នាយករដ្ឋមន្ត្រី រំលឹក​ដល់​ក​​ង​កម្លាំង​​សមត្ថ​កិច្ច​ការ​ពារ​សន្តិសុខ​ជូន​ពលរដ្ឋ​ថ្ងៃ​ចូល​ឆ្នាំ

ទិដ្ឋភាពតាមដងផ្លូវមួយក្នុង​ខេត្តកំពង់ស្ពឺ ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ២០២២។ (រូបថតពីផេកនាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្រើន​រំលឹក​ដល់​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​ពាក់​ព័ន្ធ​ទាំង​អស់ ឱ្យថែរក្សាការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់ ជូនពលរដ្ឋ​ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ឆ្នាំ២០២២។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសសេរលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៣ ខែមេសានេះ​ថា ប្រជាពលរដ្ឋកម្ពុជាអាចសប្បាយរីករាយ​ក្នុង​ឱកាស​ពិធី​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរសម្រាប់​ឆ្នាំ​នេះ ខណៈ​២ឆ្នាំមុន​ កម្ពុជាប្រឈមខ្លាំងជាមួយជំងឺ​កូវីដ-១៩ ដែលប្រជាពលរដ្ឋមិនអាច​​លេ​ង​សប្បាយ​បាន។

លោក ហ៊ុន សែន ក៏បានសូមថ្លែងអំណរគុណចំពោះអាជ្ញាធរពាក់ព័ន្ធនៅតាមបណ្តាខេត្តមួយចំនួន ដែលបានរៀបចំសង្រ្កាន្ត​តាម​ខេត្ត​របស់​ខ្លួន ដើម្បីផ្ដល់នូវភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរផង​ដែរ។ លោកក៏​បានអំពាវនាវដល់​ប្រជាពលរដ្ឋ​ដែល​ដើរ​កំសាន្ត និង​ធ្វើដំណើរ​ជិត​ឆ្ងាយ​ ឱ្យប្រុងប្រយ័ត្នខ្ពស់ គោរព​ច្បាប់ចរាចរណ៍ ជាពិសេសត្រូវអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសឆ្ងាយពីជំងឺ​កូវីដ-១៩។

ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី បាន​ក្រើន​រំលឹក​ដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច យកចិត្តទុកដាក់ថែរក្សាការ​ពារ​សន្តិសុខ សណ្ដាប់ធ្នាប់​ចរាចរណ៍ ជូនប្រជាពលរដ្ឋឱ្យបានល្អនៅតាមទីអារ៉ាម កន្លែងប្រារព្ធ​ពិធី​កម្សាន្ត​ផ្សេងៗ ក៏​ដូចជា​តាម​រមណីយ​ដ្ឋាន​នានា។

លោកសសេរបន្តថា៖ «សូមទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី សូមអភិបាលគ្រប់គ្រង ជួយបីបាច់ថែរក្សាគាំពារ និងប្រសិទ្ធិពរជ័យដល់ប្រជាជនខ្មែរគ្រប់រូប អោយមានមនសិការចិត្តជាកុសល​យោគយល់គ្នា រួបរួមសាមគ្គីគ្នាជាមហាគ្រួសារខ្មែរតែមួយនៅលើទឹកដីមាតុភូមិអង្គរ​ជាទីស្នេហាដោយសេចក្តីសុខ ក្សេមក្សាន្ត និង​ប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរក្នុងឯករាជ្យ សន្តិ​ភាព សេរីភាពប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម តរៀងទៅ»

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រារព្ធឡើងរយៈពេល​៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ