មន្ត្រីថា កង្វះ​កន្លែង​ទារកដ្ឋាន​នៅ​តាម​រោងចក្រ​កាត់ដេរ​ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​កុមារ​ខ្វះ​អាហារូបត្ថម្ភ

កម្មការិនីរោងចក្រ វ៉ាយ&ដាប់បែលយូ (Y&W) ចេញមកទិញម្ហូបអាហារពេលថ្ងៃត្រង់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

មន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា កង្វះកន្លែងទារកដ្ឋាននៅតាមបណ្ដារោងចក្រកាត់ដេរជាផ្នែកមួយ​ធ្វើឱ្យកុមារបញ្ហាសុខភាព និ​ងខ្វះអាហារូបត្ថម្ភ។

ថ្លែងក្នុងសិក្ខាសាលាមួយស្ដីពី «ការចូលរួមរបស់ជីដូនក្នុងគម្រោងអភិវឌ្ឍន៍សុខុមាលភាពរបស់កុមារនៅកម្ពុជា»​ នៅសណ្ឋាគារ​ហ៊ីម៉ាវ៉ា​រី នៅ​ថ្ងៃ៧​ ខែមេសា​ ម្សិលមិញ​នេះ ប្រធានកម្មវិធីអាហារូបត្ថម្ភជាតិ នៃក្រសួង​សុខាភិ​បាល លោកស្រី ជា ម៉ារី មានប្រសាសន៍ថា បច្ចុប្បន្ននេះ កន្លែងទារកដ្ឋាននៅតាមបណ្ដារោងចក្រកាត់ដេរ គឺមានចំនួនតិចតួចប៉ុណ្ណោះ។

មន្ត្រីសុខាភិបាលរូបនេះឱ្យដឹងថា ក្នុងចំណោមរោងចក្រកាត់ដេរ​ចំនួន២៦៦រោងចក្រ គឺ​មានរោងចក្រតែ៤៣​ ឬស្មើ១៩ភាគរយប៉ុណ្ណោះ ដែលមានមណ្ឌលថែទាំសុខភាព​កុមារ​នៅក្នុងនិង​ក្បែរ​រោង​ចក្រ ដែលបញ្ហា​នេះបានធ្វើឱ្យកម្មករជាស្ត្រីដែល​មានកូន​តូចៗត្រូវ​ទុក​កូន​ឱ្យ​ជីដូន​មើលថែ​ជំនួសនៅផ្ទះ ហើយ​ខក​ខានដល់​ការផ្ដល់ចំណីអាហារ និងការបំបៅដោះកូនដោយទឹកដោះម្ដាយ។

លោកស្រីបន្ថែមថា៖ «នៅពេលដែលគ្រួសារពឹងផ្អែកលើប្រាក់ចំណូលបានមកពីរោងចក្រ វា​នាំឱ្យការ​ផ្ដល់ចំណីអា​ហារ និងការបំបៅដោះកូនដោយទឹកដោះម្ដាយមិនបានគ្រប់គ្រាន់។ យើងដឹងហើយថា ចំណុចបំបៅ​ដោះកូន​ដោយ​ទឹកដោះម្ដាយនេះ គឺជាចំណុចសំខាន់បំផុតពាក់ព័ន្ធទៅ១០០០ថ្ងៃនៃកំណើតរបស់ទារកហ្នឹង។ បើសិនជាយើងខកខានត្រង់ចំណុចនេះ​ វានឹងនាំឱ្យមាន​កង្វះអាហារូបត្ថម្ភច្រើននៅកម្ពុជា»

លោកស្រី ជា ម៉ារី បន្ថែមថា ដោយសារតែការអនុវត្តគោលនយោបាយលំហែមិត្តភាពនៅកម្ពុជានៅមានកម្រិតនោះ បានធ្វើឱ្យស្ត្រីជាកម្មករកាត់ដេរទើបសម្រាលកូន ប្រញាប់ប្រញាល់ចូលទៅបំពេញការងារវិញ ក្រោយ​ពួកគេសម្រាលកូនបានត្រឹមតែរយៈពេល​២ទៅ៣ខែ។ អ្នកស្រីថា តាមគោលនយោបាយ គឺតម្រូវឱ្យមានការបំបៅដោះកូនដោយទឹកដោះម្ដាយរយៈពេល​៦ខែ ក្រោយសម្រាលរួច និងបន្តបន្ទាប់ទៀត។

លោកស្រីបន្ថែមថា៖ «តាមគោលនយោបាយ អ្វីដែលយើងចង់បានបំផុតនោះ គឺការបំបៅដោះកូនដោយទឹកដោះម្ដាយសុទ្ធតាំងដំណាក់កាលនៅមន្ទីរពេទ្យ និងបន្តបៅដល់៦ខែ។ ប៉ុន្តែអ្វីដែលយើងបារម្ភខ្លាំងនោះ គឺរយៈពេល៦ខែនោះ ​គាត់​ធ្វើអត់​បាន ហើយធ្វើឱ្យប៉ះពាល់ច្រើនដល់សុខភាពរបស់ទារក»

កម្មការិនីម្នាក់បម្រើការងារនៅរោងចក្រកាត់ដេរ តៃអ៊ីហ្ស៊ី ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ អ្នកស្រី ឡា ណាត និយាយ​ថា រោងចក្រនេះពុំមានទារកដ្ឋាន ឬមណ្ឌលថែទាំកុមារឡើយ។ កម្មការិនីរូបនេះបន្តថា អ្នក​ស្រីនិង​ស្វាមីធ្វើការ​នៅ​រោងចក្រជាមួយគ្នា ដោយទុកកូន​ឱ្យ​ម្ដាយអ្នកស្រីជាអ្នកមើលថែជំនួសនៅផ្ទះ។

អ្នកស្រីបន្ថែមថា៖ «បើរោងចក្រគេបង្កើតឱ្យមានទារកដ្ឋាន​ វាល្អហើយ ប៉ុន្តែខ្ញុំប្រហែលមិនយកកូនមកដាក់​ទេ​ ដោយសារខ្ញុំមានម្ដាយខ្ញុំជាអ្នកមើលថែជំនួសហើយ ព្រោះអីពេលល្ងាចឡើង ខ្ញុំជិះឡានត្រលប់ទៅផ្ទះ​វិញ​ដែរ បានជួបជុំពួកគាត់ និងមើលថែគាត់ដែរ»

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ យល់ស្របចំពោះការលើកឡើងនេះ។ លោកថា បច្ចុប្បន្ននេះមានរោងចក្រមិនដល់១០ភាគរយនោះទេ ដែលបានរៀបចំឱ្យមានទារកដ្ឋាន ឬមណ្ឌលថែសុខភាព​សម្រាប់កុមារ។

លោកលើកឡើងថា បញ្ហានេះជាបន្ទុកនិងជាការទទួលខុសត្រូវរបស់ថៅកែ។

លោកបន្ថែមថា៖ «ហើយទារកដ្ឋាន បើមាន ក៏អត់មាន​អ្នកផ្ញើ​កូន​ដែរ ព្រោះវាអត់បានរៀបចំឱ្យមានសម្ភារ មានពេទ្យប្រចាំការនៅហ្នឹងផង! ជាគោលការណ៍ គឺក្រុមហ៊ុនជាអ្នកទទួលខុសត្រូវ​ក្នុងការរៀបចំឱ្យមានទារកដ្ឋាន មានពេទ្យប្រចាំការ អ្នកមើលថែក្មេង សម្ភារក្មេងលេងគ្រប់គ្រាន់ គេអាចផ្ញើបាន គេផ្ញើហើយ»

វីអូឌី មិនអាចសុំការឆ្លើយតប​ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានទេ​ ពាក់ព័ន្ធករណីនេះ។

របាយការណ៍​របស់​អង្គការ​ទស្សនៈ​ពិភពលោក​ បាន​ឱ្យដឹង​ថា ប្រហែល៨០​​ភាគរយ​នៃ​ស្ត្រី​នៅ​កម្ពុជា ​មាន​ភាពមមាញឹក​នៅក្នុង​ដំណើរ​សេដ្ឋកិច្ច​​របស់​​ជាតិ ដែលជា​អត្រា​ខ្ពស់បំផុត​មួយ​នៅក្នុង​ពិភពលោក ក្នុងនោះ ​កន្លែង​ការ​ងារ​​ជាង៦០០ ០០០​កន្លែងនៅក្នុង​ឧស្សាហកម្ម​កាត់ដេរ មាន​អ្នកកាន់កាប់ការងារជាស្ត្រី៨៥​​ភាគរយ ហើយ៥៧ភាគរយជា​ស្ត្រី​ដែលមាន​អាយុ​ចន្លោះ​ពី២០ឆ្នាំទៅ៣៤ឆ្នាំដែលជា​វ័យ​បង្កើតកូននិង​ថែទាំ​កូន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ