ក្រសួង​កសិកម្ម​ស្នើ​អាជ្ញាធរ​មូលដ្ឋាន​ណែនាំ​អ្នកចិញ្ចឹម​ក្រពើ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន

កសិដ្ឋានចិញ្ចឹមក្រពើ នៅខេត្ដសៀមរាប (បូ សាវី)

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើទៅអាជ្ញាធរមូលដ្ឋានត្រូវចុះពិនិត្យ វាយតម្លៃ ជួយណែនាំអ្នកចិញ្ចឹមក្រពើឱ្យមានប្រសិទ្ធភាព ធ្វើយ៉ាងណាឱ្យពួកគេបង្កើនការ​ប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីធានា​បាននូវសុវត្ថិភាពទាំងអ្នកចិញ្ចឹម និងទេសចរ។

ការស្នើនេះ ក្រោយមានហេតុការណ៍ក្រពើជាច្រើនក្បាលខាំមន្ត្រីសាលាស្រុកពួក ខេត្តសៀមរាប និងជាអ្នកចិញ្ចឹមផងនោះ បណ្ដាលឱ្យរបួសធ្ងន់កាលពីយប់ឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ហើយក្រោយមកបានស្លាប់បន្ទាប់ពីបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញបានមួយរយៈពេលខ្លី។

ក្នុងសេចក្ដីណែនាំរបស់ក្រសួងកសិកម្ម កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ស្ដីពីការគ្រប់គ្រង និងរក្សាសុវត្ថិភាពនៅកសិដ្ឋាន ឬកន្លែងចិញ្ចឹមក្រពើ បានអះអាងថា កន្លងមក រដ្ឋបាលជលផលបានរៀបចំ និងផ្សព្វផ្សាយគោលការណ៍ណែនាំស្ដីពីបច្ចេកទេសនៃការគ្រប់គ្រង ការចិញ្ចឹម និងការអភិរក្សក្រពើ ដើម្បីធានាសុវត្ថិភាពនិងប្រសិទ្ធភាពនៅតាមកសិដ្ឋាន ឬកន្លែងចិញ្ចឹមក្រពើនានា។

យ៉ាងណា រដ្ឋបាលជលផលស្នើប្រធានមន្ទីរកសិកម្ម នាយខណ្ឌជលផល សហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ និងសមាគមអ្នកចិញ្ចឹមក្រពើ បន្តផ្សព្វផ្សាយ និងចុះណែនាំបន្ថែមដល់អាជីវករ និងវារីវប្បករចិញ្ចឹមក្រពើ ធ្វើយ៉ាងណាត្រូវមានរបងហ៊ុមព័ទ្ធបរិវេណ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអាងចិញ្ចឹមឱ្យបានរឹងមាំ។

ក្រៅពីនោះ អ្នកចិញ្ចឹមត្រូវសាងសង់ហេដ្ឋារចនាសម្ព័ន្ធអាងចិញ្ចឹមតាមបទដ្ឋានបច្ចេកទេស ដោយយកចិត្តទុកដាក់លើរបងព័ទ្ធជុំវិញអាង បែ ជណ្ដើរ ទ្វារ ស្ពាន និងបង្កាន់ដៃ ឱ្យបានរឹងមាំ ដើម្បីធានាសុវត្ថិភាពខ្ពស់ ចាក់សោរទ្វារឱ្យបានត្រឹមត្រូវ ហាមឃាត់ក្មេងចូលលេងក្នុងបរិវេណចិញ្ចឹមក្រពើ ឬប្រើប្រាស់ក្មេងផ្ដល់ចំណី ឬលាងសម្អាតអាង។

ក្រសួងកសិកម្មបន្តថា៖ «[អាជ្ញាធរពាក់ព័ន្ធត្រូវ] ណែនាំឱ្យអ្នកចិញ្ចឹមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលផ្ដល់ចំណី លាងសម្អាត ឬនៅពេលចាប់ក្រពើ»។

ក្រសួងបន្ថែមថា អ្នកចិញ្ចឹមត្រូវរៀបចំសោភ័ណភាព និងអនាម័យក្នុងបរិវេណកសិដ្ឋាន ឬកន្លែងចិញ្ចឹមក្រពើជាប្រចាំ ដោយគិតគូរអំពីផលប៉ះពាល់បរិស្ថាន និងសុខ​ភាពសាធារណៈ ព្រមទាំងសម្រាប់បម្រើឱ្យទេសចរណ៍។

ក្រសួងកសិកម្មបានជំរុញឱ្យមន្ត្រីជលផលដែលមានសមត្ថកិច្ច ត្រូវចុះត្រួតពិនិត្យ និងវាយតម្លៃលើគុណភាព និងសុវត្ថិភាពអាង នៅតាមកសិដ្ឋាន ឬកន្លែងចិញ្ចឹមក្រពើដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ។

ក្រសួងបានប្រាប់ឱ្យសមាគមអ្នកចិញ្ចឹមក្រពើ ជួយណែនាំបន្ថែម និង​ប្រជុំជាទៀងទាត់ ដើម្បីផ្ដល់ឱកាសឱ្យអ្នកចិញ្ចឹមបានចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក លើការងារសុវត្ថិភាព អនាម័យ និងទីផ្សារក្រពើផងដែរ។

កាលពីយប់ឆ្លងចូលថ្ងៃ​ទី១៨ ខែមេសា ឆ្នាំ២០២២ មន្ត្រីសាលាស្រុកពួក​ លោក ស៊ូ សុធា ​អាយុ៣៧ឆ្នាំ ត្រូវបានក្រពើខាំ​ឱ្យរបួសធ្ងន់និងបានស្លាប់ក្រោយបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបានមួយថ្ងៃ​។ ហេតុការណ៍​នេះកើតឡើងនៅចំណុចទ្រុងក្រពើ ស្ថិតនៅខាងក្រោយផ្ទះរបស់ជនរងគ្រោះ ក្នុងភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីក្រពើខាំនេះកើតឡើងអាចដោយសារជនរងគ្រោះក្រោកទៅបត់ជើងតូចនៅរំលងអធ្រាត្រនោះ ហើយរអិល​ធ្លាក់ចូលក្នុងអាងសត្វក្រពើ និងត្រូវបានក្រពើខាំតែម្ដង៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ