តុលាការបដិសេធសំណើសុំនៅក្រៅឃុំរបស់​សកម្មជនបក្សប្រឆាំងលោកស្រី យក់ នាង

លោកស្រី យក់ នាង ប្រធានចលនាស្ត្រីគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ ដែលត្រូវបានតុលាការរំលាយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។ (រូប៖ ហ្វេសប៊ុក ក្រុមអ្នកប្រយុទ្ធ CNRP)

សាលាដំបូងរាជធានីភ្នំពេញ បដិសេធសំណើសុំនៅក្រៅឃុំបណ្តោះអាសន្ន របស់ស​កម្មជនបក្សប្រឆាំង​លោកស្រី យក់ នាង នៅថ្ងៃទី១២ ខែ​មីនា ឆ្នាំ២០២២ ដោយរក្សាជនជាប់ចោទ​នៅក្នុងសវនាការ។

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ បានប្រកាសសេចក្តីសម្រេចនេះ បន្ទាប់ពីបើកសវនាការសួរដេញដោលកាលពីសប្តាហ៍មុន ថាតើគួរដោះលែងឱ្យនៅក្រៅឃុំ ឬបន្តដាក់ឱ្យស្ថិតនៅក្រោមការឃុំខ្លួនជាបណ្តោះអាសន្ន។

លោកស្រី យក់ នាង ជាសមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​រំលាយ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ និងបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារក្រោមការចោទប្រកាន់ពីបទ «ញុះញង់ និងរួមគំនិតក្បត់»។

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសួរដេញដោលសំណុំរឿងលោកស្រី នៅព្រឹក​ថ្ងៃ​អង្គារ​​នេះ ជុំវិញសកម្មភាពរបស់លោកស្រីនៅក្នុងប្រទេសថៃ និងសកម្មភាពគាំទ្រផែនការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី កាលពី​ចុង​ឆ្នាំ​២០១៩។

តុលាការនឹងធ្វើសេចក្តីសន្និដ្ឋានលើសំណុំរឿងរបស់លោកស្រី និងកញ្ញា សេង ធារី រួមជាមួយសកម្មជនបក្សប្រឆាំង៣នាក់ទៀត រួមមាន លោក ហេង ច័ន្ទ​សុទ្ធី ​លោក កាក់ កុម្ភារ ​​និង​​លោក ទុំ ប៊ុនថន នៅថ្ងៃទី៣ ខែឧសភា ខាងមុខនេះ មុនតុលាការចេញសេចក្តីសម្រេចថា តើត្រូវកាត់ទោសពួកគេយ៉ាងណា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ