សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​សិក្សា​ឱ្យ​ស៊ីជម្រៅ​មុន​អនុម័ត​ច្បាប់​ស្តី​ពី «ការ​ពរ​ពោះ​ជំនួស»

ស្ដ្រីមានផ្ទៃពោះ មកទទួលសេវាសម្រាលកូននៅមណ្ឌលសុខភាព ស្រុករមាសហែក

សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​ការពារ​សិទ្ធិមនុស្ស​យេនឌ័រ និង​ការ​អភិវឌ្ឍន៍ ទាមទារ​ឱ្យ​រដ្ឋាភិបាល​សិក្សា​ឱ្យបាន​ស៊ីជម្រៅ​លើ​ច្បាប់​ស្តីពី «ការពរ​ពោះជំនួស» មុន​នឹង​អនុម័ត ដោយបារម្ភ​ពី​ផលប៉ះពាល់​លើ​ស្ត្រី​និង​កុមារ។

ការទាមទារនេះ ធ្វើឡើងក្រោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោក ស ខេង កាលពីថ្ងៃទី៧ ខែមេសាបានឯកភាពឱ្យស្ថាប័នពាក់ព័ន្ធលើកយកសេចក្តីព្រាងច្បាប់ ស្តីពី «ការពរពោះជំនួស» មកសិក្សាជាថ្មីឱ្យបានម៉ត់ចត់ មុននឹងអនុម័ត។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការ​ពារសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត គាំទ្រចំពោះការលើកឡើងរបស់លោក ស ខេង ដែលតម្រូវឱ្យស្ថាប័ន​ពាក់ព័ន្ធជជែក ពិគ្រោះយោបល់​ជាមួយអ្នកជំនាញឱ្យលម្អិត មានស្តង់ដារពាក់ព័ន្ធច្បាប់ ស្តីពី ការពរពោះជំនួស នេះមុនពេលអនុម័ត ដើម្បីចៀសវាងភាពចម្រូង​ចម្រាស់​នៅពេលអនុវត្ត។ លោកថា បើមិនដូច្នេះទេ វានឹងមានផលប៉ះពាល់ដល់ស្ត្រី និងកុមារ។

លោកថា៖ «យើងជាអង្គការសង្គមស៊ីវិល គឺយើងទៅទាមទារឱ្យមានការពិគ្រោះយោបល់ហើយនឹងការស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយពីគ្រប់ភាគីហើយនឹង​ពិនិត្យឡើងវិញដើម្បីកុំឱ្យច្បាប់ហ្នឹងដែលចេញទៅហើយវាក្លាយជាបញ្ហាចម្រូង ចម្រាស់ ដែលអនុវត្តន៍ទៅមានបញ្ហាមិនល្អនោះ»

នាយិការប្រតិបត្តិរបស់អង្គការយេនឌ័រ និងអភិវឌ្ឍដើម្បីកម្ពុជា (GADC) អ្នកស្រី អេង ចាន់ឌី យល់ថា ការដែលបង្កើតឱ្យមានច្បាប់គ្រប់គ្រងលើបញ្ហាអ្វីមួយ គឺជារឿងល្អ ប៉ុន្តែអាស្រ័យនឹងការពិគ្រោះរបស់អ្នកជំនាញប្រកបដោយតម្លាភាព និងគោរពគោលការណ៍សិទ្ធិមនុស្ស។

 
អ្នកស្រីបន្តថា អ្នកស្រីបានស្វែងយល់ពីសេចក្តីព្រាងច្បាប់ ស្តីពី ច្បាប់ការពរពោះជំនួសរបស់រដ្ឋាភិបាលកម្ពុជា ក្នុងនោះសេចក្តីព្រាងនោះមិនទាន់គ្របដណ្តប់​សម្រាប់ការប្រើប្រាស់បានសមស្របនៅឡើយទេ ពោលគឺនៅខ្វះខាតនៅចំណុចចម្បងមួយចំនួន។


យ៉ាងណាអ្នកស្រីថា គាត់បានកត់សម្គាល់ចំណុចមួយដែលលើកឡើងក្នុងសេចក្តីព្រាងច្បាប់នោះថា ស្ត្រីម្នាក់អាចស្ម័គ្រចិត្តពរពោះជំនួសស្ត្រីម្នាក់ទៀតដែល​ចង់បានកូន តែមិនមែនជាការពរពោះជាថ្នូរនឹងប្រាក់ ឬ ការធ្វើពាណិជ្ជកម្មនោះឡើយ។

អ្នកស្រីថា៖ «ខ្ញុំគាំទ្រទាក់ទងជាមួយនឹងគាត់ប្រើពាក្យថាត្រូវតែសិក្សាឱ្យបានម៉ត់ចត់ ពីព្រោះយើងមិនចង់ធ្វើច្បាប់ហ្នឹងមួយហើយៗមានការកែប្រែទៅ​ថ្ងៃក្រោយផ្សេង ឆាប់កែប្រែវិញ ឬក៏វាមិនបានឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋខ្មែរ ឬក៏វាមិនស្របទៅតាមស្តង់ដារសិទ្ធិមនុស្ស»

ចំណែក អគ្គលេខាធិការ គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងស្ត្រី (CEDAW) អ្នកស្រី ជឹម ចាន់នាង ចង់ឃើញរដ្ឋាភិបាលពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការពរពោះជំនួស ដើម្បីធ្វើយ៉ាងណាផ្តល់ផល និងភាពវិជ្ជមានដល់អ្នកពាក់ព័ន្ធ។

អ្នកស្រីថា៖ «គួរបើកឱ្យមានការសិក្សាឱ្យបានស៊ីជម្រៅពីផលប៉ះពាល់ដល់ស្រ្តី ឱ្យបានលម្អិតទៅ។ ហើយក៏ដូចជាពិគ្រោះយោបល់​ជាមួយនឹងខាងផ្នែកដែល​ពាក់ព័ន្ធឱ្យបានច្រើន មុននឹងធ្វើការអនុវត្តច្បាប់ហ្នឹងចេញមក»

នាយិកាប្រតិបត្តិ​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព យល់ថា រដ្ឋាភិបាលកម្ពុជាគួរតែមានការសិក្សាពីឬសគល់នៃបញ្ហាឱ្យមានប្រសិទ្ធភាព​ដើម្បីធ្វើយ៉ាងណាឱ្យមានការសម្រេចចិត្តដោយវិជ្ជមានសម្រាប់អ្នកពាក់ព័ន្ធ ជាជាងបង្កើតនូវកំហុស និងការសោកស្តាយនាពេលក្រោយ។


អ្នកស្រីថា៖ «យើងអាចពិនិត្យមើល សិក្សាពីប្រទេសគេ តើមានបច្ច័យអីយ៉ាងណា? ឬក៏មានការប្រឈមបែបណា! ដើម្បីឱ្យយើងមុននឹងការសម្រេចចិត្ត​ណាមួយហ្នឹង គឺស្របទៅតាមកាលៈទេសៈជាក់ស្តែង ហើយនឹងអាចធានានៅផលប្រយោជន៍របស់អ្នកពាក់ព័ន្ធ»

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោក ស ខេង ថ្លែងថា កម្ពុជាបានរៀបចំសេចក្តីព្រាងច្បាប់ស្តីពី​ការពរពោះជំនួសចប់សព្វគ្រប់តាំងពីអំឡុងឆ្នាំ ២០១៩ ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងកិច្ចការនារី។ យ៉ាងណា លោកថា ពេលនោះដោយសារជាច្បាប់នេះ​មានភាពថ្មីថ្មោងសម្រាប់កម្ពុជា ទើបលោកស្នើឱ្យផ្អាកមួយរយៈដើម្បីប្រើពេលវេលាសិក្សាឱ្យបានម៉ត់ចត់ជាងមុន។

លោក ស ខេង បន្តថា មកដល់ពេលនេះ លោកស្រី អ៊ឹង កន្ថាផាវី បានបញ្ជាក់ពីរបាយការណ៍ថា បានសិក្សាម៉ត់ចត់ជាងមុនហើយ និងអាចលើកមកជជែក​ជាថ្មី។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា៖ «ប៉ុន្តែទន្ទឹមនេះ ក៏សុំស្នើថា ឱ្យបន្តសិក្សាពីបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ក៏ដូចជាអន្តរជាតិ ដែលប្រទេសគាត់ធ្លាប់បានធ្វើ​រឿងហ្នឹង ប៉ុន្តែក្រោយមកគាត់លុបចេញ ចង់ដឹងមូលហេតុថាយ៉ាងម៉េចបានគាត់លុបចេញ! ដល់តែលុបចេញអញ្ចឹងទៅ សូមទោសខ្ញុំមិននិយាយប្រទេស​ណាទេ តែយើងដឹងថាប្រទេសណាខ្លះ ដល់តែលុបចេញអញ្ចឹងទៅ ពួកគាត់ហ្នឹងវាច្រាលមករក [សេវាពរពោះជំនួសនៅ] កម្ពុជាឯនែក»

បែបនេះក្តី ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោក ស ខេង ថា លោកបានឯកភាពលើកយកច្បាប់នេះមកសិក្សាបន្តឱ្យម៉ត់ចត់ ដើម្បីឈានដល់ការអនុញ្ញាតឱ្យចូលជាធរមាន។

រដ្ឋលេខាធិការ​ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង ថ្លែងថា ច្បាប់​ស្តីពី​ការពរពោះជំនួសនេះនៅមិនទាន់ផ្សព្វផ្សាយដល់មហាជន ដោយសារតែទាមទារឱ្យមានការសិក្សាឱ្យច្បាស់លាស់ជាមួយស្ថាប័នពាក់ព័ន្ធជាមុនសិន។ បច្ចុប្បន្ននេះ មានស្ថាប័នអយ្យការ ក្រសួងសង្គមកិច្ច និងស្ថាប័នមួយចំនួនទៀតដែលត្រូវសហការពិភាក្សាលើបញ្ហានេះ។

យ៉ាងណា អ្នកស្រីថា​ អត្ថន័យដើមដែលជំរុញឱ្យបង្កើតនេះ គឺដើម្បីការពារជនរងគ្រោះពីការពរពោះជំនួស ខណៈកន្លងមកតែងតែកំណត់ថាស្ត្រីជាអ្នករងគ្រោះ ប៉ុន្តែតាមការសិក្សាជាបន្តបន្ទាប់បង្ហាញថាស្រ្តីមែនជាជនរងគ្រោះទេ តែពួកគេជាអ្នកគប់គិតនៅក្នុងបទល្មើសជួញដូរមនុស្សគឺជួញដូរទារក ដោយប្រើប្រាស់ការ​មាន​ផ្ទៃពោះធ្វើជាមធ្យោបាយ។

អ្នកស្រីបន្តថា រដ្ឋាភិបាលកំពុងពិចារណាពីការបង្កើតច្បាប់កំណត់ដាក់ទោសទណ្ឌលើអ្នកពាក់ព័ន្ធពីការជួញដូរមនុស្ស មេក្លោង ឬជនដែលទាញយក​ផលប្រយោជន៍​ពី​ជនរងគ្រោះ ហើយថាតើនរណាជាអ្នករងគ្រោះ។

អ្នកស្រីថា៖ «មកដល់ពេលនេះ គឺយើងបានដឹងហើយថាអ្នកដែលរងគ្រោះពិតប្រាកដគឺជាទារកៗដែលនៅក្នុងផ្ទៃ ពីព្រោះទារកហ្នឹងគឺគាត់អត់មានដឹង​អីទាំងអស់ ហើយគេយកគាត់ទៅលក់ យកគាត់ទៅផ្លាស់ ប្ដូរអត្តសញ្ញាណ ឬមួយក៏មិនដឹងពីជោគវាសនារបស់ពួកគាត់ថាតើគេយកគាត់ទៅធ្វើអីផងនោះ។ ហើយគឺជាការនាំចេញពួកគាត់ហ្នឹងដោយខុសច្បាប់ដូចទំនិញអញ្ចឹង»

មន្ត្រីនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនៃក្រសួងមហាផ្ទៃរូបនេះថា ជាការកត់សម្គាល់ កម្ពុជាក៏ធ្លាប់បង្ក្រាបករណីពរពោះជំនួស​ដើម្បីធ្វើអាជីវកម្មលើកុមារដែរ ដោយកាលនោះប្រទេសថៃបានលុបច្បាប់ ស្តីពី ការពរពោះជំនួសនៅឆ្នាំ២០១៥ ក្រោយមកមានក្រុមហ៊ុនដែលធ្វើអាជីវកម្ម​ពរពោះជំនួសនៅប្រទេសថៃបានមកបើកទីតាំងនៅកម្ពុជា ទើបអាជ្ញាធរកម្ពុជាបង្ក្រាបបានកាលពីឆ្នាំ២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ