សង្គម​ស៊ីវិល​រិះគន់​ការ​ឧបត្ថម្ភ​គ្រឿង​ស្រវឹង​ដល់​មន្ត្រី​​ដែល​ជា​គំរូ​មិន​ល្អ​ដល់​សង្គម

ស្របៀរដែលជាអំណោយរបស់លោក អ៊ូច ភា គណៈអភិបាលខេត្តតាកែវ ដើម្បីឧបត្ថម្ភដល់កងកម្លាំងអធិការនគរបាលស្រុក ក្រុង ទូទាំងខេត្តតាកែវ ក្រោមវត្តមានលោក សៅ សារុន ស្នងការរងទទួលផែនការងារសេនាធិការ ដែលជាតំណាងលោក ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ កាលពីថ្ងៃទី៥ ខែមេសា ២០២២។ (ហ្វេសប៊ុក ហៃ ណារ័ត្ន)

មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា ការឧបត្ថម្ភគ្រឿងស្រវឹងដល់មន្ត្រីក្រោមឱវាទ ហើយបង្ហាញជាសាធារណៈ ​ជាគំរូមិនល្អសម្រាប់សង្គមជាតិ និងជាផ្នែកមួយធ្វើឱ្យមានការបញ្ហាប្រឈមជាច្រើនកើតឡើង ព្រមទាំងជាផ្នែកមួយមិនអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាននោះឡើយ។

ការលើកឡើងនេះ ​ក្រោយពេលអភិបាលខេត្តតាកែវ លោក អ៊ុច ភា​ កាលពីពេលថ្មីៗនេះ បានឧបត្ថម្ភ​ស្រាបៀរមួយប្រភេទ ចំនួន៤០០កេស ​ដល់កងកម្លាំងក្នុងខេត្តរបស់ខ្លួន។

បើតាមទំព័រហ្វេសប៊ុកឈ្មោះ ហៃ ណារ័ត្ន បានបង្ហោះរូបភាពជាសាធារណៈកាលពីថ្ងៃទី៥ ខែមេសា ដោយភ្ជាប់ជាមួយរូប លោក សៅ សារុន ស្នងការរងទទួលផែនការងារសេនាធិការ តំណាងលោក ឈាន ផាន់ណារ៉ា ស្នងការនគរបាលខត្តតាកែវ បានជួបសំណេះសំណាលសួរសុខទុក្ខ។ ក្នុងឱកាសនោះ លោកបានប្រគល់ស្រាបៀរគ្រុឌ ​ចំនួន៤០០កេស ដែលជាអំណោយឧបត្ថម្ភរបស់លោក អ៊ុច ភា ដើម្បីចែកជូនកម្លាំងអធិការដ្ឋាននគរបាលស្រុក-ក្រុង និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទាំង១០០ប៉ុស្តិ៍ សម្រាប់ត្រៀមជប់លៀងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខ​។

ដោយឡែកកាលពីថ្ងៃចុងខែកុម្ភៈ រដ្ឋបាលខេត្តកណ្តាលបានឱ្យដឹងថា រដ្ឋបាលខេត្តមួយនេះក៏ទទួលបានជំនួយឧបត្ថម្ភជាស្រាបៀរគ្រុឌ ជិត៥០០០កេស  (៤៧៥០) ពីឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈVattanac Brewery  Limited សម្រាប់ចែកជូនមន្ត្រីរបស់ខ្លួនទៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ និងភូមិនៅទូទាំងខេត្តផងដែរ។

ទាក់ទងបញ្ហានេះ ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក បណ្ឌិត ប៉ា ច័ន្ទរឿន មានប្រសាសន៍ថា កងកម្លាំងការពារ          សណ្តាប់ធ្នាប់សារធារណៈរបស់រដ្ឋ  ដែល​បង្ហាញរូបភាពភ្ជាប់ជាមួយគ្រឿងស្រវឹង​ ដើម្បីត្រៀមចែកជូនកងកម្លាំងសម្រាប់ត្រៀមជប់លៀងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខនេះ ជាគំរូមិនល្អដល់សង្គមជាតិទាំងមូលនោះទេ។ លើសពីនេះ ជាផ្នែកមួយមិនអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរបាននោះដែរ ។

លោកមានប្រសាសន៍ថា៖ «ការបង្ហាញ បង្ហោះរូបភាពជាវីដេអូក្តី រូបថតក្តីជុំវិញការផ្តល់អំណោយជាស្រាបៀរតាមរយៈអាជ្ញាធរ វាជាទិដ្ឋភាពអវិជ្ជមានដែលអាចជះឥទ្ធិពលអាក្រក់ទៅដល់ប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល ហើយទង្វើទាំងនេះមិនអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរ ឬក៏បញ្ហាផ្សេងៗនៅក្នុងសង្គមបានទេ »។

លោក ប៉ា ច័ន្ទរឿន ជំរុញទៅអាជ្ញាធរពាក់ព័ន្ធនៅតាមបណ្តារាជធានី-ខេត្តផ្សេងៗ គួរតែធ្វើជាគំរូល្អដូចអភិបាលខេត្តកំពង់ស្ពឺឱ្យរុះស្លាកប៉ាណូ​​គ្រឿងស្រវឹងចេញពីខេត្ត និងហាមិនឱ្យផ្សព្វផ្សាយគ្រឿងស្រវឹង ហើយ​អប់រំដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីការថែទាំសុខភាព កុំឱ្យសេពគ្រឿងស្រវឹង  ទើបកាត់បន្ថយគ្រោះថ្នាក់ចរាចរបានប្រសិទ្ធភាពខ្ពស់។

នាយក​ប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា លោក មុំ គង់ មានប្រសាសន៍ជាទូទៅថា ការផ្សផ្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ឬការឧបត្ថម្ភជាស្រាបៀរ តាមបណ្តាញផ្សព្វផ្សាយនានា ជាពិសេសអាជ្ញាធរដែលជាកម្លាំងសាធារណៈមិនត្រូវបង្ហាញការគាំទ្រនៅគ្រឿងស្រវឹងនោះទេ។

ករណីនេះលោកថា បើអាជ្ញាធររដ្ឋបង្ហាញការគាំទ្រនឹងធ្វើឱ្យមានការទាក់ទាញអ្នកប្រើប្រាស់កាន់តែច្រើន ហើយនាំឱ្យប៉ះពាល់ដល់សុខភាព អំពើហិង្សា រំលោភបំពានផ្លូវភេទ និងជំរុញឱ្យមានគ្រោះថ្នាក់ចរាចរជាដើម ។

លោក មុំ គង់ ផ្តល់ជាអនុសាសន៍ថា ដើម្បីកាត់បន្ថយបញ្ហា​ប្រឈមទាំងនោះឱ្យមានប្រសិទ្ធភាពខ្ពស់ លុះត្រាតែរដ្ឋាភិបាលពន្លឿនការអនុម័តច្បាប់ស្តីពីគ្រប់គ្រងគ្រឿងស្រវឹង។

លោកផ្តល់ជាអនុសាសន៍ថា៖ «សម្រាប់ខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋទូទៅដែរ ខ្ញុំចង់ឱ្យរដ្ឋាភិបាលមានការបង្កើតច្បាប់ ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹង កាត់បន្ថយអ្នកប្រើប្រាស់ ហើយច្បាប់នោះមិនមែនហាមឃាត់មិនឱ្យប្រជាពលរដ្ឋ​ផលិត ឬលក់ដូរ គ្រឿងស្រវឹងទេ ប៉ុន្តែយើងចង់ឱ្យទង្វើទាំងនេះប្រព្រឹត្តទៅក្នុងក្របខណ្ឌ​មួយដែលផ្តល់គ្រោះថ្នាក់តិចបំផុតដល់ប្រជាពលរដ្ឋ និងសង្គម»។

វីអូឌីមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ផាត សុផានិត និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានទេនៅរសៀលថ្ងៃអាទិត្យនេះ។

​សេចក្តីព្រាងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ដែលក្រសួងសុខាភិបាលរៀបចំឡើងកាលពីឆ្នាំ២០១៥ មាន១១ជំពូក និងមាន៣៩មាត្រា។ សេចក្តីព្រាងច្បាប់នេះ មាត្រា១ និងមាត្រា២ អះអាងថា រៀបចំឡើងក្នុងគោលបំណងនិងគោលដៅ ដើម្បីការពារសុខភាពសាធារណៈនិងកាត់បន្ថយទៅលើផលប៉ះពាល់សេដ្ឋកិច្ចនិងសង្គម។

លើសពីនេះ ដើម្បីលើកកម្ពស់ការយល់ដឹងនិងការចូលរួមរបស់សាធារណជនអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងស្រវឹង។ សេចក្តីព្រាងច្បាប់នេះ ក៏មានគោលដៅសហការជាមួយបណ្តាក្រសួង ស្ថាប័នជាតិ និងអន្តរជាតិ អង្គការដៃគូនានា ដើម្បីជំរុញការអប់រំនិងកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងនៅកម្ពុជា។   

ដោយឡែក មាត្រា៩ នៃសេចក្តីព្រាងច្បាប់នេះបញ្ជាក់ថា ផលិករក្នុងស្រុកនិងអ្នកនាំចូលគ្រឿងស្រវឹងគ្រប់ប្រភេទពីបរទេសសម្រាប់ចែកចាយ ឬលក់ដូរនៅក្នុងប្រទេស​អាចធ្វើទៅបាន លុះត្រាតែមានបោះពុម្ពឬបិទស្លាក​សញ្ញាស្តីពី ព័ត៌មានលម្អិតនៃកំហាប់ជាតិអេតាណុល សារធាតុពុល និងសារធាតុផ្សេងៗទៀត ដែលមាននៅក្នុងផលិតផលគ្រឿងស្រវឹងទាំងនោះ និងសារព្រមានសុខភាពនៅលើសំបកកំប៉ុង ប្រអប់ ឬដប ជាដើម។

ចំណែកមាត្រា១២វិញ ក៏បានហាមឃាត់ការលក់ដូរ ឬចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ ចំពោះជនដែលមានអាយុក្រោម២១ឆ្នាំ ស្ត្រីមានគភ៌ និងជនដែលស្ថិតនៅក្នុងស្ថានភាពស្រវឹងមិនអាចគ្រប់គ្រងខ្លួនឯងបានជាដើម។ 

សេចក្តីព្រាងច្បាប់ដដែលនេះ ក៏បានកំណត់ពីទោសទណ្ឌសម្រាប់អ្នកប្រព្រឹត្តខុសដែលអាចជាប់ពន្ធនាគារពី៦ថ្ងៃ ដល់ ៦ខែ និងពិន័យជាប្រាក់ពី១ ០០០ ០០០រៀល រហូតដល់២០ ០០០ ០០០​រៀល ហើយបើករណីមិនរាងចាលនឹងត្រូវអនុវត្តទោសទ្វេដងផងដែរ។

ទោះបីជាយ៉ាងនេះក្តី ក្រុមអង្គការសង្គមស៊ីវិលបានសម្តែងការសោកស្តាយ ត្បិតសេចក្តីព្រាងច្បាប់នេះមិនទាន់ចេញជារូបរាងឡើយ និងត្រូវបានរដ្ឋាភិបាលលុបចោលទៀតផងកាលពីឆ្នាំ២០១៩។  

កាលពីខែមិថុនា ឆ្នាំ២០១៩ ប្រធានគណបក្សយុវជនកម្ពុជា និងជាប្រធានប្ដូរវេនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ពេលនោះ លោក ពេជ្រ ស្រស់ ប្រាប់ VOD ថា ក្រសួងសុខាភិបាលបានសម្រេចលុបចោលសេចក្ដីព្រាងច្បាប់ត្រួតពិនិត្យគ្រឿងស្រវឹងហើយ។ លោកបញ្ជាក់ថា ក្រសួងបានដាក់បញ្ចូលសេចក្ដីព្រាងច្បាប់នេះ ទៅក្នុងច្បាប់មួយទៀតរបស់ក្រសួងពាណិជ្ជកម្មវិញ។ ដូច្នេះ លោកថា មិនមានសេចក្តីព្រាងច្បាប់គ្រប់គ្រងគ្រឿងស្រវឹងទៀតនោះឡើយ។

ក្រុមអ្នកឃ្លាំមើលសង្កេតឃើញថា ដោយសារមិនមានច្បាប់គ្រប់គ្រងគ្រឿងស្រវឹងនេះ ធ្វើឱ្យបញ្ហាផលិត និងប្រើប្រាស់គ្រឿងស្រវឹងនៅកម្ពុជា នៅតែជួបបញ្ហាប្រឈមជាច្រើនដូចជាពុលស្លាប់ជាបន្តបន្ទាប់ ការសេពគ្រឿងស្រវឹងលែងមានការទទួលខុសត្រូវ និងកាន់តែរីកសាយភាយខ្លាំងឡើង ពិសេសការផ្សព្វផ្សាយពីគ្រឿងស្រវឹងកាន់តែទូលំទូលាយ។ ក្នុងនោះក្មេងមិនទាន់គ្រប់អាយុក៏ត្រូវបានដើរតួនាទីជាអ្នកទិញគ្រឿងស្រវឹងជំនួសមនុស្សចាស់កាន់តែច្រើន និងបានសេព​ទាំងមិនទាន់គ្រប់អាយុជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ