យុវជន​មួយ​ក្រុម​ធ្វើ​យុទ្ធនាការ​១០០០ឱកាស សម្រាប់​ការងារ​ហាត់ការ​ដែល​មា​ន​ប្រាក់កម្រៃ​ដល់និស្សិត

សមាជិកនៃក្រុមធុរកិច្ចបង្កើតថ្មី ខេមស៊ីដ (CamSeed) ដែលចាប់ផ្ដើមធ្វើយុទ្ធនាការតាមអនឡាញក្រោមឈ្មោះថា «១០០០ឱកាស» សម្រាប់ផ្ដល់ឱកាសការងារហាត់ការដោយមានប្រាក់កម្រៃដល់និស្សិត។ (ផ្ដល់ឱ្យ)

យុវជនមួយក្រុមធ្វើយុទ្ធនាការតាមអនឡាញក្រោមឈ្មោះថា «១០០០ឱកាស» សម្រាប់ការងារហាត់ការ​ដល់និស្សិត ក្នុងគោលបំណងភ្ជាប់ទំនាក់ទំនង​ទៅនឹងក្រុមហ៊ុនឬស្ថាប័ននានា ដើម្បីឱ្យពួកគេទទួលបានឱកាសហាត់ការ បានទាំងបទពិសោធន៍ការងារ អភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន និងទទួលបានទាំងប្រាក់កម្រៃ។

យុទ្ធនាការនេះត្រូវបានពួកគេធ្វើឡើង​តាមរយៈគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយជាផ្លូវការ នៅថ្ងៃទី២៥ ខែមេសានេះ។

ប្រធានក្រុមធុរកិច្ចបង្កើតថ្មី ខេមស៊ីដ (CamSeed) លោក ហាវ សុផារិទ្ធ ថ្លែងថា តាំងពីមានការ​រាត​ត្បាតជំងឺកូវីដ-១៩មក មាននិស្សិតប្រមាណ២០ម៉ឺននាក់ដែលខកខានទទួលបាននូវឱកាស​សិក្សាពេញលេញប្រកប​ដោយ​គុណភាពនៅមហាវិទ្យាល័យផ្ទាល់។ លោកបន្ថែមថា ពួកគេបានត្រឹមរៀនសូត្រតាមអនឡាញនៃកម្មវិធីសិក្សា ដោយមិនសូវបានធ្វើសកម្មភាពនៅខាងក្រៅសាលាប៉ុន្មានទេ ពោលគឺដូចជាការងារហាត់ការជាដើម។

លោកថា ការហាត់ការ គឺមានសារៈសំខាន់សម្រាប់បង្កើតបទពិសោធន៍ថ្មីៗដល់និស្សិត។ យ៉ាងណា លោកថា ក្រុមហ៊ុនឬសហគ្រាសជាច្រើននៅកម្ពុជា ហាក់មិនទាន់បានបើកឱកាសទូលាយឱ្យនិស្សិតបានចូលហាត់ការនៅស្ថាប័នរបស់ពួកគេនៅឡើយ។ លោកបន្តថា បើទោះជាស្ថាប័នខ្លះផ្ដល់ឱកាសដល់ពួកគេក៏ដោយ ប៉ុន្តែពុំសូវគាំទ្រឬឧបត្ថម្ភជាប្រាក់កម្រៃត្រលប់ទៅនិស្សិតវិញនោះឡើយ។

យុវសិស្សវ័យ១៧ឆ្នាំ ដែលកំពុងសិក្សាថ្នាក់ទី១២ នៅសាលាអ៊ីធូស្ទេម អ៊ីឌូខេសិន ឬសាលាជំនាន់ថ្មី ព្រះយុគន្ធរ រូបនេះថា លោកនិងសមាជិក២រូបទៀតបានបង្កើតយុទ្ធនាការនេះឡើងសម្រាប់និស្សិតដែលសិក្សានៅមហាវិទ្យាល័យពីឆ្នាំទី១-៤ ឬបញ្ចប់ការសិក្សាហើយ ហើយចង់ហាត់ការនៅក្រុមហ៊ុននានាដោយទទួលបានកម្រៃ។ ក្នុងនោះ ឱកាសសម្រាប់ការងារហាត់ការនេះមានចំនួន១ ០០០កន្លែង។

លោកបន្តថា៖ «ពិសេសអ្នកដែលគាត់មកពីខេត្តមកពីអីអ៊ីចឹង ពួកគាត់មករៀននៅភ្នំពេញ ពួកគាត់ត្រូវធ្វើការ ស្នាក់នៅ ញ៉ាំអី ធ្វើដំណើរ ថ្លៃអ៊ីនធឺណិត ថ្លៃកាតទូរសព្ទអីអ៊ីចឹងទៅ។ បើពួកគាត់រៀនហើយ support [ផ្គត់ផ្គង់] ខ្លួនឯង ហើយពួកគាត់ធ្វើការហាត់ការហ្នឹង ទោះដើម្បីស្វែងរកបទពិសោធន៍មែន ប៉ុន្តែបើពួកគាត់អត់ទទួលបាននូវជំនួយពីខាង host organization [ស្ថាប័ន] ហ្នឹង នៅក្នុងការចាប់ផ្ដើមផ្ដល់ជាប្រាក់កម្រៃសមរម្យទៅដល់ពួកគាត់ជាអ្នកហាត់ការទេ ពួកគាត់ក៏ពិបាកដែរនៅក្នុងការចាប់យកឱកាស[ហាត់ការ]ទាំងអស់ហ្នឹង»។

យុវសិស្សរូបនេះថា យុទ្ធនាការធ្វើឡើងពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ក្នុង១វគ្គៗមានរយៈពេល៣ខែ។

លោកថា ក្នុងនោះ និស្សិតគ្រប់ជំនាញសុទ្ធតែអាចដាក់ពាក្យហាត់ការបាន យ៉ាងណាអាស្រ័យតម្រូវការនៃផ្នែកនីមួយៗរបស់ក្រុមហ៊ុន ដូចជា ផ្នែកទីផ្សារ គណនេយ្យ ព័ត៌មានវិទ្យា ជំនួញ ជាដើម។

បើតាមលោក ហាវ សុផារិទ្ធ ក្រោយហាត់ការ និស្សិតនឹងអាចទទួលបានបទពិសោធន៌ ស្វែងយល់ពីឥរិយាបថនៅកន្លែងការងារ ហើយអាចទទួលបានប្រាក់កម្រៃជួយខ្លួនឯងនិងគ្រួសារ ឬក្រោយចប់៣ខែ និស្សិតអាចមានឱកាសធ្វើការនៅក្រុមហ៊ុននោះតែម្តង។ យ៉ាងណា លោកថា មិនទាន់អាចបញ្ជាក់ពីចំនួនក្រុមហ៊ុនឬស្ថាប័នជាដៃគូបាននៅឡើយទេ។

​អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា ថ្លែងថា ក្រសួងអប់រំសាទរចំពោះការចូលរួមទាំងឡាយណាដែលរួមចំណែកជួយពង្រឹងសមត្ថភាពនិស្សិតតាមរយ:គ្រប់រូបភាព។   

លោកថា៖ «ក្រសួងអប់រំ យុវជន និងកីឡា ស្វាគមន៍និងថ្លែងអំណរគុណចំពោះកិច្ចសហការវិជ្ជមានពីសំណាក់ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន […] ក្នុងការចូលរួមចំណែកការពង្រឹងសមត្ថភាពសិស្ស-និស្សិតតាមរយៈគ្រប់រូបភាព»។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា សម្រាប់និស្សិតភាគច្រើនមានភាពពេញនិយមលើសកម្មភាព២ អំឡុងពេលរៀនសូត្រ ទី១ គឺការងារស្ម័គ្រចិត្តដើម្បីយកបទពិសោធន៍ ដោយមិនទទួលបានកម្រៃ និងម្យ៉ាងទៀត គឺការងារហាត់ការដែលទទួលបានកម្រៃខ្លះៗទៅតាមស្តង់ដារក្នុងស្ថាប័ន ដូចជា ថ្លៃធ្វើដំណើរ ម្ហូបអាហារ ជាដើម។

ក្រៅពីនោះ លោកថា កិច្ចការនេះបានបង្រៀនឱ្យនិស្សិតមានការទទួលខុសត្រូវ ក៏ដូចជាបានជាបទពិសោធន៍ និងជួយកិច្ចការសង្គមនៅតាមមន្ទីរពេទ្យ វិស័យអប់រំ សិទ្ធិមនុស្ស និងឧស្សាហកម្ម ជាដើម។

លោកថា៖ «ទាំងការងារស្ម័គ្រចិត្ដ ទាំងការងារហាត់ការ សុទ្ធតែមានផលប្រយោជន៍ដូចគ្នា។ ទី១ គឺធ្វើឱ្យយុវជនកាន់តែមានភាពរឹងមាំ កាន់តែមានពិសោធន៍នៅក្នុងការធ្វើការ នៅពេលដែលគាត់បញ្ចប់ការសិក្សា ហើយគាត់សម្រេចចិត្តរកការងារធ្វើច្បាស់លាស់មួយហ្នឹង គឺធ្វើឱ្យគាត់មានឱកាសទៅយកប្រាក់ខែអីហ្នឹងបានគួរសមអ៊ីចឹងទៅ។ អ៊ីចឹងហ្នឹងវាជាផលប្រយោជន៍ដូចគ្នា»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ