កសិករ​ខេត្តប៉ៃលិន​មួយចំនួន​ប្រឈម​បញ្ហាជី ថ្នាំ សាំង ឡើងថ្លៃ ខណៈ​តម្លៃ​ផលិតផល​កសិកម្ម​ធ្លាក់ចុះ

លោក សន លីហេង ប្រជាកសិកររស់នៅភូមិសួស្ដី សង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន។ (សុខ ចន្ត្រាវុធ)

ប្រជាកសិករមួយចំនួននៅខេត្តប៉ៃលិន ស្នើឱ្យរដ្ឋាភិបាលជួយបញ្ចុះតម្លៃជី ប្រេងសាំង និងថ្នាំកសិកម្ម​ ដើម្បីធានាដល់ការផលិតរបស់ពួកគាត់ទទួលបានផលចំណេញខ្លះ មិនប្រឈមការខាតបង់បន្តទៀត ស្របពេលបច្ចុប្បន្ន តម្លៃស្វាយ និងដំឡូង តាង៉ែនឬមៀនប៉ៃលិន ជាដើមនោះ កាន់តែចុះថោកធ្វើឱ្យពលរដ្ឋជួបផលលំបាកក្នុងជីវភាពគ្រួសារ។

ប្រជាកសិកររស់នៅភូមិសួស្ដី សង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន លោក សន លីហេង បានឱ្យដឹងថា លោកប្រកបមុខរបរកសិកម្ម ដោយដាំស្វាយកែវរមៀត និងដំឡូង ក្នុងទំហំជាង១០ហិកតា។ លោកបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមុនការរីករាលដាលជំងឺកូវីដ-១៩ និងក្រោយ​ជំងឺកូវីដ-១៩នេះ លោកជួបផលលំបាកខ្លាំងរឿងតម្លៃជី​ និងថ្នាំកសិកម្ម ​ឡើងថ្លៃ ធ្វើឱ្យលោកពិបាកក្នុងការរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។

បញ្ហានេះ លោកស្នើទៅរដ្ឋាភិបាលជួយដោះស្រាយបញ្ហាប្រឈមនេះ ដើម្បីធានាដល់ការផលិតនូវផលិតផលកសិកម្មបានចំណេញខ្លះ មិនប្រឈមការខាតបង់បន្តទៀត។

លោកថា៖ «បើរាជរដ្ឋាភិបាល គាត់អត់ជួយរាស្ត្រកូនចៅអ៊ីចឹងទៀត ងាប់អស់ហើយ! ជីក៏ឡើង ជាពិសេសថ្នាំបាញ់ដំណាំថ្លៃមែនទែន ហើយប្រជាកសិកយើងភាគច្រើនធ្វើតែកសិកម្មដាំដំណាំ អត់មានមុខរបរខាងក្រៅទៀត ធ្វើតែអ៊ីចឹងងាប់ មានតែលក់ដីចោលស្រុក ហើយចំណាកស្រុកទៅថៃនោះឯង»។

កសិករដដែលបញ្ជាក់ថា ប៉ុន្មានឆ្នាំនេះ តម្លៃជី ប្រេង និងថ្នាំកសិកម្ម ជាដើម កាន់តែឡើងថ្លៃទ្វេដង ដោយថា កាលពីមុន ថ្នាំកសិកម្មមួយប៊ីដុងតម្លៃ៦ម៉ឺនរៀល ហើយបច្ចុប្បន្ន ឡើងរហូតដល់១២ម៉ឺនរៀល។ ដោយឡែក ជីកសិកម្មវិញ កាលពីមុនកូវីដ-១៩ តម្លៃក្រោម១០ម៉ឺនរៀល ប៉ុន្តែបច្ចុប្បន្នតម្លៃជាង១០ម៉ឺនរៀល​ក្នុងមួយបេ។

លោក សន លីហេង មើលឃើញថា កសិករគ្មានមុខរបរអ្វីក្រៅតែពី​ដាំស្វាយ ដំឡូង តាង៉ែនឬមៀនប៉ៃលិន ហើយបើទំនិញលើទីផ្សារឡើងថ្លៃ សាំង ជី និងថ្នាំកសិកម្មកាន់តែឡើងថ្លៃបែបនេះ ​ប្រជាកសិករកាន់តែប្រឈមបញ្ហាជីវភាពទ្វេដង ដោយមិនដឹងរំពឹងអ្វីនោះឡើយ។

លោកថា តម្លៃមៀនប៉ៃលិន ប៉ុន្មានឆ្នាំមុន មានតម្លៃចន្លោះ៣ ០០០រៀល ទៅ៥ ០០០រៀល ប៉ុន្តែបច្ចុប្បន្នធ្លាក់ចុះមកនៅប្រមាណ២ ០០០រៀលក្នុងមួយគីឡូក្រាមតែប៉ុណ្ណោះ។

ដោយឡែក ស្វាយកែវរមៀតវិញ មុនពេលកូវីដ-១៩ មានតម្លៃលើសពី១ ០០០រៀល ប៉ុន្តែបច្ចុប្បន្នធ្លាក់ចុះមកនៅត្រឹមចន្លោះពី១០០រៀល ទៅ៣ ០០រៀលតែប៉ុណ្ណោះ ដែលធ្វើឱ្យកសិករខ្លះទុកចោលឬយកទៅបោះចោលថែមទៀតផង។

លោកនិយាយថា៖ «រឿងស្វាយដូចសម្ដេចគាត់ធ្លាប់ប្រកាសខ្លួនគាត់ហើយ ថាមានសេដ្ឋកិច្ច មានហាងឆេង [ទីផ្សារ] ឥលូវស្វាយមួយគីឡូមួយរយហា[១៥០រៀល] គ្មាននរណាគេទិញផង! ហើយអ្នកចម្ការដូចពួកខ្ញុំ មានតែសូមឱ្យដំឡូង​ ស្វាយ វាឡើងថ្លៃហ្នឹងឯង។ ហើយសូមស្នើថ្នាំហ្នឹង កុំឱ្យវាឡើងថ្លៃពេក បើឡើងថ្លៃពេក ប្រជាពលរដ្ឋដាច់បាយហើយ»។

គិតត្រឹម​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ តម្លៃប្រេងម៉ាស៊ូត៥ ៥៥០រៀលក្នុងមួយលីត្រ ប្រេងឥន្ធនៈធម្មតាតម្លៃ៥ ៦៥០រៀលក្នុងមួយលីត្រ និងប្រេងឥន្ធនៈស៊ូពែតម្លៃ៦ ២០០រៀល ទៅ៦ ៣៥០រៀល ក្នុងមួយលីត្រ។ ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អះអាងថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជាហក់ឡើងថ្លៃខ្ពស់ ដោយសារសង្គ្រាមនៅប្រទេសអ៊ុយក្រែនជាមួយរុស្ស៊ី ហើយលោកក៏សុំការយោគយល់ពី​ពលរដ្ឋជុំវិញបញ្ហានេះផងដែរ។

ទោះបីជាយ៉ាងនេះក្ដី ប្រជាកសិករនៅខេត្តប៉ៃលិនម្នាក់ទៀត លោក ជីង សំ ​ឱ្យដឹងថា លោកមានដីជិត៥ហិកតា មានដាំស្វាយចន្ទី ដំឡូង ពោត ដោយត្រូវការចំណាយថវិកាច្រើន ហើយអាចនឹងប្រឈមបញ្ហាច្រើន ប្រសិនបើមិនទទួលបានជោគជ័យ។

លោកបន្តថា ​ការប្រកបមុខរបរកសិកម្ម លោកបានខ្ចីលុយមីក្រូហិរញ្ញវត្ថុជាង​១ម៉ឺនដុល្លារ ដើម្បីយកមកដាំដំណាំទាំងនេះ ហើយបើមុខរបរនេះបរាជ័យលោកត្រូវប្រឈមបញ្ហាគ្មានថវិកាសងទៅម្ចាស់បំណុលឡើយ។

លោក ជីង សំ ប្រជាកសិករម្នាក់រស់នៅខេត្តប៉ៃលិន។
លោក ជីង សំ ប្រជាកសិករម្នាក់រស់នៅខេត្តប៉ៃលិន។ (សុខ ចន្ត្រាវុធ)

លោកថា៖ «ខ្ញុំមានជាសំណូមពរ ទី១ ជីរកុំឱ្យឡើងថ្លៃពេក ហើយទី២ ជាពិសេសថ្នាំបាញ់ការពារសត្វល្អិតនេះ បច្ចុប្បន្នឡើងទ្វេ កាលពីមុនតម្លៃត្រឹមតែ៦ម៉ឺនទៅ៧ម៉ឺនរៀល ឥលូវឡើងដល់១២ម៉ឺន [១២០ ០០០រៀល] ទៅ១៣ម៉ឺន [១៣០ ០០០]។ ហើយប្រជាជនទៅធ្វើដោយដៃផ្ទាល់មិនបានទេ ចង់និយាយថាធ្វើដោយដៃធ្វើមិនហើយទេ ព្រោះចម្ការគាត់មានរហូតដល់១ហិកតា សំខាន់ជាងគេថ្នាំហ្នឹងហ្មង! ហើយពេលខ្លះ មិនហ៊ានតវ៉ា [ទៅខាងរដ្ឋាភិបាល] ដោយសារសម័យកូវីដ-១៩ យើងចេះតែទ្រាំៗទៅ។ ជួបឧបសគ្គរឿងកូវីដ-១៩ អ៊ីចឹងម្នាក់ៗ [ប្រជាកសិករ] នៅស្ងៀម មានអីហូប ហូបហ្នឹងសិនទៅ ប៉ុន្តែម្នាក់ៗគឺសេដ្ឋកិច្ចគឺចុះទាំងអស់គ្នាហ្នឹងហើយ»។

ដោយឡែក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន លោក សាយ​ សុផាត មិនបានឆ្លើយតប​ការស្នើសុំរបស់ប្រជាកសិករនោះទេ ដោយលោកឆ្លើយយ៉ាងខ្លីថា «រវល់ជិះម៉ូតូ ស្តាប់អត់បានទេ»។ ​

ទាក់ទងបញ្ហានេះ មេភូមិសួស្តី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន អ្នកស្រី ប៉ែន ចាន់ថន មានប្រសាសន៍ថា ការស្នើឱ្យសុំរបស់ប្រជាកសិករពាក់ព័ន្ធនឹងតម្លៃជី​ ថ្នាំកសិកម្ម និងកង្វះទីផ្សារនេះ អ្នកស្រីធ្លាប់បានយកបញ្ហានេះទៅជជែកក្នុងអង្គប្រជុំថ្នាក់ក្រុងប៉ៃលិនដែរ។

អ្នកស្រីបន្តថា វាជារឿងពិតដែលប្រជាកសិករប្រឈម​បញ្ហាទាំងនេះ​។

លោកស្រីនិយាយថា៖ «ឥលូវជី​ ថ្នាំឡើងថ្លៃយ៉ាងៗនេះ ខ្ញុំមិនដឹងថាជួយយ៉ាងម៉េចទេ! បើខាងថ្នាក់លើ គាត់ដឹងដែរ អារឿងជី​ថ្នាំវាឡើង។ កសិករយើងយកមកប្រើប្រាស់ គាត់ប្រឈមបញ្ហាហ្នឹងខ្លាំង ដូចជាថ្នាំសម្លាប់ស្មៅ និយាយរួម សរុបរួមខាងផ្នែកកសិកម្ម ថ្លៃ! កម្លាំងពលកម្មយើង ជួលគេក៏ថ្លៃ ជី​ក៏ថ្លៃ ថ្នាំក៏ថ្លៃ ហើយយើងជួលកម្មករដក[ដំឡូង] ដឹកឡាន ទាំងអាត្រាក់ភ្ជួរអីទាំងអស់ ថ្លៃទាំងអស់! បើគិតឱ្យដល់ វាអត់មានផលចំណេញអីទេក្នុងមួយឆ្នាំៗ»។

​ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន មានប្រសាសន៍ថា បញ្ហាទីផ្សារកសិកម្មនៅកម្ពុជាមិនមែនជារឿងថ្មីសម្រាប់ប្រជាកសិករនោះទេ ដោយថាកើតមានជាង៣០ឆ្នាំមកហើយ​។ លោកបន្តថា ក្រសួងកសិកម្ម អាជ្ញាធរ​មូលដ្ឋាន ​ត្រូវតែស្វែងរកយុទ្ធសាស្រ្ត និងវិធីសាស្រ្តបង្កើតវត្ថុធាតុដើមក្នុងស្រុក ដើម្បីសម្រួលដល់ប្រជាកសិករ ជាជាងនាំផលិតផលពីក្រៅប្រទេស។

លោកមានប្រសាសន៍ថា៖ «រដ្ឋត្រូវតែគិតរកយុទ្ធសាស្រ្ត និងដាក់នូវវិធីសាស្រ្តការជួយដល់កសិករ ជាពិសេសគឺត្រូវតែធ្វើយ៉ាងម៉េចរៀបចំយុទ្ធសាស្រ្តក្នុងការបង្កើតនូវដើមទុន ឬក៏វត្ថុធាតុដើមក្នុងស្រុក ពិសេសដូចជាជី​ សម្ភារកសិកម្ម ថ្នាំបាញ់ ត្រូវតែលើកទឹកចិត្តឱ្យមានការផលិត និងបង្កើនការផ្គត់ផ្គង់សម្រាប់ក្នុងស្រុក ដើម្បីចៀសវាងនូវការនាំចូលប្រទេសជិតខាង មានតម្លៃថ្លៃ ហើយពន្ធរឹតតែថ្លៃទៀត ធ្វើឱ្យតម្លៃនៃការលក់ទៅដល់ដៃប្រើប្រាស់របស់បងប្អូនប្រជាកសិកររឹតតែថ្លៃ»។

​មេភូមិសួស្ដី អ្នកស្រី ប៉ែន ចាន់ថន បញ្ជាក់ថា ប្រជាកសិករនៅភូមិនេះមានចំនួនសរុប៥០គ្រួសារ និងមានទំហំដីកសិកម្ម​១ ៧០០ហិកតា។ ក្នុងចំណោមដីទាំងនោះ ​ផ្ទៃដីកសិកម្មដាំស្វាយកែវរមៀត៦០ហិកតា ដំឡូងមី៣២០ហិកតា តាង៉ែនឬមៀនប៉ៃលិន១១០ហិកតា កៅស៊ូ១៥ហិកតា ស្វាយចន្ទី១០៨ហិកតា និងដាំណាំផ្សេងៗទៀតផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ