ក្រសួងសុខាភិបាល ឱ្យដឹងថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ជាង ១២៥ ០០០ដូស ដែលរដ្ឋាភិបាល និងប្រជាជនឥណ្ឌា បានផ្ដល់ជំនួយមកឱ្យកម្ពុជានោះ នឹងដឹកមកដល់កម្ពុជានៅថ្ងៃនេះ។
រដ្ឋាភិបាលនិងប្រជាជនឥណ្ឌាបានផ្ដល់វ៉ាក់សាំងកូវីដ-១៩ ប្រភេទកូវីស្យែល ចំនួន ៣២៥ ០០០ (បីសែនពីរម៉ឺនប្រាំពាន់) ដូស ដែលជាអំណោយសប្បុរសធម៌ដល់កម្ពុជា ក្នុងនោះ វ៉ាក់សាំងចំនួន ២០ម៉ឺនដូស ត្រូវបានដឹកនាំមកដល់កម្ពុជា នៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ខណៈវ៉ាក់សាំងចំនួន ១២៥ ០០០ដូស នឹងត្រូវដឹកមកដល់កម្ពុជាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២។
ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា លោកស្រី ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ (H.E. Mrs. Devyani Uttam Khobragade) ធ្លាប់បានលើកឡើងថា ឥណ្ឌា នឹងបន្តផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជា នាពេលក្រោយ បើសិនកម្ពុជាត្រូវការបន្តនោះ។
បើតាមរបាយការណ៍ក្រសួងសុខាភិបាល កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ បានកើនដល់ ៩២,៧៩ភាគរយ បើធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ ក្នុងនោះការចាក់វ៉ាក់សាំងលើពលរដ្ឋអាយុចាប់ ១៨ឆ្នាំឡើង មាន ១០២,៧៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។
ចំណែកការវ៉ាក់សាំងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,១៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,៨៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។
ដោយឡែកការចាក់វ៉ាក់សាំងលើកុមារអាយុ ០៥ឆ្នាំ មាន ១២៤,៦០% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់ និងកុមារអាយុ ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ មាន ៥២,៤៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់៕