លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យដកបម្រាមកាតព្វកិច្ចពាក់ម៉ាស់នៅក្នុងក្របខណ្ឌទូទាំងប្រទេស លើកលែងតែនៅទីកន្លែងបិទជិត។
តាមរយៈសារជាសំឡេងដែលត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គមនានា នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមេសានេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបានបញ្ជាឱ្យលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅក្នុងក្របខណ្ឌទូទាំងប្រទេស ចំពោះទីកន្លែងសាធារណៈ និងទីកន្លែងបើកចំហនានា ក្រៅតែពីទីកន្លែងបិទជិត។
កាលពីថ្ងៃទី១០ ខែមេសា ប្រមុខរដ្ឋាភិបាលកម្ពុជាបានសាកល្បងដាក់ខេត្តចំនួន៤ រួមមាន ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ ដែលជាខេត្តមិនតម្រូវឱ្យពលរដ្ឋពាក់ម៉ាស់ទៀតនោះឡើយ។
លោក ហ៊ុន សែន បន្តថា យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលផ្តល់ជម្រើសដល់ប្រជាពលរដ្ឋដើម្បីសម្រេចចិត្តខ្លួនឯងក្នុងការពាក់ម៉ាស់ ឬមិនពាក់ម៉ាស់ សម្រាប់នៅទីកន្លែងសាធារណៈ៕