អ្នកនយោបាយ​ខ្លះ​ចាត់ទុក​ច្បាប់​រំលាយ​គណបក្ស​រារាំង​ដល់​ការ​ផ្ទេរ​អំណាច​បែប​ប្រជាធិបតេយ្យ

លោក​​ អ៊ូ ច័ន្ទរ័ត្ន អ​នុប្រធានបណ្ដោះអាសន្នគណបក្សកែទម្រង់កម្ពុជា ផ្ដល់បទសម្ភាន៍ពាក់ព័ន្ធនឹងគណបក្សកែទម្រង់កម្ពុជា ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ (ហ៊ុយ ឧស្សាហ៍)

អ្នកនយោបាយមួយចំនួនដែលចូ​លរួ​មប្រ​កួតការ​​​បោះឆ្នោ​ត បានលើកឡើ​ងថា​ «ច្បា​ប់រំលាយគ​ណបក្ស​» ជា​​ឧ​ប​ក​រណ៍រារាំ​ងដ​ល់ការផ្ទេរអំណាច​ ដោយសន្តិវិធីតាម​ប្រព័​ន្ធ​​ប្រជា​ធិបតេយ្យ បើ​ច្បាប់នេះ​មិន​ត្រូវបា​​នកែលម្អ​​​ឬលុបចោល​ទេនោះ។

គ​ណបក្សស​ង្គ្រោះជាតិ ​ដែលមានអាសនៈ​ប្រហាក់ប្រ​ហែលគណ​ប​ក្សប្រ​ជាជាន​កម្ពុជាដែ​រនោះ ត្រូវ​បាន​តុលាការកំពូលរំលាយ ហើយផាត់​ចេញ​ពីឆាកន​យោបាយរហូតបច្ចុប្ប​ន្ន ដោយ​​ចោទ​ប្រកាន់ថ្នាក់ដឹក​នាំ​​គណបក្សប្រឆាំងមួយនេះថាបានគប់គិតជាមួ​យសហរ​ដ្ឋអាមេរិ​កចង់ផ្ដួលរំលំរដ្ឋាភិបាល។​

បញ្ហានេះ ​អ​នុប្រធានបណ្ដោះអាសន្នគណបក្សកែទម្រង់កម្ពុជា លោក​​ អ៊ូ ច័ន្ទរ័ត្ន យល់ឃើញថា ច្បាប់រំលាយគណបក្សនេះប៉ះពាល់ធ្ងន់ធ្ងន់ដល់ប្រព័ន្ធប្រជាធិបតេយ្យ។

​​លោកបាន​គូសបញ្ជាក់ថា ច្បាប់នេះបានបើកឱកាសឱ្យអ្នកដែលមានឥទ្ធិពលលើតុលាការ ​ឬមានឥទ្ធិពលលើកម្លាំងប្រដាប់អាវុធ ប្រើប្រាស់​​ច្បាប់នេះ​ ដើ​ម្បីកម្ចាត់ដៃគូប្រកួតប្រជែងដែលមានសក្ដានុព​ល។ ការណ៍នេះ​​ជាហានិភ័​យដល់យន្តការផ្ទេរអំណាចដោយសន្តិវិធីតាមបែបប្រជាធិបតេយ្យ ប្រសិនបើច្បាប់នេះមិនត្រូវបានលុបចោលទេនោះ។

លោកថា៖ «មានច្បាប់ដែលអាចរំលាយបានបែបនេះ សង្គមនឹងនៅ[បន្តក្នុងស្ថានភាព]អីចឹង! អ្នកណាដែលមានអំណាចកាំ​ភ្លើង មានអំណាចលើតុលាការ មានអំណាចលុយ នៅតែគ្រប់គ្រងអំណាចរហូត […] យើងឃើញដូចកា​ររំលាយគណបក្សសង្គ្រោះជាតិអ៊ីចឹង ពេលដែលមានការគាំទ្រខ្លាំងហើយអីហើយ អាចនឹងយល់ថានឹងមានការផ្លាស់ប្ដូរអំណាចដោយសន្តិវិធីហើយហ្នឹង ក៏ត្រូវបានរំលាយមកវិញ»។

​​ប្រធានគ​ណបក្ស​ឆន្ទៈខ្មែរ​ លោក គង់ មូនី​កា លើកឡើងថា ការប្រកួតអំណាចតាមបែបប្រ​ជាធិបតេយ្យមិនគួរមា​នច្បាប់រំលាយដៃគូប្រជែង​នយោបាយនោះ​ទេ តែរដ្ឋាភិបាលចាំបាច់ធ្វើច្បាប់ធានាឱ្យការបោះឆ្នោត ឬទីលានប្រកួតអំណាច មានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។

លោកយល់ថា ច្បាប់នេះ គឺជាការអនុវត្តផ្ទុយពីឆន្ទៈរបស់ប្រជាពលរដ្ឋ ហើយថាក៏បង្កការរងគ្រោះដល់ដៃគូប្រកួតដែលមានសក្ដានុពលផងដែរ។

លោកថា៖ «ខ្ញុំចង់ឃើញថា វាគួរតែអ្នកនយោបាយខ្មែរចាប់ផ្ដើមងាកមកជជែកគ្នាអំពីផលប្រយោជន៍រប​ស់ប្រទេសជាតិ ផលប្រយោជន៍ជាចម្បង ឈប់ផ្ដោតលើការប្រកួតប្រជែងឬការខ្វែងគំនិតគ្នាផ្នែកន​យោ​បាយហ្នឹង យកបញ្ហាទាំងអស់ហ្នឹងមកធ្វើជារបៀបវារៈកំពូលឈ្លោះគ្នា ហើយវាបំផ្លាញផលប្រយោ​ជ​ន៍​រ​បស់ប្រទេសជាតិ»។

បញ្ហានេះ លោក គង់ មូនីកា ចង់ឃើញអ្នកនយោបាយខ្មែរកែច្បាប់ ដើម្បីបើកលំហប្រជាធិបតេយ្យឡើងវិញ។

អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត សាម អ៊ីន លើកឡើងថា ក្នុងសង្គមប្រជា​ធិបតេយ្យមិនគួរមានច្បាប់រំលាយគណបក្សនយោបាយនោះទេ ត្រូវបង្កើ​​តច្បាប់ដើម្បីដាក់កំ​ហិ​ត​ស​កម្មភាពនយោបាយដែល​បង្កអស្ថិរភាពដល់ប្រព័ន្ធប្រជាធិបតេយ្យ ព្រោះថាច្បាប់រឹបអូសឆន្ទៈព​លរដ្ឋហាក់ងាកចេញពីស្មារតីរដ្ឋធម្មនុញ្ញ។

យ៉ាងណា លោកគិតថា ច្បាប់រំលាយគណបក្សបានទុកឱកាសឱ្យគណបក្សកាន់អំណាចប្រើប្រាស់ដើម្បីផាត់ដៃគូប្រកួតនយោបាយដែលមានសក្តានុពលបានគ្រប់ពេល ហើយការណ៍នេះជំរុញឱ្យភាពអយុត្តិធម៌លើទីលានប្រកួតនយោបាយតាមយន្តការប្រជាធិបតេយ្យ បើច្បាប់នេះមិនត្រូវបានកែលម្អទេនោះ។

លោកថា៖ «អ៊ីចឹងវាផ្ដល់ឱ្យមានការប្រកួតប្រជែងក្នុងសង្គមប្រជាធិបតេយ្យហ្នឹង វាហាក់ដូចជាមិនមានភាពយុត្តិធម៌ មានភាពរើសអើងច្រើន ហើយផ្ដល់ឱកាសឱ្យអ្នកកាន់អំណាចហ្នឹង ដូចជា ផាត់គូប្រកួតប្រជែងដោយងាយស្រួល ដោយប្រើប្រាស់យន្តការច្បាប់រំលាយគណបក្សហ្នឹង»។

យ៉ាងណា អ្នកនាំគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានច្រានចោលការលើកឡើងនេះ ដោ​យស​ម្អាងថា គណបក្សដែលចូលរួមការបោះឆ្នោតទាំងនោះមិនបាច់ព្រួយបារម្ភទេ បើខ្លួនមិនបានធ្វើអ្វីខុសច្បាប់នោះ។

លោកថា៖ «បើអត់ខុស នរណារំលាយយើងចោល? មកពីយើងធ្វើខុស អាហ្នឹងបានគេរំលាយអាហ្នឹង! វាត្រូវតាមគោលការណ៍ច្បាប់ហើយ បើមិនចង់ឱ្យគេរំលាយ កុំធ្វើខុសទៅ»។

ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលត្រូវបានតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា​កែដាក់ឱ្យប្រើប្រាស់ប្រកាសយ៉ាងប្រញាប់អំឡុងឆ្នាំ២០១៧ មាត្រា៤៤ថ្មី ចែងថា គណបក្សនយោបាយដែលបានប្រព្រឹត្តល្មើសមាត្រា៦ និង៧ តុលាការអាចផ្អាកសកម្មភាពមិនលើសពី៥ឆ្នាំ និងរំលាយគណបក្សនោះ។

មាត្រា៦ វិញចែងថា គណបក្សនយោបាយមិនត្រូវធ្វើឱ្យមានអបគមន៍ ឬបំបែករដ្ឋ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ ធ្វើឱ្យប៉ះពាល់សន្តិសុខរដ្ឋ បង្កើតកម្លាំងប្រដាប់អាវុធ និងធ្វើការញុះញង់ឱ្យមានការបែកបាក់ជាតិ ជាដើម។

តែយ៉ាងណា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា បង្ហាញការព្រួយបារម្ភថា ខណៈដែលប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមិនទាន់ឯករាជ្យនោះ គណបក្សកាន់អំណាចនឹងប្រើច្បាប់នេះ ដើ​​ម្បី​​រា​រាំងដៃគូប្រកួតដែលមានសក្ដានុពល ហើយក៏ជាឧបសគ្គដល់យន្តការផ្ទេរអំណាចដោយសន្តិវិធីតា​ម​បែប​ប្រជាធិបតេយ្យផងដែរ។

លោកថា៖ «បើសិនជាគណបក្សណាមួយគាត់មានកម្លាំងខ្លាំង គាត់មានឥទ្ធិពលអាចប្រកួតប្រជែងអំណាចបាន ពេលនោះគណបក្សហ្នឹងនឹងប្រឈមទៅនឹងប្រព័ន្ធយុត្តិធម៌បែបហ្នឹងហើយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ