ទូតកម្ពុជា​ប្រចាំ​កូរ៉េខាងត្បូង ថា​អំពើ​ហិង្សា​ក្នុង​នាម​ខ្មែរ​ដូចគ្នា​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​ជាតិ

លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។ (ហ្វេសប៊ុក៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ 캄보디아대사관)

ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ​បានចេញសេចក្ដីប្រកាសមួយដោយប្រតិកម្មមិនគាំទ្រចំពោះទង្វើនិងសកម្មភាពរបស់បុគ្គលមួយក្រុមតូចដែលបានបង្ករបួសស្នាម និងភាពចលាចល ក្នុងទឹកដីកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ​។

ការចេញសេចក្ដីប្រកាសនេះ កើតឡើងក្រោយពីមានហេតុការណ៍ហិង្សារវាងពលរដ្ឋខ្មែរនិង​ខ្មែរ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នៅហាងជាន់ក្រោមដី ទីក្រុងស៊ូវ៉ុន អំឡុងពេលពលរដ្ឋខ្មែរនាំគ្នាប្រារព្ធអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ដែលធ្វើឱ្យមានមនុស្សមួយចំនួនរងរបួស។

តាមសេចក្ដីប្រកាសនៅថ្ងៃចន្ទនេះ ស្ថានទូតកម្ពុជាប្រចាំកូរ៉េខាងត្បូងបានលើកឡើងថា សកម្មភាពហិង្សាដែល​បង្កឡើងពីពលរដ្ឋខ្មែរមួយក្រុមនោះ ​គឺពិតជាបានធ្វើឱ្យបាត់បង់នូវសណ្ដាប់ធ្នាប់សង្គម និងឆ្លុះបញ្ចាំងពីការបាត់បង់នូវសីលធម៌ក្នុងការរស់នៅ ការបំពាននូវសិទ្ធិមនុស្ស និងខ្វះការសាមគ្គីគ្នារវាងខ្មែរនិងខ្មែរ ​ជាហេតុធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមខ្មែរជាខ្លាំង។

ជាមួយគ្នានេះដែរ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានស្នើដល់ពលរដ្ឋទាំងអស់ដែលរស់នៅ សិក្សា និងធ្វើការនៅ​កូរ៉េខាងត្បូង ត្រូវចេះរួបរួមសាមគ្គីគ្នា និងចេះស្រឡាញ់រាប់អានគ្នាក្នុងនាមជា​ខ្មែរដូចគ្នា ចូលរួមរក្សាសណ្ដាប់ធ្នាប់សង្គម គោរពសិទ្ធិ និងចេះជួយគ្នាទៅវិញទៅមក ព្រោះជាតម្លៃដ៏ល្អផូរផង់របស់ខ្មែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ