ក្រសួងមហាផ្ទៃ​ធានា​មិន​ឱ្យ​លោក សៀម ភ្លុក រត់ចេញពី​កម្ពុជា​ឡើយ

លោក សៀម ភ្លុក និងមេធាវី ជូង ជូងី ធ្វើដំណើរចាកចេញពីតុលាការកំពូល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ (អ៊ូច សូនី)

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃព្រមានថា ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក នឹងមិនអាចគេចចេញពីសំណាញ់ច្បាប់កម្ពុជាបានឡើយ បើទោះជាលោកបានព្យាយាមដល់ទៅ២លើកមិនចូលទៅបំភ្លឺនៅតុលាការតាម​បណ្ដឹងរបស់ក្រសួងក៏ដោយ។

ក្រសួងមហាផ្ទៃបានប្ដឹងលោក សៀម ភ្លុក ពីបទ «ក្លែងស្នាមមេដៃក្នុងការសុំបង្កើតគណបក្សនយោបាយ» ប៉ុន្តែលោក សៀម ភ្លុក បានបដិសេធចូលបំភ្លឺនៅតុលាការ ដោយសម្អាងថា មិនទទួលបានដីកាកោះ។

បញ្ហានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា លោក សៀម ភ្លុក នឹងមិនអាចគេចខ្លួនទៅណាបានឡើយ បើទោះជាលោកបានព្យាយាមគេចវេះមិនចូលបំភ្លឺនៅតុលាការតាមដីកាក៏ដោយ ខណៈអាជ្ញាធរបានចាត់វិធានការខ្លះហើយ ដើម្បីទប់ស្កាត់កុំឱ្យស្ថាបនិកគណបក្សបេះដូងជាតិរូបនេះចេញទៅក្រៅប្រទេសបាន។

លោក ខៀវ សុភ័គ ថា៖ «សំខាន់ធានាថាមនុស្ស[លោក សៀម ភ្លុក]ហ្នឹងអត់រត់ទៅណាទេ! អត់មានច្រករត់ទេ! បើក្នុងរាល់ដីកាអី គេដាក់ទៅក្នុងបញ្ជីមិនឱ្យចេញហើយ»។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះបន្ថែមថា វិធានការបន្ត គឺក្រសួងរង់ចាំតែអនុវត្តតាមការបញ្ជារបស់ស្ថាប័នអយ្យការប៉ុណ្ណោះ។

តែយ៉ាងណា លោក ជូង ជូងី មេធាវីការពារក្ដីឱ្យលោក សៀម ភ្លុក ​អះអាងថា កូនក្ដីរបស់លោកមិនបានរត់គេចឬគេចវេះនូវការចូលបំភ្លឺដូចការចោទប្រកាន់ឡើយ ពោលគឺគាត់រង់ចាំឱ្យតែសមត្ថកិច្ចបញ្ជូនដីកាបង្គាប់ឱ្យចូលខ្លួនទៅដល់ផ្ទះប៉ុណ្ណោះ។ មេធាវីការពារក្ដី​ដដែលនិយាយថា កូនក្ដីរបស់គាត់ត្រៀមខ្លួនរួចហើយក្នុងការចូលបំភ្លឺ។

លោក ជូង ជូងី នៅតែបន្តទាមទារឱ្យចៅក្រមចេញដីកាបង្គាប់ឱ្យចូលខ្លួន បញ្ជូនទៅអាសយដ្ឋានកូនក្ដីរបស់លោកនៅទួលស្វាយព្រៃ ខណៈលោកថាកន្លងមក នគរបាលយុត្តិធម៌ពុំបានធ្វើតាមនីតិវិធី ដោយបានបញ្ជូនដីកាទៅខណ្ឌឬស្សីកែវ ដែលខុសទីតាំងទៅវិញ ហើយបែរជាដាក់សម្ពាធថា កូនក្ដីរបស់លោកមានចេតនាគេចវេះពីការចូលខ្លួនឆ្លើយបំភ្លឺ។

លោកថា៖ «ឱ្យតែសមត្ថកិច្ចបញ្ជូន [ដីកាបង្គាប់ឱ្យចូលខ្លួន] ទៅអាសយដ្ឋានរបស់គាត់ [លោក សៀម ភ្លុក] ដែលត្រឹមត្រូវ គាត់ចូលមកតុលាការហើយ ចាំបាច់រំខានឱ្យសមត្ថកិច្ចមកនាំខ្លួនគាត់ធ្វើអី! [គាត់] ត្រៀមខ្លួនចូលឆ្លើយ ឱ្យតែតុលាការចេញដីកាបង្គាប់ឱ្យចូលខ្លួន ហើយបញ្ជូនទៅដល់អាសយដ្ឋានគាត់នៅទួលស្វាយព្រៃទៅ គាត់នឹងមកចូលខ្លួនហើយ»។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មិនបានឆ្លើយតបយ៉ាងណាទេជុំវិញរឿងនេះ ដោយលោក​ថាជាប់រវល់ប្រជុំ។ ដោយឡែក អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញមួយរូបទៀត គឺលោក សួស វិទ្យារ៉ាន់ឌី ​ពុំអាចទាក់ទង​បាន​ឡើយនៅថ្ងៃអង្គារនេះ។

អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្រ្វែល លោក កន សាវាង្ស ថ្លែងថា សំណុំរឿងរបស់លោក សៀម ភ្លុក គឺពាក់ព័ន្ធរឿងនយោបាយ ដែលរដ្ឋាភិបាល និងព្រះរាជអាជ្ញារ គួរដោះស្រាយតាមរបៀបនយោបាយជាជាងការប្ដឹងផ្ដល់។

លោកថា តាមបទពិសោធន៍កន្លងមក លោកមិនដែលជួបប្រទះនូវករណីដែលក្រសួងមហាផ្ទៃប្ដឹងផ្ដល់បក្សនយោបាយទៅតុលាការបែបនេះទេ។ ​

លោក កន សាវាង្ស ចាត់ទុកការមិនចូលខ្លួនតាមដីការបស់លោក សៀម ភ្លុក ថាជាសិទ្ធិសម្រេចចិត្តរបស់លោក និងអាស្រ័យលើការជជែកជាមួយមេធាវី។

បើទោះជាយ៉ាងនេះក្ដី មន្ត្រីសង្គមស៊ីវិលរូបនេះថា ច្បាប់ស្ដីពីការចុះបញ្ជីគណបក្សនយោបាយមានការកំណត់ត្រឹមតែការបដិសេធប៉ុណ្ណោះ ពុំមានចំណុចណាមួយចង្អុលបង្ហាញថា បើរកឃើញនូវភាពមិនត្រឹមត្រូវ ហើយត្រូវប្ដឹងទៅតុលាការទេ។

លោកថា៖ «អ៊ីចឹងរឿងហ្នឹងបញ្ចប់ គឺបញ្ចប់ត្រឹមក្រសួងមហាផ្ទៃខ្លួនឯងហ្នឹង! រឿងសំខាន់ គឺគាត់ប្ដឹងទៅតុលាការអំពីរឿងការក្លែងបន្លំអីហ្នឹង។ អ៊ីចឹងចំណុចសំខាន់វានៅត្រង់ហ្នឹង វាមិនមែនសំខាន់នៅលើថាតុលាការចេញ [ដីកាបង្គាប់ឱ្យចូលខ្លួន] ឬមិនចេញទេ ពីព្រោះក្រសួងមហាផ្ទៃជាអ្នកប្ដឹងពាក់ព័ន្ធទៅរឿងការក្លែងបន្លំ [ស្នាមមេដៃក្នុងការសុំបង្កើតគណបក្ស] ហ្នឹង។ អ៊ីចឹងកន្លែងហ្នឹង គឺដក [ពាក្យបណ្ដឹង]ទៅ យើងបញ្ចប់ត្រឹមតែការបដិសេធទៅ រឿងអ្វីគ្រប់យ៉ាងវាបញ្ចប់ហើយ វាអត់មានរឿងអីត្រូវបន្តវែងឆ្ងាយទៀត»។

លោក សៀម ភ្លុក ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ​ចេញដីកាកោះហៅឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺ​ម្ដងរួចមកហើយ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងរឿងក្លែងបន្លំស្នាមមេដៃសមាជិកដើម្បីបង្កើតគណបក្សនយោបាយ។ ប៉ុន្តែនៅថ្ងៃទី២២ ខែមីនានោះ លោកមិនបានចូលទៅបំភ្លឺទេ ដោយថាមិនបានទទួលដីកាពីតុលាការ។

ដោយឡែក កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យនាំខ្លួនលោក សៀម ភ្លុក ប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ តាមរយៈកម្លាំងសាធារណៈ ឱ្យបានមុនថ្ងៃទី២៥ ខែដដែល ពាក់ព័ន្ធ​នឹង​បទ​ចោទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» ក្នុងការបង្កើត​គណបក្សបេះដូងជាតិ ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញនៅចំពោះមុខចៅក្រមស៊ើបសួរ។​

ទោះបីជាយ៉ាងនេះក្ដី កាលពីថ្ងៃទី២០ ខែមេសា​ លោក សៀម ភ្លុក បានចេញសេចក្ដីប្រកាសព័ត៌មានថា លោកនឹងចូលខ្លួនទៅឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការ ដោយមិនមានចេតនាគេចវេះដូចការផ្សព្វផ្សាយពាក្យចចាមអារ៉ាមតាមបណ្ដាញសង្គមនិងសារព័ត៌មានខ្លះនោះឡើយ។

គណបក្សបេះដូងជាតិ ដែលគេសង្ស័យថាមានលោក សម រង្ស៊ី ស្ថិតនៅ​​ពីក្រោយ​​នៃការ​បង្កើត​​​គណ​​បក្សនេះ ត្រូវបានក្រសួងមហាផ្ទៃចោទប្រកាន់ថា បាន «ក្លែងស្នាមមេដៃ និងមានចេតនាទុច្ចរិត»។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃបានបដិសេធសំណើសុំចុះឈ្មោះក្នុងបញ្ជីបង្កើតគណបក្សនយោបាយ​របស់ស្ថាបនិកគណបក្សបេះដូងជាតិ​​​។ ដោយមិនសុខចិត្តទៅនឹងការសម្រេចនោះ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សៀម ភ្លុក ក៏បានដាក់ពាក្យបណ្ដឹងទៅតុលាការកំពូលដើម្បីតវ៉ា ប៉ុន្តែ​បណ្តឹងនោះត្រូវបានតុលាការកំពូល​ច្រានចោល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ