រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​ ថ្កោលទោស​ចំពោះ​ការ​សម្លាប់​ជនស៊ីវិល ​នៅ​អ៊ុយក្រែន​

មន្ត្រីជាន់ខ្ពស់នៃសមាជិកអាស៊ាន ថតរូបជុំជាក្រុមក្នុងពេលប្រជុំនៅទីក្រុងញ៉ាត្រាង ប្រទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០២០។ (sean2020.vn)

រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​គ្នា​មួយ នៅ​ថ្ងៃទី៨ ខែមេសានេះ ថ្កោលទោស​ចំពោះ​ការ​សម្លាប់​ជនស៊ីវិល​នៅក្នុង​ប្រទេស​អ៊ុយក្រែន។

សេចក្តី​ថ្លែងការណ៍​បន្តថា រដ្ឋមន្ត្រីការបរទេស​អាស៊ាន​គាំទ្រ​ការអំពាវនាវ​របស់​អគ្គលេខាធិការអង្គការសហប្រជាជាតិដែលស្នើឱ្យមានការស៊ើបអង្កេត​ដោយ​ឯករាជ្យមួយលើការប្រព្រឹត្តអំពើឃោរឃៅទាំងឡាយលើជនស៊ីវិលស្លូតត្រង់ រួមទាំងនៅក្នុង​ទីក្រុង​ប៊ូ​ចា (Bucha) ផងដែរ ដើម្បីជៀសវាងករណីទាំងនេះពីការ​កើតឡើង​សារជាថ្មីទៀតនាពេលខាងមុខ និងដើម្បីគោរពដល់យុត្តិធម៌។

រដ្ឋមន្ត្រីការបរទេសអាស៊ាន បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃច្រករបៀងមនុស្សធម៌នានា ដើម្បីអនុញ្ញាតឱ្យមានការដឹកជញ្ជូនប្រកបដោយ​សុវត្ថិភាពនៃ​ជំនួយ​មនុស្សធម៌ទាំង​ឡាយទៅកាន់អ៊ុយក្រែន និងអំពាវនាវយ៉ាងដាច់អហង្ការឱ្យមានកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគី និងសហគមន៍អន្តរជាតិ​ទាំងឡាយ ដើម្បី​រួម​គ្នា​បញ្ឈប់ការប៉ះទង្គិចគ្នាដែលកាន់តែធ្ងន់ធ្ងរ និងបង្កើនការខិតខំប្រឹងប្រែងលើការបញ្ចប់ជម្លោះ ខណៈដែលករណីនេះនឹងមិនផ្ដល់អ្វីក្រៅ​ពីការ​បង្ហូរឈាម​នោះទេ។

រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានក្រើនរំលឹកសារជាថ្មីនូវការអំពាវនាវរបស់ខ្លួន ឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយ ឬការបញ្ចប់​សង្រ្គាម ហើយថា មានតែ​ការ​បន្តកិច្ចសន្ទនានយោបាយដ៏ទូលំទូលាយប៉ុណ្ណោះដែលអាចនឹងនាំ​ទៅរកសន្តិភាពប្រកបដោយនិរន្តរភាព​នៅអ៊ុយក្រែន។

គិតរហូតមកដល់ពេលនេះ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានឈានចូលមកដល់សប្ដាហ៍ទី៦​ហើយ ដែលបានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់​ បានស្លាប់​បាត់បង់ជីវិត តំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក និងបង្កឱ្យមានជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរកើតឡើង ហើយក្នុងនោះមនុស្សរាប់លាននាក់​ក៏បាន​ភៀស​ខ្លួនចេញពីប្រទេសផងដែរ។

កាលពី​ថ្ងៃព្រហស្បតិ៍ មហា​សន្និបាត​អង្គការ​សហប្រជាជាតិ បានបោះឆ្នោត​ព្យួរ​រុស្ស៊ីចេញ​ពី​ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់​ខ្លួន ជុំវិញរបាយការណ៍នៃ «ការរំលោភ​បំពាន​ធ្ងន់ធ្ងរ និងជាប្រព័ន្ធ និង​ការរំលោភ​សិទ្ធិ​មនុស្ស»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ