ស្ថានទូតរុស្សីមិន​ទទួលញត្តិរបស់ក្រុមយុវជនដែលស្នើបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន

សកម្មភាពក្រុមយុវជនដាក់ញត្តិស្នើបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែននៅស្ថានទូតរុស្ស៊ីនៅប្រចាំនៅកម្ពុជានាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២។ រូបភាព(លោក រី សៅរួន)

តំណាងស្ថានទូតរុស្ស៊ីនៅកម្ពុជា មិនចេញមកទទួលញត្តិរបស់ក្រុមយុវជន សង្គមស៊ីវិល ដែលបានដាក់​ទៅស្ថានទូតមួយនេះដើម្បីស្នើឱ្យបញ្ចប់សង្គ្រាម​ និងបញ្ឈប់ការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។

ការបដិសេធទទួលយកញត្តិនេះ ​ធ្វើឡើងនាព្រឹកថ្ងៃទី៥​ ខែមេសា​ ឆ្នាំ២០២២​ នៅពេលតំណាងយុវជនជាច្រើននាក់បានព្យាយាមយកញត្តិ​ទៅដាក់នៅស្ថានទូតរុស្ស៊ីតាមការគ្រោងទុករបស់ខ្លួន។ 

បើតាមខ្លឹមសារនៃញត្តិនោះ ​ក្រុមសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងយុវជនស្រលាញ់សន្តិភាពមួយចំនួនបានអំពាវនាវទៅប្រធានាធិបតីប្រទេសរុស្ស៊ី លោក​ ផ្លាឌីមៀ ពូទីន(VLADIMIR PUTIN) ឱ្យបញ្ឈប់ជាបន្ទាន់​នូវសង្គ្រាមនៅអ៊ុយក្រែន​ និងជ្រើសរើសវិធីសាស្ត្រចរចា​ ដោយ​បង្ក​លក្ខណៈងាយស្រួលសម្រាប់ការផ្គត់ផ្គង់​ និងចែកចាយជំនួយមនុស្សធម៌ទៅកាន់ប្រជាជនស៊ីវិលអ៊ុយក្រែន ព្រមទាំងស្តារសន្តិភាពពិភពលោកជាដើម។

យ៉ាងណា តំណាងក្រុមយុវជន បានសម្តែងការខកចិត្តចំពោះតំណាងស្ថានទូតរុស្ស៊ីដែលមិនព្រមចេញមកទទួលញត្តិរបស់ពួកគេពេលនេះ។  ​

រុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំរបស់ខ្លួនមកលើអ៊ុយក្រែន កាលពីដើមខែកុម្ភៈ ពោលគឺបន្ទាប់ពីការប្រកាសសង្រ្គាមមួយដោយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ដែលបានធ្វើឱ្យបណ្តាប្រទេសមួយចំនួន រួមនឹងសហភាពអឺរ៉ុបបានសម្រេចដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរុស្ស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ