ពលរដ្ឋ​ជាង​៣០០នាក់​ប្រមូលផ្ដុំ​មុខ​តុលាការ​ខេត្តកោះកុង ខណៈ​តំណាង​ពួកគេ​ចូលបំភ្លឺ​នៅថ្ងៃនេះ

ពលរដ្ឋជាច្រើននាក់មកពី២សហគមន៍​ក្នុង​ស្រុកស្រែអំបិល ខេត្តកោះកុង បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងខេត្តកោះកុង ដើម្បីគាំទ្រតំណាងពួកគេដែលចូលបំភ្លឺ ពាក់ព័ន្ធជម្លោះដីធ្លីជាមួយលោកឧកញ៉ា ហេង ហ៊ុយ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ពលរដ្ឋជាង៣០០នាក់ មក​ពី​សហគមន៍​ចំនួន​៦ នៃ​ស្រុកបទុម​សាគរ និងស្រុកស្រែអំបិល ខេត្ត​កោះកុង បាននាំគ្នា​ទៅ​​ប្រមូល​ផ្ដុំនៅ​​មុខ​សាលាដំ​បូង​ខេត្ត នៅថ្ងៃពុធនេះ​ ខណៈតំណាង​ពួកគេ​ចូល​សវនាការ​ពាក់ព័ន្ធ​ជម្លោះដីធ្លី​ជាមួយ​​ឧកញ៉ា ហេង ហ៊ុយ។

តំណាងពលរដ្ឋ១៧៥គ្រួសារ នៅស្រុកស្រែអំបិល​ អ្នកស្រី ផាវ ញ៉ើង​ ប្រាប់​វីអូឌី​ថា តំណាងអយ្យការអមសាលា​ដំបូងខេត្តកោះកុង​ លោក វ៉ៃ ភីរម្យ បានកោះ​ហៅ​តំណាងពលរដ្ឋ១០នាក់ និង​សាក្សី៥នាក់​ ឱ្យចូល​សវនាការ​លើក​ទី​២ នៅទីថ្ងៃទី២០ ​ខែមេសានេះ ពាក់ព័ន្ធបទ​ចោទ «បរិហារ​បង្កាច់​កេរិ៍្ត និងបទញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ទៅតាមបណ្ដឹង​របស់​​​ឧកញ៉ា ហេង ហ៊ុយ។

តំណាងពលរដ្ឋរូបនេះឱ្យដឹងទៀត​​ថា សវនាការនៅថ្ងៃនេះ ក៏​មានពលរដ្ឋ៤៦០នាក់ មកពីសហគមន៍​ចំនួន៦ រួម​មាន​ សហគមន៍ព្រលាន សហគមន៍៨៤៣ សហគមន៍១៧៥ សហគមន៍១២៩ សហគមន៍៧៦៦ និងសហគមន៍១៩៧ នៃស្រុកបទុមសាគរ និងស្រុកស្រែអំបិល បាននាំគ្នាឡើងទៅ​ប្រមូលផ្ដុំគ្នានៅ​មុខសាលាដំបូង​ខេត្តកោះកុង ដើម្បីគាំទ្រដល់តំណាងរបស់ពួកគេដែលចូលសវនាការ​នោះដែរ។

តំ​ណាងពលរដ្ឋទាំង១០នាក់ដែលត្រូវ​ចូលសវនាការនោះ រួមមាន​ អ្នកស្រី កើត នៅ, អ្នកស្រី អ៊ិន ធូ, អ្នកស្រី ដេត ហួរ, អ្នកស្រី អើ វី, អ្នកស្រី អ៊ីប តឹង, លោក ពូ ហ៊ួន, លោក គង់ មែន, លោក សុខ ជៃ, លោក ហេង ជៃ និងលោក ឆាន់ ឈឿន។ នេះ​បើតាម​​​​ដីកា​កោះហៅ​របស់​តុលាការ​​​​ចុះ​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។​

ចាប់តាំងពីពាក់​កណ្ដាល​​ឆ្នាំ២០១៩​​មក ក្រុម​ពលរដ្ឋ​១៩៧គ្រួសារនៅខេត្តកោះកុង​​ បាន​ឡើង​មក​តវ៉ា​នៅរាជធានីភ្នំពេញ ដើម្បី​រកអន្តរាគមន៍ពីក្រសួងរៀបចំដែនដី ជួយដោះស្រា​យវិវាទដីធ្លីរបស់ពួកគាត់ ដោយអះអាងថា ក្រុមហ៊ុន ហេង ហ៊ុយ បានរំលោ​ភ​យកដីពួកគាត់​តាំងពីឆ្នាំ២០០៧ ប៉ុន្តែការ​ចោទ​នេះត្រូវ​បាន​លោក ហេង ហ៊ុយ ច្រានចោល និងបានប្ដឹង​តំណាងពលរដ្ឋទៅតុលាការផងដែរ។

ពាក់ព័ន្ធករណីនេះ ក្រសួង​រៀបចំ​ដែនដី បដិសេធ​​ដោះស្រាយ​ឱ្យ​ពលរដ្ឋ​ទាំងនោះ​ជាបន្តបន្ទាប់ និង​ស្នើ​ទៅ​អាជ្ញាធរ​​ពាក់ព័ន្ធឱ្យ​ចាត់វិធានការ​ផ្លូវច្បាប់​​ចំពោះ​អ្នកដែល​ក្រសួង​ថា​បាន​ញុះញង់​ឱ្យ​ពលរដ្ឋ១៩៧គ្រួសារ​នោះ​ឡើង​​មក​​តវ៉ាដីធ្លីនៅរាជធានី​ភ្នំពេញផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ