វិភាគ៖ តើ​ពលរដ្ឋ​គួរ​យល់ដឹង​ពី​ប្រព័ន្ធ​បោះឆ្នោត​ឬទេ?

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មណ្ឌលក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ជន ចាន់រ៉ែន)

​​​ជ​ម្លោះ​​ដី​ធ្លី​ ​វិបត្តិទី​​ផ្សា​រកសិករ​ ​ប​​ញ្ហាគ្រឿ​ង​ញៀន ​ចំណាកស្រុក​ ​រួមទាំ​ងវិបត្តិនយោបាយ ជាប្រ​​ធា​ន​​ប​ទមួយឆ្លុះប​ញ្ចាំង​ពី​ទំនួលខុសត្រូ​វ​រប​​ស់​​រដ្ឋាភិបាលដែលកើ​តចេ​​ញ​ពីការបោះ​ឆ្នោត​។

ស្រប​​គ្នានឹ​ងប​ញ្ហាដែ​ល​បាន​បន្សល់ទុកទាំ​ង​​នេះ​ ​​គណ​​ប​ក្ស​ន​យោបា​យចំនួន​១​៧​ ​រួ​ម​ទាំ​ងគ​ណបក្សកាន់អំណា​ច​​ផ​ង ​បា​នដាក់​បេក្ខភា​ពរ​​ប​ស់​ពួក​គេ​​រួច​រាល់ហើយ​ ​ដើម្បីចូលរួម​​ដ​​ណ្ដើមតំណែ​ង​​ថ្នា​​​ក់​ដឹកនាំ​នៅ​ថ្នាក់ឃុំ​សង្កា​​ត់ ដែលការប្រកួតនេះនឹង​ប្រព្រឹត្ត​​ទៅ​​នៅថ្ងៃ​ទី៥​ ខែ​មិ​ថុនា ​ឆ្នាំ​២០​២២នេះ​​​។

​ដោយ​ឡែ​ក​​​ រ​ដ្ឋ​​ធម្ម​​​នុញ្ញ​ដែ​ល​ប្រ​កា​​​ស​ឱ្យ​ប្រើចា​ប់​តាំង​ពី​ឆ្នាំ១​៩​​៩៣​ ​បា​ន​​ចែ​ង​ថា ក​ម្ពុជា​អនុ​វត្តន​យោបាយប្រជាធិបតេយ្យ​សេរីពហុបក្ស។ ប្រជាពលរដ្ឋខ្មែរទាំង២ភេទ ជាម្ចាស់ជោគវាសនានៃប្រ​ទេសជា​តិ​របស់ខ្លួន។ រដ្ឋាភិបាលអនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការពារឯករាជ្យជាតិ។​

មាត្រា៣​៥ នៃច្បាប់កំពូលនេះចែងថា៖ «​សេចក្ដីស្នើទាំ​ងឡា​យ​រ​ប​​ស់​ប្រ​​ជា​​​ព​ល​​រដ្ឋ​ ត្រូវបា​នទទួ​លកា​រពិ​និត្យ​និង​ដោះស្រាយយ៉ាងហ្មត់ចត់ពី​អង្គការរដ្ឋ​»។ ​

បញ្ហាទាំង​នេះប​ង្កើ​តជាសំណួរថា តើពលរដ្ឋគួរយល់ដឹង​ពីប្រព័ន្ធបោះឆ្នោតទេ?

ប្រធាន​មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និ​ងសិទ្ធិមនុ​ស្ស លោ​ក មឿន តុលា ពន្យល់ថា ក្នុងសង្គមប្រជាធិប​តេ​យ្យ​ ពលរដ្ឋជាអ្នកជ្រើសរើសមេដឹកនាំ ហើយប្រ​ព័ន្ធជ្រើសរើសត្រូវធានាការបោះ​ឆ្នោតមានលក្ខណៈ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌ ដើម្បី​ការ​ពារ​ឆន្ទៈ​ប្រជាពលរដ្ឋ។ ក៏ប៉ុន្តែលោកថា ​បើប្រ​ព័ន្ធជ្រើសរើស​​នោះ​មិនអា​ចការពារឆន្ទៈពលរដ្ឋបានទេ​ មន្ត្រីចូលកាន់អំណាចនឹងគិតប្រ​យោ​ជ​ន៍​បក្សជាធំ មិនសូវស្ដាប់ការទា​មទាររបស់ប្រជាព​លរដ្ឋនោះ​ទេ។

ប​ញ្ហាទាំងនេះ ​លោក មឿន តុលា គិតថា ប្រព័ន្ធបោះឆ្នោតផ្សារភ្ជាប់យ៉ាងជ្រៅទៅក្នុងជីវភាពរស់នៅរប​ស់ប្រជាពលរដ្ឋ។

លោកថា៖ «​បើសិនជាគាត់រើសបានមេដឹកនាំហ្នឹង​មានលក្ខណៈ​សង្គ្រាម​និយម មួយអាណត្តិហ្នឹង គាត់​រ​ស់​​នៅដោយ​ភ័យខ្លាច។ បើសិនជាគាត់​រើសបានមេដឹកនាំហ្នឹងគិតតែពីរំលោភសិទ្ធិមនុស្ស មួយអា​ណត្តិ​ហ្នឹ​ង គាត់វក់វីភ័យខ្លាចតែគេរំលោភយកដី រំលោភយកផ្ទះ រំលោភយកស្អីផ្សេងៗរបស់គាត់។ ក៏ប៉ុន្តែបើ​​គា​ត់រើសបានមេដឹកនាំមួយដែលមានការគិតគូរអំពីការអភិវឌ្ឍជាតិ មានការគិតគូរអំពីសិទ្ធិរបស់ព​ល​រដ្ឋជាធំ អាហ្នឹងជីវភាពរបស់គាត់ក៏រីកចម្រើនតាមហ្នឹងដែរ»។

បន្ថែមពីនេះ លោកបង្ហាញជាទស្សនៈ​ថា ការដែល​ពលរដ្ឋ​រក្សាភាព​ស្ងៀម​ស្ងាត់ ប្រៀប​ដូច​លើក​ជើងពានអំណាចឱ្យទៅអ្នករំលោភសិទ្ធិ។ ក៏ប៉ុន្តែលោកមើលឃើញថា ពលរដ្ឋពេលនេះហាក់សកម្ម​ក្នុង​ការចូល​រួម​ជីវភាព​នយោបាយ​ឡើងវិញ ខណៈការបោះឆ្នោតជិតមកដល់។

នាយក​ប្រតិបត្តិ​​អង្គការ​និចហ្វិក​ដែលឃ្លាំ​មើល​ការ​បោះឆ្នោត​ លោក សំ គន្ធាមី ចាត់​ទុកប្រព័ន្ធបោះឆ្នោតពាក់​ព័ន្ធ​នឹង​ជីវភាព​រស់នៅ​របស់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ លោកពន្យល់ថា ប្រព័ន្ធបោះឆ្នោតជាការផ្ដល់ឱកាស​ឱ្យពលរដ្ឋបោះឆ្នោតជ្រើសរើសតំ​ណាងឬថ្នាក់ដឹកនាំដែលពួកគេពេញចិត្ត ដើម្បីឱ្យតំណាងទាំងនោះបំពេញការងារ​ឆ្លើយតបទៅនឹងតម្រូវកា​​រ​របស់ខ្លួន។

ប៉ុន្តែលោកមើលឃើញថា ដើម្បីរើសបានតំណាង​ដែលយកចិត្តដាក់ដោះស្រាយប​ញ្ហា​​​រ​បស់ខ្លួន លុះណា​តែម្ចាស់ឆ្នោត​ឈ្វេងយល់ពីប្រព័ន្ធបោះឆ្នោត និង​កម្មវិធីនយោបាយរបស់គណបក្សដែលចូលរួមប្រ​កួតប្រជែង ទើប​អាចដោះស្រាយបញ្ហានៅក្នុងសហគមន៍បាន។

លោកថា៖ «ទី១ មើលពីគោលនយោបាយ ទី២ មើលពីសមាសភាព​ រចនាសម្ព័ន្ធរបស់បក្សហ្នឹង[បក្សនី​មួ​យៗ​] តើគណបក្សហ្នឹងមានប្រជាធិបតេយ្យក្នុងបក្ស​ឬក៏អត់? ឬក៏ផ្ដាច់ការដែរឬក៏យ៉ាងម៉េច? និងសមាសភាពបេក្ខជន ដូចជា ក្រុមប្រឹក្សាឃុំក្ដី តំណាងរាស្ត្រក្ដី តើសមត្ថភាពអ្នកហ្នឹងធ្លាប់សន្យាពេលឃោសនាហ្នឹង តើជឿថាគាត់ធ្វើទេ? អនុវត្តអត់? ឬក៏សន្យាលចោល?»

ជាការកត់សម្គាល់ ជម្លោះនយោបាយ​ក៏ជាបញ្ហាចម្បងមួយបង្កឱ្យប្រទេសជាតិ​ខាតបង់ និងបង្កការឈឺចាប់ដល់ប្រជាពល​រដ្ឋដែលរងភាពអយុត្តិធម៌ ​រួមទាំងបង្កផលប៉ះពាល់​ដល់ជីវភាពរស់នៅប្រចាំថ្ងៃ​ផង​ដែរ បើមាន​សមាជិក​គ្រួសារណាម្នាក់ត្រូវបានចាប់ឃុំខ្លួនដោយសារតែចូលរួមក្នុងជីវភាពនយោបាយនោះ។

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេ​ក ​សុជាតិ ​យល់ឃើញថា ប​ញ្ហាសង្គមដែលបាន​បន្ស​ល់​ទុក រួម​ទាំងការបាត់បង់ធនធានធម្មជាតិ​ ការ​ប្រើប្រាស់សម្បត្តិជាតិ​​ខ្វះតម្លាភាព និងអំពើអ​យុត្តិ​ធម៌​សង្គម ​ជាដើម បានឆ្លុះបញ្ចាំងអំពី​សមត្ថភាព​ដោះស្រាយ​ជូន​សង្គមនិង​ប្រជា​ពលរដ្ឋ​របស់​អ្នក​នយោ​បាយដែល​គ្រប់​គ្រង​អំណាច។

លោក​គិត​ថា បញ្ហា​នេះនឹង​មិន​ប្រសើរ​ច្រើន​ទេ​ទៅថ្ងៃអនាគត បើប្រព័ន្ធ​បោះ​ឆ្នោត​មិន​អាច​ការ​ពារ​ឆន្ទៈពលរដ្ឋ​បាន រួម​ទាំង​ពលរដ្ឋខ្លួនឯងខ្វះភាពឆ្លាតវ័យ​ក្នុងការតាមដានប្រព័ន្ធបោះឆ្នោតនោះ។

លោកថា៖ «ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតមានភាពឆ្លាតវ័យ គាត់អាចរើសបានមេដឹកនាំដែលជួយគា​​​​ត់​​នៅ​ក្នុងការដោះស្រាយបញ្ហាអសកម្ម អយុត្តិធម៌នៅក្នុងសហគមន៍ ក្នុងមូលដ្ឋានរបស់គាត់។ ប៉ុន្តែបើ​​​​​សិនជាគាត់​នៅ​បន្ត […] ធ្វើកិច្ចការដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនបន្តិចបន្តួចហ្នឹង គឺគាត់បន្តជួបនូវវិបត្តិផ្សេ​​​​​ង​ៗនៅក្នុង​សហគមន៍របស់គាត់ដដែលទេ»។

យ៉ាងណា លោក សុជាតិ ផ្តល់​ជាយោបល់ថា ដើម្បីឱ្យប្រជាពលរដ្ឋរើសមេដឹកនាំដែលគិតប្រយោជន៍ជាតិ និងទ​ទួល​យកសេចក្ដីរបស់ប្រជាពលរដ្ឋយកទៅដោះស្រាយយ៉ាងហ្មត់ចត់ ដូចមានចែងក្នុងរដ្ឋធម្ម​នុញ្ញ ទា​ល់​​តែអ្នកនយោបាយ​ស្រុះស្រួល​គ្នា ប្រែក្លាយប្រព័ន្ធបោះឆ្នោត​ទៅជាប្រព័ន្ធរបស់ជាតិ លុ​​ប​​ចោ​លច្បា​ប់រឹ​ប​អូស​ឆន្ទៈ​ពលរដ្ឋ និងទប់ស្កាត់ការរើសអើ​ងខាងផ្នែកនយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ