ហេតុការណ៍​បាញ់​តដៃគ្នា​នៅ​ស្រុកអង្គស្នួល៖ សមត្ថកិច្ច​ស្មាន​ខុស​ថា​ជនល្មើស​គ្មាន​អាវុធ​ក្នុងដៃ

នៅព្រឹកថ្ងៃសុក្រ​ ទី២២ ខែ​មេសា ឆ្នាំ​២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាល រួមនឹងមន្ត្រីពាក់ព័ន្ធផ្សេងៗចូលរួម​គោរព​វិញ្ញាណក្ខន្ឋសពមន្ត្រីនគរបាល០២រូបដែលបានពលីជីវិត ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន​នៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល)

សមត្ថកិច្ច​​ខេត្តកណ្ដាលឱ្យដឹង​ថា ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់មន្ត្រីនគរបាលពីរនាក់នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន បានស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

លោកវរសេនីយ៍ទោ ស្វាយ ផល្លា ប្រធានផ្នែកព្រហ្មទណ្ឌស្រុកអង្គស្នួល បានប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះថា ក្រៅពីជនល្មើសស្លាប់ម្នាក់ និងរស់ម្នាក់ នៅមានបក្ខពួករបស់ពួកគេចំនួន៥នាក់ទៀតបានរត់គេចខ្លួន ហើយអាជ្ញាធរកំពុងតាមរកចាប់ខ្លួន។

លោកវរសេនីយ៍ទោបានសន្និដ្ឋានថា ហេតុការណ៍បាញ់តដៃគ្នានៅស្រុកអង្គស្នួលនេះបានកើតឡើង ដោយសារសមត្ថកិច្ចស្មានខុសថាជនល្មើសគ្មានអាវុធនៅក្នុងដៃ នៅពេលចុះបង្ក្រាប។

លោកថា៖ «គេចខ្លួន៥នាក់ទៀត ខ្ញុំកំពុងតាម [ស្រាវជ្រាវតាមចាប់]។ [តើអាជ្ញាធរជួបបញ្ហាអីអំឡុងពេលប្រតិបត្តិការ ទើបឈានដល់បាត់បង់ជីវិត?] យើងសន្និដ្ឋានថា វា [ក្រុមជួញដូរគ្រឿងញៀន] អត់មានអាវុធ អត់មានអី [តែ] វាបាញ់តដៃជាមួយសមត្ថកិច្ចយើង។ [ជនល្មើស] មានអាវុធ មានដាវអីគ្រប់យ៉ាង»។

តាមតុល្យការបឋម នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល គិតត្រឹមរសៀលថ្ងៃសុក្រនេះ សមត្ថកិច្ចពីរនាក់បានស្លាប់ និងម្នាក់រងរបួស ខណៈជនល្មើសម្នាក់បានស្លាប់ ឃាត់ខ្លួនម្នាក់ និង៥នាក់កំពុងរត់គេចខ្លួន។

មន្ត្រីនគរបាលទាំង២រូបដែលបានស្លាប់នោះ រួមមាន លោកវរសេនីយ៍ត្រី ជុច សុភា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទួលព្រេច និងលោកអនុសេនីយ៍ទោ រីម សុផាន់ណា មន្ត្រីផ្នែកប្រឆាំងគ្រឿងញៀន ខណៈមន្ត្រីនគរបាលប៉ុស្តិ៍ឃុំទួលព្រេចម្នាក់ទៀត លោក វ៉ន រុទ្ធី បានរងរបួសស្រាល។

ស្នងការនគរបាលខេត្តកណ្ដាល លោក ឈឿន សុចិត្ត ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា ក្រោយហេតុការណ៍នេះ អាជ្ញាធរខេត្តនឹងខិតខំពង្រឹងកិច្ចការជំនាញរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រតិបត្តិការបែបនេះ។

លោកថា៖ «[ជនល្មើស] ស្លាប់ម្នាក់ ចាប់បានម្នាក់ទៀត រស់។ [អាវុធជនល្មើសមានប្រភពពីណា?] រឿងហ្នឹងយើងកំពុងស្រាវជ្រាវ។ [អាជ្ញាធរនឹងធ្វើយ៉ាងណាបន្ត ក្រោយករណីសមត្ថកិច្ចបាត់បង់ជីវិត?] យើងនឹងពង្រឹងកិច្ចការជំនាញយើងបន្ថែម»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ