លោក ​ហ៊ុន សែន​៖​ ​បុណ្យ​ចូល​ឆ្នាំថ្ងៃទី​២​​មាន​ពលរដ្ឋ​ជាង​១​លាន​៥​សែន​នាក់​ដើរ​កម្សាន្ត​នៅ​ទូទាំង​ប្រទេស

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា អញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបសំណាក “ព្រះថោងនាងនាគ” នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២ ២។(ហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  ថ្លែងថា បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល ២ថ្ងៃ មានពលរដ្ឋជាង២លាននាក់ បានដើរកម្សាន្តនៅតាមបណ្ដាខេត្តនានានៅទូទាំងប្រទេស បន្ទាប់ពីខកខានអស់​រយៈពេល​ពីរ​ឆ្នាំ ​ដោយសារការឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩​។

ក្នុងពិធីអភិសេករូបសំណាកព្រះថោង-នាងនាគ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន   បានបង្ហាញពីភាពជោគជ័យនៃការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ដែលជំរុញឱ្យកម្ពុជាអាចប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឡើងវិញបាន។

លោកថា៖«ការអក់ខាន  ២ ឆ្នាំនេះ យើងមិនទាន់មាន​​វ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់​ ក៏ប៉ុន្តែបន្ទាប់ពីបានវ៉ាក់សាំងជោគជាំ មិនមែនជាការចាក់វ៉ាក់សាំងទេ និយាយឱ្យត្រូវតាមន័យរបស់វា គឺការស្រោចវ៉ាក់សាំង ដើម្បីធានាភាពសុំាសហគមន៍របស់ប្រជាជនយើង»។

លោកបន្តថា ពិធីបុណ្យចូលឆ្នាំខ្មែរថ្ងៃទី២ ប្រជាពលរដ្ឋបានដើរលេងកម្សាន្តនៅទូទាំងរាជធានី-ខេត្តជាង ១.៥លាននាក់ ហើយថ្ងៃទី១មានពលរដ្ឋដើរលេងកម្សាន្តជាង៨៦ម៉ឺននាក់។ ដំណើរកម្សាន្តរបស់ពលរដ្ឋក្នុងពិធីបុណ្យប្រពៃណីជាតិនេះ ក្រោយពីកម្ពុជាខកខានប្រារព្ធ​រយៈពេល ២ឆ្នាំ ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

លោកថា«​ខ្ញុំបានដឹង បានទទួលរបាយការណ៍​របស់ឯកឧត្ដម ថោង ខុន ដែលពីថ្ងៃទី១ យើងមានមនុស្ស​ត្រឹមតែ ៨៦ ម៉ឺននាក់ ដែលបានចេញដើរលេង​ ប៉ុន្តែកាលពីម្សិលមិញ ប្រជាជនកម្ពុជា​ឡើងដល់ជាង ១.៥លាននាក់ ​ទៅទស្សនា​នៅតាមទីកន្លែងផ្សេងៗ​ ។ យើងក៏មិនភ្លេចការសប្បាយរីករាយ​របស់ប្រជាពលរដ្ឋយើងនៅតាមភូមិ ឃុំ តាមវត្តអារាម​កន្លែងណាក៏រៀបចំសង្ក្រាន្តទាំងអស់​  សង្ក្រាន្តតាមភូមិ សង្ក្រានតាមឃុំ តាមស្រុក ​តាមខេត្ត​ និងសង្ក្រាន្តតាមវិទ្យាល័យ និងសាកលសវិទ្យាល័យ»។

យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ឱ្យដឹងថា ភ្ញៀវទេសចរក្នុងថ្ងៃទីពីរនៃឱកាសពិធីបុណ្យចូលឆ្នាំថ្មី ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ដោយមានចំនួន១ ៥៧៩ ២៥១នាក់ ក្នុងនោះ ភ្ញៀវជាតិ១ ៥៦៩ ៤៨២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៩ ៧៦៩នាក់។

បើតាមក្រសួងទេសចរណ៍ដដែលថា ខេត្តគោលដៅដែលភ្ញៀវទេសចរ​បានដើរលេងកម្សាន្ត ក្នុងនោះ  ខេត្តបាត់ដំបង ខេត្តព្រៃវែង​ ខេត្តបន្ទាយមានជ័យ ​  ខេត្តកំពង់ចាម ​ ខេត្តពោធិ៍សាត់ ​ខេត្តកំពត ​ ខេត្តសៀមរាប  និងខេត្តកំពង់ស្ពឺ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ