រោះក្នុងការទទួលបានយុត្តិធម៌ និងសំណង»។
ពួកគេគូសបញ្ជាក់ដែរថា៖ «យើងខ្ញុំយល់ស្របជាមួយគណៈកម្មាធិការដែលថា លក្ខណៈនៃការបាត់ខ្លួនដោយបង្ខំ គឺជាឧក្រិដ្ឋកម្មកើតមានជាបន្ត ដែលនាំឱ្យមានហានិភ័យធ្ងន់ធ្ងរដល់សិទ្ធិរស់រានមានជីវិត សេរីភាព និងសុវត្ថិរបស់មនុស្ស សេរីភាពពីការឃុំឃាំងនិងការធ្វើទារុណកម្មដោយសម្ងាត់ ក៏ដូចជាសិទ្ធិរស់នៅជួបជុំជាមួយក្រុមគ្រួសារផងដែរ»។
បើតាមសេចក្តីថ្លែងការណ៍រួមដដែល ការបាត់ខ្លួនរបស់លោក វ៉ាន់ឆាឡឺម ក៏ជាការរំលឹកនៃការបាត់ខ្លួនឆ្លងប្រទេសក្នុងឆ្នាំ២០០៧ របស់សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសកម្មជនសិទ្ធិការងារជាជនជាតិវៀតណាម ២រូប ពីប្រទេសកម្ពុជាផងដែរ។
ពួកគេបន្ថែមថា ការខកខានស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាពលើការបាត់ខ្លួនដោយបង្ខំ គឺជាការរំលោភបំពានកាតព្វកិច្ចយ៉ាងធ្ងន់ធ្ងររបស់ប្រទេសកម្ពុជា ក្រោមអនុសញ្ញាអន្តរជាតិ ស្តីពីការការពារជនគ្រប់រូប ពីការបាត់ខ្លួនដោយបង្ខំ ដែលកម្ពុជាបានក្លាយជារដ្ឋភាគីក្នុងឆ្នាំ២០១៣។
វីអូឌី នៅពុំទាន់អាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីមន្ត្រីរដ្ឋាភិបាលកម្ពុជា បាននៅឡើយ។
ហេតុការណ៍ចាប់ពង្រត់សកម្មជនបក្សប្រឆាំង លោក វ៉ាន់ឆាឡឺម ត្រូវបានទម្លាយឱ្យដឹងពីសំណាក់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដោយអង្គការនេះរាយការណ៍ថា ជនប្រដាប់អាវុធមួយក្រុមជិះរថយន្តពណ៌ខ្មៅមួយគ្រឿង បានចាប់ខ្លួនលោក វ៉ាន់ឆាឡឺម នៅពេលដែលគាត់ដើរតាមផ្លូវទិញអាហារមុខអគារស្នាក់នៅ នារាជធានីភ្នំពេញ កាលពីវេលាម៉ោងជិត៦ល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០។
លោក វ៉ាន់ឆាឡឺម គឺជាសកម្មជនប្រជាធិបតេយ្យល្បីឈ្មោះម្នាក់ ដែលមានទំនាក់ទំនងជាមួយរណសិរ្សរួបរួមដើម្បីលទ្ធិប្រជាធិបតេយ្យប្រឆាំងនឹងរបបផ្តាច់ការ ដែលស្គាល់ថាជាក្រុមអាវក្រហមរបស់ថៃ។ លោកបានភៀសខ្លួនមករស់នៅកម្ពុជា ក្រោយរដ្ឋប្រហារយោធាក្នុងឆ្នាំ២០១៤ រួចបន្តសកម្មភាពនយោបាយរិះគន់រដ្ឋាភិបាលថៃថ្មីតាមបណ្តាញសង្គម។
កាសែត Bangkok Post រាយការណ៍កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ថា ចាប់ពីក្រោយរដ្ឋប្រហារឆ្នាំ២០១៤មក យ៉ាងយោចណាស់ សកម្មជនថៃ៨នាក់បានរត់ភៀសខ្លួនទៅកាន់ប្រទេសឡាវ កម្ពុជា និងវៀតណាម។ ប្រភពដដែលបន្ថែមថា លោក វ៉ាន់ឆាឡឺម គឺស្ថិតនៅក្នុងចំណោមសកម្មជននិរទេសខ្លួន២៩នាក់ ដែលរងបទចោទ«ប្រមាថព្រះមហាក្សត្រថៃ»៕