កម្មករ​រោងចក្រ​រ៉ូស៊ីង​ជាង​៤០០នាក់​បន្ត​តវ៉ា ដោយថា​រោងចក្រ​បិទទ្វារ​មិនដោះស្រាយ​សំណង​តាម​ផ្លូវច្បាប់

កម្មករបម្រើការងារនៅរោងចក្រកាត់​ដេរ «រ៉ូស៊ីង ហ្គាមេន» ស្ថិត​ក្នុងសង្កាត់​ទួល​សង្កែ​​​ទី១ ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ ចេញតវ៉ាទាមទារដំណោះស្រាយការងារ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

កម្មករ​-ក​ម្មការិនីជាង៤០០នាក់ បម្រើការងារនៅរោងចក្រកាត់​ដេរ «រ៉ូស៊ីង ហ្គាមេន» ស្ថិត​ក្នុងសង្កាត់​ទួល​សង្កែ​​​ទី១ ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ បាននាំគ្នាបន្តតវ៉ាទាមទារប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត នៅថ្ងៃពុធ​នេះ ក្រោយ​ពី​រោង​ចក្រ​​បិទ​​ទ្វារ ដោយគ្មានការដោះស្រាយសំណងតាមផ្លូវច្បាប់ជូនពួកគេ។

ប្រធាន​សហជីព​សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (​ស៊ីខាវឌូ) ប្រចាំ​រោង​ចក្រ​រ៉ូស៊ីង លោក ខុន ជា ប្រាប់​វីអូឌី​ថា កម្មករជាង​១ ០០០នាក់របស់រោងចក្រនេះ ត្រូវបានថៅកែបញ្ឈប់ពីការងារជាបន្តបន្ទាប់ចាប់តាំងពីដើមខែមេសានេះ ដោយពុំបានជូនដំណឹងនិងដោះស្រាយសំណងត្រឹមត្រូវ​ទៅតាម​ផ្លូវច្បាប់​​ឡើយ។

ប្រធានសហជីពរូបនេះបន្តថា កម្មករប្រហែលជាង៤០០នាក់ នៅថ្ងៃនេះ បានប្រមូលផ្ដុំតវ៉ានៅមុខនិងក្នុងរោងចក្រ​បន្តទៀត ដើម្បីទាមទារទៅថៅកែ​ឱ្យដោះស្រាយ​ប្រាក់​អត្ថ​ប្រយោជន៍​ចំនួន​៥ចំណុច រួមមាន ប្រាក់ខែ​ចុងក្រោយ ប្រាក់​អតីតភាព​ការងារ ប្រាក់​ជូនដំណឹង ប្រាក់សំណង​​ជំងឺ​ចិត្ត និង​ប្រាក់​​ដំណាច់ឆ្នាំ​ដែល​នៅសល់ ដែល​បានកំណត់ដោយច្បាប់។

លោកបន្ថែមថា៖ «ខាងរោងចក្រ ការដោះស្រាយ គេអត់មានផ្ដល់អីឱ្យទេ​។ បើនិយាយទៅតាម​ផ្លូវ​ច្បាប់ វាមាន​ប្រាក់​បណ្ដេញចេញ ប្រាក់ជំងឺចិត្ត មានជូនដំណឹង ដែលទាំងអស់មាន៥ចំណុច។ ប៉ុន្តែឥលូវគេឱ្យតែប្រាក់ខែចុងក្រោយ គេឱ្យប្រាក់រម្លឹកអតីតភាពការងារ៧ថ្ងៃ និង​ប្រាក់លើកទឹកចិត្ត»

កម្មការិនីធ្វើការ​នៅរោងចក្ររ៉ូស៊ីង អ្នកស្រី ឆុន ស្រីនី អាយុ២៩ឆ្នាំ ដែលអះអាងថាបម្រើកាងារនៅរោង​ចក្រនេះ​​៩ឆ្នាំមក​ហើយនោះ​ និយាយថា ការពន្យារពេលមិនដោះស្រាយជូនកម្មករឱ្យបានឆាប់នេះ បាន​ធ្វើឱ្យ​កម្មករ​​ជួបការលំបាកជាខ្លាំង ដូចជា ខាត​បង់ពេលវេលា ខ្វះខាតលុយសម្រាប់បង់ថ្លៃបន្ទប់ជួល បង់ធនាគារ និងការចំណាយផ្សេងៗក្នុងគ្រួសារ ជាដើម។

អ្នកស្រីបន្ថែមថា៖ «វាធ្វើឱ្យខាតពេលវេលា ខ្ញុំមិនអាចទៅរកការងារកន្លែងផ្សេងធ្វើបាន បើខ្ញុំនៅចាំគេដោះស្រាយ វាយូរ!​ ខ្ញុំអត់លុយបង់សងធនាគារ ណាមួយលុយទឹកដោះគោកូន ហើយត្រូវបង់ថ្លៃផ្ទះជួលទៀត»។

បើតាមអ្នកស្រី ឆុន ស្រីនី សំណុំរឿងកម្មកររោងចក្រ រ៉ូស៊ីង បានបញ្ជូនដល់ដៃ​ក្រុមប្រឹក្សាអាជ្ញាកណ្ដាលជាច្រើនថ្ងៃហើយ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់មានការសម្រេចយ៉ា​ងណានៅឡើយទេ។

អគ្គលេខាធិការរងគណៈកម្មការដោះស្រាយកូដកម្មបាតុកម្មគ្រប់មុខសញ្ញា នៃក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ លោក វង្ស សុវណ្ណ មានប្រសាសន៍ថា លោកមិនបានកាន់សំណុំរឿងនៅរោងចក្រនេះទេ ប៉ុន្តែ​មន្ត្រី​ក្រសួងការងារបានចុះសម្របសម្រួលករណីហើយ ដោយភាគីកម្មករនិងភាគីរោងចក្រមិនព្រមព្រៀងគ្នា ទើបជំរុញទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល​ដោះស្រាយបន្ត។

វីអូឌី មិនអាចសុំការបញ្ជាក់ពីប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្ដាល លោក ប៉ែន សាវ៉ាត និង​ប្រធាន​រដ្ឋបាលរោងចក្រ​រ៉ូស៊ីង អ្នកស្រី ឡាក់ ដារ៉ាមុន្នី បានទេ នៅថ្ងៃនេះ។ 

ប៉ុន្តែ​អ្នកស្រី​ ឡាក់ ដារ៉ាមុន្នី ​បាន​ប្រាប់ វីអូឌី កាលពីថ្ងៃទី១១ ខែមេសា​ ថាករណី​រោង​ចក្រ​បញ្ឈប់​កម្មករក្នុងចំនួន​ច្រើននេះ ដោយ​សារ​គ្មាន​ការ​បញ្ជាទិញ ហើយថាការបញ្ឈប់កម្មករនេះ គឺបានជូនដំណឹងត្រឹម​ត្រូវ​ទៅតាម​ផ្លូវ​ច្បាប់។ យ៉ាងណា នៅពេល​សួរថា តើរោងចក្រ​ រ៉ូស៊ីង ​ត្រូវបិទទ្វារ​ឬយ៉ាង​ណា​នោះ​ ប្រធានរដ្ឋ​បាល​រោង​ចក្ររូបនេះ​សុំមិនឆ្លើយនោះទេ។

កាលពីថ្ងៃទី១៩ ខែមេសានេះ កម្មករជាង២០០នាក់ធ្វើការនៅ​រោងចក្រកាត់ដេរ ឃែនធើរេន អីភែរឹល (ខេមបូឌា) ក៏បាន​នាំគ្នា​​តវ៉ា​បិទ​កំណាត់​​ផ្លូវ​វេង​ស្រេងជិត១ម៉ោង ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ដើម្បី​​​​​ទាម​​ទារ​ឱ្យថៅកែទូទាត់​ប្រាក់អតីតភាពការងារ និងប្រាក់​អត្ថប្រយោជន៍​​ផ្សេងៗ​​តាម​​​ច្បាប់ ក្រោយ​​​ពួកគេអះអាងថា ថៅកែ​បាន​ប្រមូលសម្ភារ​ផ្សេងៗ​​ចេញពីរោងចក្រ ដោយមិនផ្ដល់ដំណឹងដល់កម្មករ។

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) បានបង្ហាញការខកចិត្តចំពោះក្រសួងការងារ ដែលមិនមានចំណាត់ការលើនិយោជក ក្រោយពីរោងចក្របាន​បិទទ្វារ និងបានបណ្ដេញកម្មករចេញពីការងារ ដោយមិនបានទូទាត់អត្ថប្រយោជន៍ជូនកម្មករនិយោ​ជិត​​​តាម​ច្បាប់ស្ដីពីការងារ។

សម្ព័ន្ធសហជីពមួយនេះឱ្យដឹងថា រោងចក្រចំនួន២៣ទីតាំង ដែលមានកម្មករសរុប​១ ៤០៨នាក់ បានរងគ្រោះដោយការបញ្ឈប់ពីការងារ បន្ទាប់ពួកគេប្រើប្រាស់សិទ្ធិក្នុងការបង្កើតសហជីពក្នុងសហគ្រាសនិងគ្រឹះ​ស្ថាន​​ដែលពួកគេកំពុង​ធ្វើការ ខណៈរោងចក្រខ្លះទៀតត្រូវបាន​បិទ​ទ្វារដោយសារ​ថៅកែមិនបានទូទាត់​​ប្រាក់​ជូន​កម្មករតាមច្បាប់ការងារឡើយ។

មួយទៀត​​នោះ សំណុំរឿងមួយចំនួនដែល​ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានដោះស្រាយនិងសម្រេចឱ្យកម្មករ​ឈ្នះ​ហើយ គឺមិនត្រូវបានថៅកែឬនិយោជកអនុវត្តតាមសេចក្ដីបង្គាប់​របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលឡើយ ដែលករណីនេះ សហជីពចាត់ទុក​ថាជា​ការរំលោភសិទ្ធិមនុស្ស​ធ្ងន់​ធ្ងរ និង​ជា​ការកេងប្រវ័ញ្ចកម្លាំងពលកម្ម​កម្មករ ដែលត្រូវបានហាមឃាត់ដោយច្បាប់ផងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ