រដ្ឋាភិបាលបន្ថែមក្រុមគ្រូពេទ្យនិងទីតាំងសម្រាប់ចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩ ដូសជំរុញ (ដូសទី៣ និងទី៤) នៅតាមរោងចក្រសហគ្រាស ទីផ្សារនិងទីប្រជុំជនសំខាន់ៗ និងនៅតាមសាលារៀន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្តីពីការក្រើនរម្លឹកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ នៅថ្ងៃទី១៨ ខែមេសានេះ បានលើកឡើងថា បច្ចុប្បន្ន គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស បាននិងកំពុងផ្ដល់វ៉ាក់សាំងជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។
ទន្ទឹមនឹងនេះដែរ ក្រសួងថា នៅក្រោយបុណ្យចូលឆ្នាំខ្មែរនេះ មានក្រុមគ្រូពេទ្យនៃក្រសួងការពារជាតិ និងគ្រូពេទ្យយុវជនស្ម័គ្រចិត្តនានា រួមទាំងក្រុមគ្រូពេទ្យនៃរដ្ឋបាលរាជធានី-ខេត្ត នឹងចុះចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ និងទី៤ នៅតាមគោលដៅសំខាន់ៗបន្ថែមទៀត ដូចជា នៅតាមរោងចក្រសហគ្រាស ទីផ្សារនិងទីប្រជុំជនសំខាន់ៗ និងការចាក់ជូនសិស្សានុសិស្សនិងគ្រូបង្រៀននៅតាមសាលារៀនផងដែរ។
ក្រសួងបញ្ជាក់ថា សម្រាប់ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមបណ្ដាមូលដ្ឋានសុខាភិបាលសាធារណៈនៃរដ្ឋបាលរាជធានី-ខេត្តទាំង២៥ នៅតែបន្តបើកដំណើរការចាក់ជាធម្មតារៀងរាល់ថ្ងៃ (រួមទាំងថ្ងៃឈប់សម្រាក ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) ដដែល។
ករណីនេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ កម្មករ-កម្មការិនី កុមារ និងយុវវ័យ ប្រញាប់រួសរាន់ទៅទទួលវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ នៅពេលដល់វេន ដើម្បីបង្កើនភាពស៊ាំបុគ្គលនិងសហគមន៍ សំដៅចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល កាត់បន្ថយអត្រាឈឺធ្ងន់និងស្លាប់ដោយសារជំងឺនេះ។
បើតាមរបាយការណ៍ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២នេះ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ បានកើនដល់ ៩២,៨៤% ធៀបនឹងចំនួនប្រជាជនសរុប១៦លាននាក់។ ក្នុងនោះ បានចាក់វ៉ាក់សាំងលើប្រជាពលរដ្ឋអាយុពី ១៨ឆ្នាំឡើងទៅ មានចំនួន ១០២,៧៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់, កុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មានចំនួន ១០០,១៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១ ៨២៧ ៣៤៨នាក់, កុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មានចំនួន ១០៧,៩០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១ ៨៩៧ ៣៨២នាក់, កុមារអាយុ ០៥ឆ្នាំ មានចំនួន ១២៤,៨២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤ ៣១៧នាក់ និងកុមារអាយុ ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ មានចំនួន ៥២,៨៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០ ៧៣០នាក់៕