អតីត​គ្រូពេទ្យ​ខេត្តប៉ៃលិន ពន្យារពេល​ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ពីបទ​«បរិហារកេរ្តិ៍»

លោក ខឹម មុនីកុសល ទៅយកដីការបណ្តេញចេញពីក្របខ័ណ្ឌមន្រ្តីរាជការ នៅការិយាល័យរដ្ឋបាលមន្ទីរសុខាភិបាលខេត្តប៉ៃលិន ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Khem Monykosal)

អតីតគ្រូពេទ្យខេត្តប៉ៃលិន លោក ខឹម មុនីកុសល ពន្យារពេលក្នុងការចូលខ្លួនទៅឆ្លើយបំភ្លឺនៅ​ចំពោះ​មុខ​សាលាដំបូងខេត្តប៉ៃលិន នៅថ្ងៃសុក្រនេះ ដោយសារមិនទាន់មានមេធាវីការ​ពារ​ក្ដី និង​មិនទាន់បានត្រៀមខ្លួនគ្រប់គ្រាន់។

យោងតាម​ពាក្យស្នើសុំពន្យារពេល​នេះ លោក ខឹម មុនីកុសល បានលើកឡើងហេតុផល​ថា មក​ពី​លោក​ទើបតែទទួលបានដីកាកោះហៅឱ្យចូលរួមក្នុងការសាកសួរ កាលពីថ្ងៃទី៥ ខែមីនា ដែល​មិនអាចធ្វើឱ្យលោកមានពេលវេលាគ្រប់គ្រាន់ដើម្បីឆ្លើយបំភ្លឺនោះឡើយ និងម្យ៉ាង​ទៀត ដោយសារលោកនៅមិនទាន់មានមេធាវីការពារក្ដីនៅឡើយដែរ។

លោក ខឹម មុនីកុសល អតីតគ្រូពេទ្យខេត្តប៉ៃលិន និងបច្ចុប្បន្នជាប្រធានក្រុមការងារគណបក្សភ្លើងទៀនប្រចាំខេត្តប៉ៃលិន ត្រូវបានព្រះរាជអាជ្ញាសាលាដំបូងខេត្តនេះ ចេញដីកាកោះ​ហៅ​ឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺនៅថ្ងៃទី៨ ខែមេសានេះ​ ដែលប្ដឹងដោយលោក ចេង តូ ប្រធាន​ភូមិវាលចែង ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ»។ ក្រៅពីនេះ លោកនៅប្រឈមមុខពាក្យបណ្ដឹងមួយទៀតដែលតុលាការបានកោះហៅលោកឱ្យទៅបំភ្លឺនៅថ្ងៃទី២០ ខែមេសា ពី​បទ «ញុះញង់ឱ្យមានការរើសអើង»។

លោក ខឹម មុនីកុសល ត្រូវបានអភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ បណ្ដេញចេញពីក្របខណ្ឌរដ្ឋជាមន្ត្រីសុខាភិបាលជាន់ខ្ពស់នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីលោកបានបង្ហោះសារនៅលើហ្វេសប៊ុករិះគន់មន្ត្រីស្ថាប័នពាក់ព័ន្ធដែលចុះប្រចាំការនៅមណ្ឌលចត្តាឡីស័កនៅមន្ទីរបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនថា «មិនបានជួយធ្វើការងារគ្រូពេទ្យខ្លះនោះទេ ប៉ុន្តែនាំគ្នាអង្គុយលេង Facebook ក្នុងតង់ និងថតរូបបង្អួតគេឯងទៅវិញ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ