កម្ពុជាទទួលវ៉ាក់សាំង​ប្រឆាំង​នឹង​កូវីដ-១៩ ជាង​៣សែន​ដូស​ពីរដ្ឋាភិបាល​ឥណ្ឌា

ពិធីប្រគល់-ទទួលវ៉ាក់សាំងជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។ រូបភាព៖(ហ្វេសប៊ុក លោក ហ៊ុនសែន)

កម្ពុជា​ទទួល​វ៉ាក់​សាំង​បង្ការ​កូវីដ-១៩ ជាង​៣សែន​ដូស ពីរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងធានាបាននូវការងើបឡើងវិញ​នៃសកម្មភាពសង្គម-សេដ្ឋកិច្ច។

ក្នុងកម្មវិធី​ទទួល​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ជាជំនួយរបស់រដ្ឋាភិបាល និង​ប្រជាជន​ឥណ្ឌា នៅ​វិមាន​សន្តិភាព នាព្រឹកថ្ងៃអង្គារនេះ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាល​ឥណ្ឌា បាន​ផ្តល់​​វ៉ាក់សាំងកូវីដ-១៩ ប្រភេទ កូវីស្យែល ចំនួន ៣២៥ ០០០ (បីសែនពីរម៉ឺន​ប្រាំពាន់) ដូស ជូន​កម្ពុជា ក្នុង​​នោះវ៉ាក់សាំងចំនួន ២០ម៉ឺនដូស ត្រូវបានដឹកនាំមកដល់កម្ពុជា នៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ។​ ដោយឡែកវ៉ាក់សាំងចំនួន ១២៥ ០០០ដូស នឹងត្រូវដឹកមកដល់កម្ពុជានៅថ្ងៃទី១៤ ខែ​មេសា ឆ្នាំ២០២២។

ករណីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា វ៉ាក់សាំង​កូវីដ-១៩នេះ ជាអំណោយ​​សប្បុរស​​ធម៌​​របស់​ប្រជាជន និងរដ្ឋាភិបាល​ឥណ្ឌា ក្រោម​គំនិត​ផ្តួចផ្តើម​ចតុ​ភាគី ជូនចំពោះប្រជា​ជន​ និង​រដ្ឋាភិបាល​កម្ពុជា ដែល​នេះជា​សក្ខីភាព​ពិតប្រាកដ​នៃ​ចំណង​មិត្ត​ភាព​​រវាង​ប្រទេស​ទាំង​ពីរ។

ក្នុងនាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បានថ្លែងអំណរគុណ​ដល់​សមាជិក​នៃគំនិត​ផ្ដួច​ផ្ដើម​ចតុ​ភាគី ក៏ដូចជា​បណ្ដាប្រទេសនានានៅជុំវិញពិភ​ព​លោក ចំពោះកិច្ចខិតខំប្រឹងប្រែង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ-១៩ នៅក្នុងប្រទេស តំបន់ និងសកលលោកទាំងមូល ដើម្បីធានា​បាននូវការងើបឡើងវិញយ៉ាងឆាប់រហ័សនៃសកម្មភាពសង្គម សេដ្ឋកិច្ច។

ទោះជាបែបនេះក្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកុំមានការភ្លេចខ្លួន ដោយសារតែប្រទេសជាច្រើននៅតែបន្តទទួលរងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នឹងមិនទាន់បើកដំណើរការ សកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញឡើងវិញបាននៅឡើយ។

បន្ថែមពីនេះ លោក ហ៊ុន សែន ជំរុញ និងលើកទឹកចិត្តប្រជាពលរដ្ឋពន្លឿនការ​ចាក់វ៉ាក់សាំងបង្កើតភាព​សុំាំក្នុង​​ស​ហគមន៍ ដែលជាវិធានការឆ្លើយតប​ដ៏ត្រឹមត្រូវនិងមានប្រសិទ្ធិភាពខ្ពស់។

បើតាម​របាយការណ៍ក្រសួង​សុខាភិបាល កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី១១ ខែមេសា ឆ្នាំ២០២២ បានកើនដល់ ៩២,៧៩ភាគរយ​ បើធៀបនឹងចំនួន​ប្រជាជន​សរុប ១៦លាន​នាក់ ក្នុងនោះការចាក់វ៉ាក់សាំង​លើ​ពលរដ្ឋ​​អាយុចាប់​ពី ១៨ឆ្នាំឡើ​ង មាន ១០២,៧២% ធៀប​ជាមួយ​ចំនួនប្រជាជនគោលដៅ ១០លាននាក់, លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨​ឆ្នាំ មាន ១០០,១៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១ ៨២៧ ៣៤៨​នាក់, លើកុមារអាយុ​ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,៨៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១ ៨៩៧ ៣៨២​នាក់, លើកុមារអាយុ ០៥ឆ្នាំ មាន ១២៤,៥០% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤ ៣១៧នាក់ និង​​លើកុមារអាយុ ០៣ឆ្នាំ ដល់​ក្រោម ០៥ឆ្នាំ មាន ៥២,២៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០ ៧៣០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ