ប្អូនស្រីលោក ហ៊ុន សែន ធនាគារកាណាឌីយ៉ា គ្រួសារសមាជិកព្រឹទ្ធសភាទទួលបានដីរដ្ឋ

ទិដ្ឋភាពបឹងតាមោក ឬ បឹងទំនប់កប់ស្រូវ ដែលស្ថិត​នៅ​ចម្ងាយ​ប្រហែល ១៥​គីឡូម៉ែត្រ​ពី​ចំណុច​កណ្ដាល​នៃ​រាជ​ធានី​ភ្នំពេញ រូបភាព៖ ណាត សុភាព

ឯកសាររបស់រដ្ឋាភិបាលដែលបានចេញផ្សាយកាលពីសប្តាហ៍មុន បង្ហាញពីដីរដ្ឋរាប់រយហិកតា ដែលត្រូវបានធ្វើឯកជនភាវូបនីយកម្មសម្រាប់បុគ្គល និងក្រុមហ៊ុនដែលមានទំនាក់ទំនងគ្នានៅទូទាំងប្រទេស។

សៀវភៅរាជកិច្ចចំនួន ១២ភាគ ត្រូវបានបោះពុម្ពកាលពីថ្ងៃពុធ ដែលជាការចងក្រងនៃបទបញ្ជា និងសេចក្តីសម្រេចរបស់រដ្ឋាភិបាលដែលមានតាំងពីចុងឆ្នាំមុន។ ប្រហែល ១០០ ភាគត្រូវបានចេញផ្សាយជារៀងរាល់ឆ្នាំ ដោយមានការពន្យារពេលពីរបីខែរវាងការសម្រេចចិត្ត និងការបោះពុម្ពផ្សាយ។

ឯកសារចុងក្រោយបំផុតមានយ៉ាងហោចណាស់៨ បង្ហាញពីឯកជនភាវូបនីយកម្មដីរបស់រដ្ឋ។ ដីទំហំប្រមាណ​ ៣៦ ០០០ ហិកតា ដែលរដ្ឋបានផ្តល់សម្បទានសេដ្ឋកិច្ចទៅក្រុមហ៊ុន Union Development Group ដែលជាគម្រោងដ៏ធំគ្រប់គ្រងដោយជនជាតិចិន ដែលត្រូវបានចោទប្រកាន់ពីបទបណ្តេញពលរដ្ឋចេញពីលំនៅឋានដោយបង្ខំ។ ឧទ្យានជាតិបុទុមសាគរ ដែលមាន ផ្ទៃដីប្រមាណ ១ ១៥៤ ហិកតា ត្រូវបានកំណត់ឡើងវិញ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋដែលមិនមានចំនួន​ច្បាស់លាស់។

លើសពីនេះ ផ្ទៃដីប្រហែល ៦០០ ហិកតានៃតំបន់ដែលគ្រប់គ្រងដោយរដ្ឋផ្សេងទៀតរួមមាន បឹង ព្រៃឈើ ភ្នំ កំពង់ផែ និងអតីតសម្បទានសេដ្ឋកិច្ច ក៏ត្រូវបានធ្វើឯកជនភាវូបនីយកម្ម​។

អ្នកស្រី ហ៊ុន សេងនី ដែលជាប្អូនស្រីបង្កើតរបស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ឧកញ៉ា ឡាញ់ ភារ៉ា ទទួល​បាន​ដី​បឹង​តាមោក ឬបឹងទំនប់កប់ស្រូវ រាជធានី​ភ្នំពេញ ចំនួន ២០​ហិកតា។

ដោយឡែក ធនាគារកាណាឌីយ៉ាទទួលបានដី ១០ហិកតានៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខណៈក្រុមហ៊ុន Premier Land ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយកូនស្រី និងកូនប្រសាររបស់លោក លី យ៉ុងផាត់ ​ជាសមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច បានទទួលដីចំនួន ១៣០ហិកតា ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ​​។

ការផ្តល់ដីចំនួនបួនផ្សេងទៀតរួមមានដី ១១៣ ហិកតា ដល់ក្រុមហ៊ុន Fuhai Investment នៅព្រៃនប់។ ៥ ហិកតា នៅបឹងតាមោក ជូនបុគ្គលឈ្មោះ រស់ ព្រីប៊ូ ហើយផ្ទៃដី៤៩ ហិកតា ដែលជាអតីត​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្ត​មណ្ឌលគិរី ត្រូវបានប្រគល់ទៅ​បុគ្គល​ម្នាក់​ទៀត ឈ្មោះ ម៉ី កែវមរកត និង​ដី​ភ្នំ​ចំនួន ២៨០ ហិកតា​ក្នុង​ខេត្ត​កំពង់ឆ្នាំង ប្រគល់​យោធា​ដំឡើង​ស្ថានីយ​រ៉ាដា។

បន្ថែមពីនេះ នៅ​ខេត្ត​ស្ទឹងត្រែង ​ផ្ទៃដី​គម្រប​ព្រៃឈើដែលមានទំហំ ៩៩​ហិកតា រដ្ឋាភិបាលបានសម្រេចកាត់ផ្ទៃដីទំហំ ៦៥​ហិកតា ​ឱ្យ​ប្រជាពលរដ្ឋ ១៩៦​គ្រួសារ។

​អនុក្រឹត្យ​ទាំង​អស់ដែលកាត់ដីរបស់រដ្ឋប្រគល់ទៅឯកជន និងក្រុមហ៊ុនឯកជនទាំងនោះ ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក ហ៊ុន សែន។

អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន មានប្រសាសន៍ថា លោកមិនមានព័ត៌មានអំពីការបែងចែកដីជាក់លាក់នោះទេ រាប់បញ្ចូលទាំងប្អូនស្រីរបស់ ហ៊ុន សេងនី និងឧកញ៉ាផងដែរ។

លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មិន​ដឹង​ថាតើ​គេ​កាត់​ដី​ឱ្យ​ឬ​លក់​ឱ្យ និយាយ​តាម​ត្រង់ខ្ញុំ​មិន​ដឹង​ទេ»។

 លោក​បន្ត​ថា៖ «នៅ​ខេត្ត​ព្រះសីហនុ ដីសម្បទាន​ជា​ធម្មតា​ត្រូវ​បាន​ដោះដូរ​ជាមួយ​បុគ្គល និង​ក្រុមហ៊ុន​ឯកជន ដើម្បី​ជួយ​ផ្តល់​មូលនិធិ​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ»។

លោក ផៃ ស៊ីផាន សំដៅលើសំណួរដែលទាក់ទងនឹងការផ្តល់ដីបឹងតាមោកទៅកាន់សាលារាជធានីភ្នំពេញ និងក្រសួងដែនដី ខណៈអភិបាលក្រុងលោក ឃួង ស្រេង និងរដ្ឋមន្ត្រីក្រសួងដែនដីលោក ជា សុផារ៉ា មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីថ្ងៃសុក្រ។

ស្ត្រី​ម្នាក់​​បាន​លើក​លេខ​ទូរសព្ទ​របស់លោក ពុង ឃាវសែ ​ប្រធាន​ក្រុមហ៊ុន​កាណាឌីយ៉ា គ្រុប បាន​និយាយ​ថា ធនាគារ​ទទួល​បាន​ដី​នេះ​ព្រោះ​វា​ជា​កម្មសិទ្ធិ​របស់ “អតិថិជន​រយៈពេល​វែង” ដែល​បាន​ខ្ចី​ប្រាក់ ​ប៉ុន្តែ​បាន​បំពាន​លក្ខខណ្ឌ​បញ្ចាំ។

ស្ត្រីម្នាក់នេះ​សុំ​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ និង​​ថា​គាត់​ជា​ “មន្ត្រី​” បាន​និយាយថា៖ «វា​មិន​ត្រូវ​បាន​ផ្តល់​ឱ្យទេ ហើយ​បង​ប្រុស​មិន​គួរ​យល់​ច្រឡំ​អំពី​រឿង​នេះ​ទេ មាន​ឯកសារ​ត្រឹមត្រូវ​​ដែល​​បាន​បញ្ចាំ​ជាមួយ​ក្រុមហ៊ុន​​កាណាឌីយ៉ា»។

អ្នក​សារ​ព័ត៌មាន​ដែលហៅ​ទូរសព្ទ​ទៅ​ធនាគារ​ត្រូវ​បាន​ឆ្លង​កាត់​អ្នក​តំណាងក្រុមហ៊ុន​ជា​ច្រើន​នាក់ មុន​ពេល​ត្រូវ​បាន​គេ​ប្រាប់​ថា​ខ្លួន​គ្មាន​ព័ត៌មាន​អ្វីលម្អិតអំពី​ដី។

វីអូឌី មិនអាចសុំទាក់ទងអ្នកស្រី លី អាផន ម្ចាស់ក្រុមហ៊ុន​ Premier Land ដែលត្រូវជាកូនស្រីរបស់លោក លី យ៉ុងផាត់ និងលោក សេង ញ៉ក់ ដែលជាកូនប្រសារ​ តាមរយៈលេខក្នុងបញ្ចីបានទេ ខណៈបុគ្គលិកម្នាក់ដែលបានលើកទូរសព្ទក្រុមហ៊ុនថានាងនឹងសួរអ្នកគ្រប់គ្រងអំពីរឿងដីនេះឱ្យ។

អភិបាល​ខេត្ត​កោះកុង លោកស្រី មិថុណា ភូថង បាន​មាន​ប្រសាសន៍​ថាលោកស្រី​ជាប់​រវល់​ និង​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ៕

បកប្រែ និងសម្រួលដោយ កញ្ញា សម ពេជ្រចិន្តា និង កញ្ញា ឃ្លាំង គីមហួយ ពីអត្ថបទដើមភាសាអង់គ្លេស៖ Hun Sen’s Sister, Canadia Bank, Senator’s Family Receive State-Land Plots

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ