សមត្ថកិច្ចបញ្ជូនជនសង្ស័យ៤នាក់ទៅតុលាការ ពាក់ព័ន្ធបទល្មើសគ្រឿងញៀនជិត៥០គីឡូ

កម្លាំងជំនាញបង្ក្រាបករណីប្រេីប្រាស់ និងជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ចុះផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។ រូបភាព៖ (គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ)

សមត្ថកិច្ចចម្រុះ បានបញ្ជូនជនសង្ស័យចំនួន៤នាក់ទៅតុលាការ ដើម្បីចាត់វិធានការបន្តតាម​ផ្លូវ​ច្បាប់ ពាក់ព័ន្ធការប្រើប្រាស់ និង​ជួញដូរគ្រឿងញៀន​ជិត ​៥០គីឡូក្រាម ស្ថិតនៅខណ្ឌច្បារអំពៅ រាជ​ធានីភ្នំពេញ។

នៅក្នុងគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមេសានេះថា អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានសហការជាមួយកម្លាំង​ជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីស្រាវជ្រាវបង្ក្រាបមុខសញ្ញាប្រើប្រាស់ និងជួញដូរគ្រឿងញៀន កាលពីថ្ងៃទី០៨-១០ ខែមេសា ឆ្នាំ២០២២។

ប្រភពដដែល បន្តថា ក្រោយពីសហការគ្នាចុះបង្ក្រាបបទល្មើសគ្រឿងញៀននោះ សមត្ថកិច្ចបានដក​ហូត​ក្រាមស​ថ្លាសង្ស័យគ្រឿងញៀនប្រហែល ២គីឡូក្រាម និងឆែ​កឆេរ​ឃ្លាំង​ជួល​លេខ៨៤២ ភូមិ​តាង៉ូវ​កណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយបានរកឃើញចំនួន៤៥ដុំបន្ថែម​ទៀត ដែល​សរុប​មាន​ចំនួន ៤៦គីឡូ ២៣៧,៥៧ក្រាម និងឃាត់ខ្លួនអ្នកជួលឃ្លាំងម្នាក់ឈ្មោះ លីវ វ៉ាងថាវ ហៅ ហ៊ូវ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាម និងមនុស្ស​ចំនួន០៣នាក់ (ស្រី) ដើម្បីសាក​សួរ​​ផង​ដែរ។ 

ក្រោយពីសាកសួររួច សមត្ថកិច្ចជំនាញបានបញ្ជូនជនសង្ស័យទាំង៤នាក់ និងវត្ថុតាងរឹបអូសគ្រឿង​ញៀនជិត ៥០គីឡូក្រាម ទៅសាលាដំបូងរាជធានីភ្នំពេញ  ដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់ ។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែម​ពី​អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត អ្នកនាំពាក្យស្នងការ​ដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខ​សីហា និងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានទេនៅរសៀលថ្ងៃពុធនេះ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង សង្កេតឃើញថា បទ​ល្មើសគ្រឿងញៀន​នៅតែបន្តកើត​មាន​ជា​ហូរហែ ជាពិសេស​ករណី​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួនជន​សង្ស័យ និង​រឹបអូសវត្ថុតាងបានរាប់សិបគីឡូនេះ។ លោកបង្ហាញការព្រួយបារម្ភពី​ផល​ប៉ះពាល់​ដល់សុ​វត្ថិភាព​ប្រជាពលរដ្ឋ និងសន្តិសុខសាធារណៈ ដោយ​សារតែបញ្ហាគ្រឿងញៀននេះ។

ករណីនេះ លោក យង់ គិមអេង ជំរុញទៅសមត្ថកិច្ចជំនាញ​សហការជាមួយដៃគូពាក់ព័ន្ធ ដូចជា សង្គម​ស៊ីវិល និង​ប្រជាព​លរដ្ឋ ហើយ​ពង្រឹង​ការ​អនុវត្តច្បាប់ឱ្យបានតឹងរឹងលើជនល្មើស និង​មានតម្លា​ភាព​រវាង​អ្នកមាន និងអ្នកក្រ ទើបកាត់បន្ថយបទល្មើសគ្រឿងញៀនបានកម្រិតខ្ពស់។

លោកជំរុញដូចនេះថា៖ «បើសិនជាយើងចង់ឱ្យការប្រយុទ្ធប្រឆាំងគ្រឿងញៀននោះមានប្រសិទ្ធិភាព​ខ្ពស់ លុះត្រាតែលើកទឹកចិត្តឱ្យមានការចូលរួមឱ្យខ្លាំងពីប្រជាពលរដ្ឋ ក៏ដូចជាប្រព័ន្ធផ្សព្វ​ផ្សាយ ហើយ​ត្រូវធ្វើប្រតិកម្មឱ្យទាន់ពេលវេលាពីមន្ត្រីអនុវត្តច្បាប់ដែរ»។

លោកបន្ថែមថា៖ «ករណីគ្រឿងញៀនកើតឡើងមានលក្ខណៈ​ជាសម្ព័ន្ធ​តាម​ការជួញដូររបស់ពួកឧក្រិដ្ឋជនច្បាស់លាស់ ហើយយើងគ្រាន់តែមានការស្រាវជ្រាវទៅដល់មេខ្លោងដែល​ជួញដូរគ្រឿងញៀន ជារឿងមួយ​សំខាន់ ដែល​អាចធ្វើឱ្យបញ្ហា​នៃការរីករាលដាលនៃគ្រឿងញៀន មាន​ការថម​ថយ​ជា​អប្បរិមាទៅបាន»។

កាលពីថ្ងៃទី ២២ ខែមិនា ឆ្នាំ២០២២ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន ៣នាក់ និងរឹបអូសគ្រឿងញៀនបានជាង ១០០​គីឡូក្រាម នៅរាជធានីភ្នំពេញ ខណៈថ្ងៃទី២១ ខែមីនានេះដែរ សមត្ថកិច្ច​ក៏ចាប់បានគ្រឿងញៀនឆ្លងដែន ជិត ៦០០​គីឡូក្រាម តាមផ្លូវសមុទ្រ ដែលពួកគេគ្រោងនឹងដឹកចេញទៅប្រទេសទី៣ថែមទៀតផង។

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន (UNODC) ចេញផ្សាយកាលពីខែមិថុនា ឆ្នាំ២០២១ បង្ហាញ​ថា កម្ពុជាគឺជាគោលដៅនៃក្រុមឧក្រិដ្ឋជនគ្រឿងញៀនប្រើប្រាស់សម្រាប់ចរាចរគ្រឿងញៀន ផលិត និងចែកចាយបន្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ