រុស្ស៊ី​សម្រេច​ចាកចេញ​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស បន្ទាប់ពី UN បោះឆ្នោត​ព្យួរ​សមាជិកភាព​របស់ខ្លួន

សន្និបាតអង្គការសហប្រជាជាតិ ស្ដីពីការបោះឆ្នោតព្យួរសមាជិកភាពរបស់រុស្ស៊ីក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្រោយពេលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ United Nations)

មហា​សន្និបាត​អង្គការ​សហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបោះឆ្នោត​ព្យួរ​រុស្ស៊ីចេញ​ពី​ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់​ខ្លួន ជុំវិញរបាយការណ៍នៃ «ការរំលោភបំពានធ្ងន់ធ្ងរ និងជាប្រព័ន្ធ និង​ការរំលោភ​សិទ្ធិ​មនុស្ស» ដែលករណីនេះ​ជំរុញ​ឱ្យ​រុស្ស៊ី​សម្រេច​ចាក​ចេញ​ពី​​ស្ថាប័ន​​សិទ្ធិ​​មនុស្សមួយនេះតែម្ដង។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

អង្គការសហប្រជាជាតិ បានបើកអង្គសន្និបាតមួយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ​ ដើម្បី​បោះឆ្នោត​ស្ដីពី​ការព្យួរ​​សមាជិកភាព​រុស្ស៊ី​ពី​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស ដែលក្នុងនោះមាន ៩៣​ប្រទេស ផ្ដល់​សំឡេង​​គាំទ្រ ​២៤ប្រទេស​​ប្រឆាំង និង ​៥៨​ប្រទេស​​បាន​​បោះឆ្នោត​អនុប្បវាទ ដោយការសម្រេចចិត្តចុងក្រោយ គឺ​ផ្អែកលើ​សំឡេង​ភាគច្រើន ២ភាគ៣ នៃប្រទេសសមាជិក​ទាំងអស់ចំនួន១៩៣ប្រទេសរបស់អង្គការសហប្រជាជាតិ។

ទាក់ទិននឹងករណីនេះ ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៊ីប្រចាំ​អង្គការសហប្រជាជាតិ លោក Gennady Kuzmin ក៏បានថ្លែងឱ្យដឹងបន្ទាប់ពីការបោះឆ្នោត ដោយបានចាត់ទុកចំណាត់ការនេះថាជាសកម្មភាពមួយដែល​មិន​ស្រប​ច្បាប់ និង​ធ្វើឡើងក្រោមហេតុផលនយោបាយ បន្ទាប់មកលោក​​ក៏បានប្រកាសពីការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការចាកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សមួយនេះផងដែរ។

គួរបញ្ជាក់ថា រុស្ស៊ីក៏បានធ្វើការព្រមានដល់ប្រទេសនានា​មុនអង្គសន្និបាតថា រាល់ការបោះឆ្នោតគាំទ្រ ឬអនុប្បវាទ នឹងត្រូវបានចាត់ទុកថាជាកាយវិការមួយដែលបង្ហាញពីការមិនរាប់អានខ្លួន ដែល​អាច​នឹងបង្ក​ជាផលវិបាកសម្រាប់ទំនាក់ទំនងទ្វេភាគីផងដែរ។

គិតរហូតមកដល់ពេលនេះ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានឈានចូលមកដល់សប្ដាហ៍ទី៦​ហើយ ដែលបានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់​ បានស្លាប់បាត់បង់ជីវិត តំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក និងបង្កឱ្យមានជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរកើតឡើង ហើយក្នុងនោះមនុស្សរាប់លាននាក់ក៏បានភៀសខ្លួនចេញពីប្រទេសផងដែរ។

ទោះជាយ៉ាងណា រុស្ស៊ីធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា សកម្មភាពរបស់ខ្លួននេះ គឺជាការអនុ​វត្ត «ប្រតិបត្តិការយោធាពិសេសមួយ» ដើម្បីបញ្ឈប់រដ្ឋាភិបាលអ៊ុយក្រែនពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំង​នឹងប្រជាជនរបស់ខ្លួន ខណៈដែលការចោទប្រកាន់នេះត្រូវបានប្រទេស​លោកខាងលិច​​ចាត់ទុកថា​ ជាការ​លើកឡើងដោយ​គ្មានមូលដ្ឋានច្បាស់លាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ