ADB៖ សេដ្ឋកិច្ច​កម្ពុជា​នឹង​កើនឡើង ៥,៣% នៅឆ្នាំនេះ

សំណង់អគារខ្ពស់ៗនៅ​ក្បែរ​ទីតាំងចាក់បំពេញដីនៃគម្រោងអភិវឌ្ឍន៍កោះនរា ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១។ (Andrew Haffner)

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា សេដ្ឋកិច្ច​កម្ពុជានឹងកើនឡើង ៥,៣% នៅឆ្នាំ២០២២ និង​ ៦,៥% នៅឆ្នាំ២០២៣ ដោយសារ​កំណើននៃការ​នាំចេញទំនិញ និងលំហូរវិនិយោគ​ផ្ទាល់ពីបរទេស។

សេចក្ដីប្រកាសព័ត៌មានរបស់ ADB ដែលបានផ្សព្វផ្សាយ​នៅថ្ងៃពុធ​នេះ លើកឡើង​​ថា យោងតាម​របាយ​ការណ៍​​ទស្សន​​វិស័យ​​អភិវឌ្ឍន៍​អាស៊ី (ADO) ឆ្នាំ​២០២២ ផលិត​កម្ម​ឧស្សាហកម្ម​ត្រូវ​បាន​រំពឹង​ថានឹងកើនឡើង ៨,១% នៅឆ្នាំនេះ និង ៩,១% នៅ​ឆ្នាំក្រោយ​ ហើយ​​​កំណើន​​នេះក៏នឹង​ជំរុញដល់​ការអនុវត្ត​យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប ផង​ដែរ។

សេចក្ដីប្រកាសព័ត៌មានដដែលបន្តថា​ ការនាំចេញទំនិញនិងសេវាកម្មត្រូវ​បានព្យាករថានឹងកើន​ឡើង​នៅឆ្នាំនេះនិងឆ្នាំក្រោយ​ ដោយសារកំណើនតម្រូវការក្រៅស្រុកលើផលិតផលកម្ពុជា ព្រម​ជាមួយនឹ​ង​ការ​ងើបឡើងវិញជាបណ្ដើរៗ​នៃវិស័យទេសចរណ៍ ខណៈ​វិស័យសេវាកម្មត្រូវបានព្យាករថានឹងងើបឡើងវិញនៅកម្រិត ៤,៨% ក្នុងឆ្នាំ២០២២ និង​កើនដល់ ៦,៨% ក្នុង​​ឆ្នាំ២០២៣។

ក្នុងរបាយការណ៍នេះក៏បានអំពាវនាវដល់រដ្ឋាភិបាល​​កម្ពុជាធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ដើម្បី​ជំរុញកំណើនប្រកបដោយចីរភាព។

នាយកស្ដីទីប្រចាំប្រទេសកម្ពុជារបស់ ADB លោក Anthony Gill បានលើកឡើង​​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​​​ថា៖ «កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានងើបឡើងវិញដល់ប្រមាណ ៣% ក្នុងឆ្នាំ២០២១ បន្ទាប់ពីបានធ្លាក់ចុះ ៣,១% ក្នុងឆ្នាំ២០២០។ រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយនានា ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជ​មាន​នៃកូវីដ-១៩ មក​លើអាជីវកម្ម និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងគាំទ្រដល់ការស្ដារសេដ្ឋកិច្ចឡើងវិញ»

លោក​បន្ថែមថា ការចាក់វ៉ាក់សាំង​ប្រឆាំងនឹងកូវីដ-១៩ បានអនុញ្ញាតឱ្យ​​កម្ពុជា​បើកព្រំដែនរបស់ខ្លួនឡើងវិញ សម្រាប់ពាណិជ្ជកម្មនិងទេសចរណ៍ ដែលនាំទៅរកការរំពឹង​ទុក​វិជ្ជមាន​នៃកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះ និងឆ្នាំ២០២៣។

លោក Anthony Gill បានថ្លែងទៀតថា៖ «ការបង្កើនពាណិជ្ជកម្មនិង​ទេសចរណ៍តែមួយមុខ នឹងមិនគ្រប់គ្រាន់ដើម្បីជួយកម្ពុជាឱ្យ​មាននិរន្តរភាពកំណើនសេដ្ឋកិច្ចខ្ពស់នោះទេ»

លោកថា កម្ពុជាដែលធ្លាប់តែផ្ដោតលើការផលិតនិង​ការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និង​ស្បែកជើង អាចទទួលបានអត្ថប្រយោជន៍ពីការធ្វើពិពិធកម្មនៃឧស្សាហកម្មធុនស្រាល ដូចជា កង់ គ្រឿងបន្លាស់ អេឡិចត្រូនិច និង​ផលិតផលខ្សែភ្លើង ជាដើម ហើយ​​ការ​ធ្វើពិពិធកម្មនេះនឹងធ្វើឱ្យ​សេដ្ឋកិច្ចមានភាពធន់នឹងវិបត្តិនានានៃតម្រូវការក្រៅស្រុក។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែល បច្ចុប្បន្ន ADB កំពុងអនុវត្តគម្រោងវិនិយោគចំនួន២,៣ពាន់​លាន​ដុល្លារ​នៅកម្ពុជា។ សម្រាប់ឆ្នាំ២០២១ ADB បានអនុម័តផ្ដល់ប្រាក់កម្ចី និង​ជំនួយ​ឥតសំណង​ចំនួន៣២៧,១​លាន​ដុល្លារ ហើយ​បាន​កៀរគរថវិកាបន្ថែមចំនួន៥លានដុល្លារ តាមរយៈសហហិរញ្ញប្បទានសម្រាប់ប្រទេសកម្ពុជា។

ថវិការបស់ ADB ដែលត្រៀមសម្រាប់កម្ពុជាក្នុងឆ្នាំ២០២២-២០២៥ រួមមាន កម្ចី​សម្បទានចំនួន១,៤៤ពាន់លានដុល្លារ និងជំនួយឥតសំណងចំនួន៣៧លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការងើបឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ