ប្រធានាធិបតី​ស្រីលង្កា​នឹង​មិន​ចុះចេញ​ពី​តំណែង​ឡើយ បើ​ទោះ​ជា​មាន​ការតវ៉ា​ក្នុង​ប្រទេស

ប្រធានាធិបតីស្រីលង្កា លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa)។ (ហ្វេសប៊ុក៖ Gotabaya Rajapaksa)

រដ្ឋមន្ត្រីនៃប្រទេសស្រីលង្កាមួយរូប បានបញ្ជាក់ឱ្យដឹងនៅថ្ងៃពុធម្សិលមិញថា លោកប្រធានាធិបតី ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) នឹងមិនលាលែងពីតំណែងឡើយ បើទោះបីជាមានបាតុ​កម្ម​តវ៉ានានា​កើតឡើងក្នុងប្រទេស ប្រឆាំងនឹងវិធានការក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ប្រទេសនេះ និងស្របពេលដែលក្រុមគ្រូពេទ្យបានធ្វើការតវ៉ាតាមដងផ្លូវ ជុំវិញការធ្លាក់ចុះនៃវិស័យ​សុខាភិបាលយ៉ាងណាក៏ដោយ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

លោកប្រធានាធិបតី Gotabaya Rajapaksa ដែលគ្រប់គ្រងប្រទេសចាប់តាំងពីឆ្នាំ២០១៩ រួមនឹងសមាជិកគ្រួសារផ្សេងទៀតនៅក្នុងមុខតំណែងកំពូលៗ កាលពីថ្ងៃអង្គារ ក៏បានសម្រេចលុបចោលការប្រកាសដាក់ប្រទេសក្នុងភាពអាសន្នដែលខ្លួនបានដាក់ចេញកាលពីសប្ដាហ៍មុនផងដែរ ខណៈដែលសមាជិកសភារាប់សិបនាក់បានសម្រេចចាកចេញពីសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលចម្រុះស្រីលង្កាដែលកំពុងកាន់អំណាច។

គួរបញ្ជាក់ថា ប្រជាជនស្រីលង្កាទាំងឡាយបានទទួលរងនូវការខ្វះខាតប្រេងឥន្ធនៈ ថាមពល អាហារ ឱសថ និងរបស់របរផ្សេងៗទៀតអស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ ខណៈដែលក្រុមគ្រូពេទ្យក៏បានព្រមានពីប្រព័ន្ធសុខាភិបាលទាំងមូលដែលអាចនឹងដួលរលំនាពេលខាងមុខផងដែរ។

ទាក់ទិននឹងករណីនេះ បាតុកម្មនានាតាមដងផ្លូវបានចាប់ផ្ដើមកាលពីខែមុន និងវិវត្តកាន់តែខ្លាំងឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលក្នុងនោះប្រជាពលរដ្ឋបានចេញមកតវ៉ា ដើម្បីទាមទារឱ្យលោកប្រធានាធិបតី Gotabaya Rajapaksa ចុះចេញពីតំណែង។

ទោះជាយ៉ាងណា រដ្ឋមន្ត្រីរបស់ប្រទេសស្រីលង្កាមួយរូប​​ លោក Johnston Fernando បានថ្លែងនៅក្នុងសភាជាការឆ្លើយតបទៅនឹងការរិះគន់ពីក្រុមប្រឆាំងថា៖ «ខ្ញុំសូមធ្វើការក្រើនរំលឹកឡើងវិញថា មានមនុស្សជិត៧លាននាក់បានបោះឆ្នោតឱ្យលោកប្រធានាធិបតី»។

រដ្ឋមន្ត្រីដដែលនេះបន្តថា៖ «ក្នុងនាមជារដ្ឋាភិបាលមួយ យើងសូមធ្វើការបញ្ជាក់ឱ្យបានច្បាស់ថា លោកប្រធានាធិបតីនឹងមិនលាលែងពីតំណែងនោះទេ បើទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ យើង​នឹងប្រឈមមុខនឹងបញ្ហានេះ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ