រដ្ឋាភិបាល ឱ្យដឹងថា និន្នាការនៃគ្រោះថ្នាក់ចរាចរណ៍នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងនោះចំនួនអ្នកស្លាប់ក៏មានកើនឡើង ១៤ភាគរយ ខណៈអ្នករបួសកើនឡើង ១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៣ ដែលប្រារព្ធធ្វើឡើងនៅខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ស ខេង បានថ្លែងថា យោងតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ៣ខែដើមឆ្នាំនេះ បានកើតឡើង ៨៦៩ករណី ដែលចំនួននេះមានការកើនឡើង ១០៦លើក ស្មើនឹង ១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
លោកថ្លែងបន្តថា ចំពោះចំនួនអ្នកស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងត្រីមាសទី១នេះ មានចំនួន ៤៩៣នាក់ ដែលចំនួននេះកើនឡើង ៦០នាក់ ឬស្មើនឹង១៤ភាគរយ ខណៈអត្រាអ្នករងរបួសមានចំនួន ១ ២៦២នាក់ កើនឡើង១៤៩នាក់ ឬស្មើនឹង ១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
លោក ស ខេង ក៏បានឱ្យដឹងដែរថា រាជធានី-ខេត្ត ដែលមានកំណើនអ្នកស្លាប់ និងអ្នករងបួសដោយសារគ្រោះថ្នាក់ចរាចរណ៍មាន ៧ខេត្ត រួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ចាម ក្រចេះ សៀមរាប ព្រះសីហនុ បាត់ដំបង និងខេត្តកំពត។ លោកថា មូលហេតុចម្បងបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ដោយសារអ្នកបើកបរលើសល្បឿនកំណត់ បើកបរមិនគោរពសិទ្ធិអាទិភាព បើកបរមិនគោរពសញ្ញាចរាចរណ៍ ការវ៉ាជែង ការមិនប្រកាន់ស្ដាំ ការមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និងបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងជាដើម ។
លោក ស ខេង បានគូសបញ្ជាក់ថា៖ «បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល នៅក្នុងឆមាស ត្រីមាសទី៤ ឆ្នាំ២០២១ និងត្រីមាសទី១ ឆ្នាំ២០២២នេះ ដែលបណ្តាលឱ្យចំនួនអ្នកស្លាប់ និងអ្នករងរបួសមានអត្រាខ្ពស់លើសគ្រោះថ្នាក់សង្គមនានា ជាមធ្យមក្នុងមួយថ្ងៃមានអ្នកស្លាប់ចំនួន៥នាក់ និងអ្នករបួសចំនួន១៤នាក់ក្នុងមួយថ្ងៃ»។
បើតាម លោក ស ខេង ជារៀងរាល់ឆ្នាំ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា តែងតែកើតមានឡើងច្រើនក្នុងឱកាសបុណ្យប្រពៃណីជាតិធំៗ ពិសេសបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ។
ឆ្លើយតបនឹងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នេះ លោក ស ខេង បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវ ត្រូវបើកបរគោរពច្បាប់ចរាចរណ៍ ដោយមិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រៀងស្រវឹងនិងគ្រឿងញៀន មិនត្រូវបើកបរក្រោមស្ថានភាពងងុយគេង ត្រូវពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព បើកបរប្រកាន់ស្ដាំ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងត្រូវប្រុងប្រយ័ត្នក្នុងពេលធ្វើដំណើរជាដើម។
អ្នកជំនាញផ្នែកចរាចរណ៍ លោក គង់ រតនៈ មានប្រសាសន៍ថា មានកត្តាធំៗ៣ ដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ក្នុងនោះរដ្ឋមិនទាន់រៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវពិសេសនៅតាមបណ្តាខេត្តមួយចំនួននៅឡើយ ខណៈអ្នកបើកបរដែលបង្កគ្រោះថ្នាក់ភាគច្រើនបានប្រើប្រាស់គ្រឿងស្រវឹង និងការអនុវត្តច្បាប់នៅមានភាពធូរលង់។
លោកមានប្រសាសន៍ថា៖ «អ្វីដែលសម្តេចក្រឡាហោមលើកឡើងជារឿងត្រឹមត្រូវ ហើយក៏សូមឱ្យទាំងប្រសាសន៍នៃការលើកឡើងជាមួយនឹងសកម្មភាពនៃការចូលរួមនៅក្នុងការរឹតបណ្តឹងច្បាប់ ការអប់រំច្បាប់ ផ្សព្វផ្សាយជាដើម សូមឱ្យធ្វើឡើងព្រមគ្នា ដើម្បីចូលរួមទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍»។
យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ ដែលបានផ្សព្វផ្សាយកាលពីដើមខែកុម្ភៈនេះ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ បានកើតឡើងចំនួន២ ៦៧០លើក បណ្ដាលឱ្យស្លាប់ចំនួន១ ៤៩៧នាក់។ ចំនួនអ្នកស្លាប់នេះបានថយចុះ១៦៧នាក់ បើធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន១ ៦៦៤នាក់។ ចំណែកអ្នករងរបួសក៏បានធ្លាក់ចុះជិតពាក់កណ្ដាល ពោលគឺពីចំនួន ៦ ១៤១នាក់ នៅឆ្នាំ២០២០ មកនៅត្រឹម ៣ ៦១៥នាក់ នៅឆ្នាំ២០២១។
ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ បានធ្លាក់ចុះក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា គឺនៅឆ្នាំ២០២០ និង២០២១។ កាលពីឆ្នាំ២០២០ កម្ពុជាបានប្រកាសអាសន្ន បន្ទាប់ពីមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងជិតដល់ ២ ០០០នាក់ (១ ៩៨១នាក់) នៅឆ្នាំ២០១៩៕