កម្មករ​ជាង​២០០នាក់​ផ្ទុះ​ការតវ៉ា​បិទកំណាត់​ផ្លូវ​វេងស្រេង ក្រោយ​ថៅកែ​ដឹក​សម្ភារ​ចេញ​ពី​រោងចក្រ​ស្ងាត់ៗ

សន្តិសុខត្រួតពិនិត្យអ្នកចូលរោងចក្រ ឃែនធើរេន អីភែរឹល (ខេមបូឌា) ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។ (រួន រី)

កម្មករជាង២០០នាក់ ធ្វើការនៅ​រោងចក្រកាត់ដេរ ឃែនធើរេន អីភែរឹល (ខេមបូឌា) បាន​នាំគ្នា​​តវ៉ា​បិទ​កំណាត់​​ផ្លូវ​វេង​ស្រេង ក្នុ​ងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អស់រយៈពេល​ជិត​១​ម៉ោង ដើម្បី​​​​​ទាម​​ទារ​ឱ្យថៅកែទូទាត់​ប្រាក់អតីតភាពការងារនិងប្រាក់​អត្ថប្រយោជន៍​​ផ្សេងៗ​​តាម​​ច្បាប់ ក្រោយ​​​ពួកគេអះអាងថា ថៅកែ​បាន​ប្រមូលសម្ភារផ្សេងៗ​​ចេញពីរោងចក្រ ដោយមិនផ្ដល់ដំណឹងដល់កម្មករ។

កម្មការិនីធ្វើការ​​នៅរោងចក្រ ឃែនធើរេន អ្នក​ស្រី ស៊ុំ វ៉ាន់នី បាន​ឱ្យដឹង​ថា ដើម​ចម​ដែល​នាំឱ្យ​​កម្មករ​​ផ្ទុះការ​​តវ៉ា​បិទ​កំណាត់​​ផ្លូវ​វេងស្រេង នៅព្រឹក​ថ្ងៃអង្គារនេះ ដោយសារតែ​ថៅកែរោង​ចក្រ​បាន​ដឹក​ម៉ាស៊ីនដេរ ម៉ាស៊ីនភ្លើង និងសម្ភារចេញពីក្នុងរោង​ចក្រ អំឡុងពេលកម្មករ​ឈប់សម្រាកពី​​ការងារ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ។

ស្ត្រីវ័យ៦៣ឆ្នាំរូប​នេះបន្តថា ការ​ដឹកសម្ភារចេញនេះ ភាគីរោង​ចក្រមិនបានជូនដំណឹងដល់កម្មករ​ឬតំណាង​កម្មករ​ជា​មុន​ទេ ដែលករណីនេះ កម្មករ​បារម្ភខ្លាចរោងចក្រនេះ​បិទ​ទ្វារ ហើយ​​ថៅកែអាចរត់យករួចខ្លួន និងមិនដោះ​ស្រាយ​ប្រាក់​អត្ថប្រយោជន៍​ផ្សេ​ងៗទៅ​តាមច្បាប់ដល់ពួកគាត់។​

អ្នកស្រី ស៊ុំ វ៉ាន់នី និយាយថា៖ «មកតវ៉ារឿងគេ [ថៅកែ] ដឹកអីវ៉ាន់ចេញ [ពីរោងចក្រ]! មុនចូលឆ្នាំ គេបានសន្យារួចហើយ [ថាមិនធ្វើអ៊ីចឹងទេ] តែដល់ពេលចូលឆ្នាំហើយ វាដឹកម៉ាស៊ីនភ្លើងចេញ។ [ថៅកែអាចបិទរោងចក្រនេះ ឬយ៉ាងណា?] គម្រោងវាចង់ឈប់ [ចង់បិទ] តែវាធ្វើអ៊ីចឹង វាធ្វើបណ្ដោះៗ ដល់ពេល[ជញ្ជូនចេញ]អស់ទៅ វាច្រានយើងចេញហើយ។ អ៊ីចឹងយើងធ្វើម៉េច កុំឱ្យវាច្រានយើងទាន់ [បានជាមកតវ៉ាទាមទារ]»។

ជុំវិញករណីនេះ អ្នកស្រីបាន​​ទាមទារ​ឱ្យ​ថៅកែ​ត្រូវ​​ទូទាត់​​ប្រា​ក់​អតីត​ភាព​ការ​ងារនិង​ប្រាក់​អត្ថប្រយោជន៍​​ផ្សេងៗជូន​កម្ម​ករ​​​តាម​​ច្បាប់ ក្នុងករណីភាគីរោង​ចក្រ​ដឹកសម្ភារចេញព្រោះតែចង់បិទទ្វារនោះ។

កាលពី​ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ តំណាងកម្មករ និងភាគីរោង​ចក្រ បាន​​​ធ្វើកិច្ចព្រមព្រៀងដោយ​ភ្ជាប់​លក្ខខណ្ឌ​មួយចំនួន​​​​ម្តងរួច​មក​ហើយ​​ ក្នុងនោះ គឺចាប់ពីថ្ងៃទី០៦ ខែមេសា រហូត​ដល់​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២​ ក្រុមហ៊ុន​មិនត្រូវដឹកម៉ាស៊ីនចេញពីទីតាំងរោង​ចក្រ​ឡើយ ហើយ​ចាប់ពីថ្ងៃទី១៩ ខែមេសាទៅ បើសិនក្រុមហ៊ុនមានការ​ចាំបាច់ត្រូវប្រើប្រាស់ម៉ាស៊ីនតូចៗ​គ្រប់ប្រភេទ ក្រុមហ៊ុននឹងធ្វើការ​ដោះ​ដូរ​​ចាប់ពី៤គ្រឿងចុះ។ កិច្ចព្រមព្រៀងនោះបន្តថា ក្រុមហ៊ុនមានសិទ្ធដឹកសម្ភារផលិត​កម្មគ្រប់ប្រភេទក្រៅពីម៉ាស៊ីនចេញពី​ទីតាំង​រោងចក្របានគ្រប់ពេលវេលា ដើម្បីឱ្យ​សង្វាក់ផលិត​កម្ម​ដំណើរការបានចាប់ពីថ្ងៃទី០៦ ខែមេសា​ទៅ។

ភាគីទាំងពីរបានឯកភាពគ្នា​​​ទៀត​ថា៖ «កិច្ចព្រមព្រៀងនេះ​មានតែរយៈពេល៥ខែប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃភាគីចុះហត្ថលេខានិងផ្ដិតមេដៃនេះ រហូតដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២។ ករណីភាគីណាមួយមិនគោរពកិច្ចព្រមព្រៀងនេះ ភាគីនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»។

តែយ៉ាងណា កម្មការិនីម្នាក់ទៀត អ្នកស្រី គីម អ៊ី បាន​លើកឡើង​ថា បើទោះជាមានកិច្ចព្រមព្រៀងនេះក៏ដោយ ក៏​ភាគីរោង​ចក្រ​នៅតែ​បន្តបំពាន​ ដោយ​​ដឹកជញ្ជូន​សម្ភារ ដូចជា ម៉ាស៊ីន​ដេរ ម៉ាស៊ីនភ្លើង និងសម្ភារផ្សេង​ៗ​ទៀតចេញពីរោង​ចក្រ ​ក្នុងអំឡុងពេលកម្មករ​ឈប់សម្រាកបុណ្យចូលឆ្នាំដដែល​។

អ្នកស្រី​​ថា៖ «ពីដំបូងឡើយ មុនចូលឆ្នាំ គេថាអត់ដឹកអីវ៉ាន់ គ្រឿងម៉ាស៊ីនអីចេញទេ។ ស្រាប់តែដល់ពេលយើងមកពីចូលឆ្នាំវិញ ម្សិលមិញ [ថ្ងៃទី១៨ ខែមេសា] ហ្នឹង មកដល់បាត់ម៉ាស៊ីនភ្លើង បាត់អីអស់។ អត់មាននិយាយអីប្រាប់កម្មករសោះហ្មង បើបាននិយាយប្រាប់ អត់សូវខឹងទេ! បើនិយាយមុន ប្រាប់ថា៣ខែទៀតបិទ [រោងចក្រ] ក៏អត់ខឹងដែរ តែសុខៗដកចេញអស់រលីង»។

បើតាមអ្នកស្រី គីម អ៊ី នៅមុនពេល​បុណ្យចូលឆ្នាំ​ខ្មែរ រោងចក្រមិនសូវមានការងារឱ្យកម្មករធ្វើទេ ហើយ​​​ថៅកែ​បាន​​ដឹក​​ជញ្ជូន​​សម្ភារចេញជាបណ្ដើរៗ​ ដែលជាសញ្ញាមួយបង្ហាញពីភាពមិនប្រក្រតី។

វីអូឌី ពុំទាន់អាចទាក់ទងសុំការបកស្រាយពីតំណាងរោងចក្រកាត់ដេរ ឃែនធើរេន អីភែរឹល (ខេមបូឌា) បានទេ នៅថ្ងៃអង្គារនេះ។

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានមានប្រសាសន៍ថា ក្រសួងការ​ងារបាន​និង​​​កំពុង​ដោះ​ស្រាយ​វិវាទការងារនៅក្នុង​រោងចក្រ​នេះហើយ។

លោកថា៖ «[ខ្ញុំ] បានដឹង [ពីព័ត៌មាននេះហើយ]។ មន្ត្រីកំពុងដោះស្រាយ»។

ប្រធានសហភាពចលនាកម្មករ លោក ប៉ាវ ស៊ីណា ថ្លែងថា មុនពេលនិងអំឡុងពេល​ចូលឆ្នាំ​ខ្មែ​រ​ ខាង​រោង​ចក្រ​​មានសម្ភារនិងក្រណាត់សម្រាប់ឱ្យកម្មករធ្វើការ ប៉ុន្តែបែរជាមិនអនុញ្ញាតឱ្យកម្មករធ្វើការ និងបំពានកិច្ចព្រមព្រៀង​​ដោយដឹកសម្ភារចេញពីរោងចក្រទៅវិញ។ លោក​ចាត់ទុកសកម្ម​ភាព​របស់រោង​ចក្រនេះ​ថា​មាន​ចេតនាទុច្ចរិត​ ចង់បិទទ្វាររោងចក្រ ដោយមិនទូទាត់សំណងប្រាក់អតីតភាពការ​ងារនិង​ប្រាក់អត្ថប្រយោជន៍​ផ្សេងៗ​ដល់កម្មករ។

លោកថា៖ «រោងចក្រនេះ គាត់ព្យាយាមធ្វើគ្រប់មធ្យោបាយទាំងអស់ ដើម្បីឱ្យបងប្អូនអ្នកតវ៉ាគាត់អស់ចិត្ត ហើយដាក់ពាក្យលាឈប់ពីរោងចក្រ ដោយសារតែពួកគាត់ដែលនៅតវ៉ាសុទ្ធតែជាអ្នកដែលមានអតីតភាពការងារច្រើនឆ្នាំ សុទ្ធតែជាកម្មករចាស់។ ដូច្នេះហើយគាត់ [ថៅកែ] រកវិធីសាស្ត្រផ្សេងៗធ្វើម៉េចឱ្យកម្មករហ្នឹងគាត់ធុញទ្រាន់ គាត់នឿយណាយនឹងសកម្មភាពហ្នឹង ធ្វើឱ្យគាត់បង្ខំចិត្តដាក់ច្បាប់ឈប់ ដោយមិនទទួលបានកញ្ចប់ការទូទាត់សំណងផ្សេងៗ»។

បើតាមមន្ត្រីសហជីពរូបនេះ សកម្មភាពថៅកែរោងចក្រ​ប្រើវិធី​ជញ្ជូន​សម្ភារ​ចេញពីរោងចក្រ​ក្នុងចេតនាឱ្យកម្មករលាឈប់នេះ បានកើតឡើងជារឿយៗនៅកម្ពុជា ប៉ុន្តែលោកថាកម្រនឹង​ឃើញ​មាន​ដំណោះស្រាយ​ណាមួយ​ដែល​ល្អប្រសើរសម្រាប់កម្មករ​​ណាស់។ ទោះជា​បែបនេះក្តី លោកថា ដំណោះស្រាយ គឺមានតែក្រសួងពាក់ព័ន្ធទេដែលមានសមត្ថកិច្ចដាក់សម្ពាធឱ្យថៅកែគោរពច្បាប់ការងារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ