ក្រសួង​នៅ​មិនទាន់​អាច​វាយតម្លៃ​ពី​ស្ថានភាព​នៃ​ការឆ្លង​កូវីដ-១៩ ខណៈ​បុណ្យចូលឆ្នាំ​ទើបបញ្ចប់

ពលរដ្ឋខ្មែរ រួមនឹងទេសចរបរទេស មកចូលរួមកម្សាន្តនៅតំបន់ត្រជាក់ចិត្ត នៃសង្ក្រាន្តបាត់ដំបង ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបាត់ដំបង)

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បញ្ជាក់ថា ក្រសួងនៅមិនទាន់អាចវាយតម្លៃពីស្ថានភាព​នៃ​ការ​ឆ្លង​រាលដាលជំងឺកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ​បាន​នៅឡើយទេ ខណៈពិធីបុណ្យ​នេះទើបនឹងបញ្ចប់ ប៉ុន្តែ​ក្រសួងកំពុងបន្តតាមដាន​ពីស្ថានភាពនេះរហូត​ដល់ដំណាច់ខែមេសា។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍​ប្រាប់ក្រុម​អ្នកសារព័ត៌មានតាមបណ្ដាញទំនាក់ទំនងសង្គម​តេឡេក្រាម​​​នៅ​ថ្ងៃចន្ទនេះថា ​ការ​ព្រួយ​​បារម្ភ ឬមិនព្រួយ​បារម្ភ​ពី​​​​ការឆ្លងវីរុស​​កូវីដ-១៩នោះ ​គឺ​​គួរ​​ពិនិត្យ​​មើល​​​តាម​​ស្ថាន​ភាព​នៃ​ការ​​សប្បាយ​​រីក​​រាយ​របស់​​ប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំ​ ហើយ​​​​​ក៏​ជា​ការ​ទទួលខុស​ត្រូវនិង​ការ​សម្រេច​​ចិត្ត​របស់​បុគ្គល​ម្នាក់ៗនិង​ក្រុមគ្រួសារ ក្នុង​ការអនុវត្តការការពារការចម្លងជំងឺកូវីដ-១៩​ដែរ។

លោកស្រីបន្តថា៖ «យើង​មិន​ទាន់​អាច​វាយ​តម្លៃ​ស្ថាន​ភាព​នៃការឆ្លងបាននៅឡើយ​ទេ ព្រោះ​ទើប​តែ​បញ្ចប់​ពិធី​អប​អរ​បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើង ដែល​ត្រូវ​រង់​ចាំនិង​បន្ត​ពិនិត្យ​មើល​​ក្រែង​មាន​ស្ថាន​ភាព​នៃ​ការផ្ទុះ ការឈឺណា​មួយ នៅ​តំប​ន់ណា​មួយ រហូត​ដល់​ដំណាច់​ខែមេសា​នេះ»។

ទោះជាយ៉ាងណា លោកស្រី ឱ វណ្ណឌីន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ បើសិនមានការ​សង្ស័យ​​​ណាមួយ ត្រូវ​ធ្វើ​តេស្តរហ័ស ឬទៅពិនិត្យ​សុខភាពនៅតាម​មន្ទីរ​ពេទ្យ​រដ្ឋ​ដែលនៅជិត​ផ្ទះ​។  

លោកស្រីបន្តថា៖ «បើ​លទ្ធផល​បង្ហាញ​វិជ្ជមាន​កូវីដ-១៩ និង​បើ​ក្នុង​លក្ខណៈស្រាល សូម​នៅដោយ​ឡែក​ ការពារកុំឱ្យឆ្លងទៅក្រុមគ្រួសារ​ និង​អ្នក​ដទៃ ហើយ​ថែ​ទាំ​ព្យាបាល​ខ្លួន​នៅ​ផ្ទះ​ឱ្យ​បាន​​ល្អ​ហ្មត់​ចត់ តាម​ការណែនាំរបស់ក្រសួងសុខាភិបាលនាពេលកន្លងមក។ បើ​មាន​រោគសញ្ញា​សង្ស័យ​ថា​វិវត្តទៅ​ធ្ងន់​ធ្ងរ សូម​ប្រញាប់ទៅស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ កុំ​សម្ងំនៅ​ផ្ទះ ដែល​អាច​ស្លាប់បាត់បង់ជីវិតបាន»។

មន្ត្រីសុខាភិបាលរូបនេះក៏បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំង​ដូស​មូល​ដ្ឋាន និង​ដូស​ជំរុញ​ (ទី៣ និង​ទី៤) ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​រក្សាបា​ន​នូវភាព​ស៊ាំ​របស់បុគ្គលនិង​​សហគមន៍ សម្រាប់រក្សានិរន្តរភាព​នៃ​ការ​រស់​នៅធម្មតា​តាម​គន្លង​ប្រក្រតីភាព​ថ្មីផងដែរ។

បើ​តាម​ក្រសួង​សុខាភិ​បាល គិតត្រឹមព្រឹកថ្ងៃ​ចន្ទនេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១៣៦ ០៧៦នាក់ ក្នុង​នោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១៣២ ៧៨៩នាក់ និងអ្នកស្លាប់មានចំនួន​៣ ០៥៥នាក់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ