ណាតូ​ថា​ខ្លួន​តែង​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​គាំទ្រ​ដល់​អ៊ុយក្រែន​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​រុស្ស៊ី

លោក Jens Stoltenberg អគ្គលេខាធិការអង្គការ​​​​​​​​​ណាតូ (NATO)។ (nato.int)

អគ្គលេខាធិការអង្គការ​​​​​​​​​ណាតូ (NATO) លោក Jens Stoltenberg បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា អស់​រយៈពេល​ជាច្រើន​ឆ្នាំ អង្គការមួយនេះ​តែង​តែ​ត្រៀម​ខ្លួន​រួ​ចជាស្រេច ដើម្បីផ្ដល់ការគាំទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែន ក្នុងសង្រ្គាមប្រឆាំងនឹងរុស្ស៊ី រួមទាំងការជួយដល់ទីក្រុងកៀវ (Kyiv) ដើម្បីផ្លាស់ប្ដូរពីការប្រើសព្វាវុធក្នុងសម័យសូវៀត ទៅជាអាវុធនិងប្រព័ន្ធយោធាទំនើបរបស់បស្ចិមប្រទេសវិញផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ការថ្លែងរបស់អគ្គលេខាធិការអង្គការណាតូរូបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីវិមានក្រឹមឡាំងបានព្រមាន​ថា ការផ្គត់ផ្គង់សព្វាវុធរបស់លោកខាងលិចដល់អ៊ុយក្រែន រួមទាំងអាវុធធុនធ្ងន់នានា បានបង្កជាការគំរាមកំហែងដល់សន្តិសុខនៃទ្វីបអឺរ៉ុប និងបង្កអស្ថិរភាព។

ថ្លែងក្នុងកិច្ចប្រជុំមួយដែលធ្វើឡើងនៅទីក្រុង​ព្រុចសែល (Brussels) លោក Jens Stoltenberg ថា៖ «យើងត្រូវតែត្រៀមខ្លួនសម្រាប់រយៈពេលវែង។ ជាការពិតណាស់ សង្រ្គាមនេះអាចនឹងបន្តអូសបន្លាយរយៈពេលជាច្រើនខែនិងច្រើនឆ្នាំបន្តទៀត»។

ទាក់ទិននឹងករណីនេះ លោកបន្តថា បណ្ដាប្រទេសលោកខាងលិចនឹងបន្តដាក់សម្ពាធឱ្យបានច្រើនតាម​ដែលអាចធ្វើទៅបានលើប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន ដើម្បីឱ្យលោកបញ្ចប់សង្រ្គាមឈ្លានពានលើអ៊ុយក្រែន តាមរយៈការដាក់ទណ្ឌកម្ម ក៏ដូចជាការផ្ដល់ជំនួយយោធាដល់ទីក្រុងកៀវផងដែរ។

លោក Jens Stoltenberg បន្ថែមថា៖ «សម្ព័ន្ធមិត្តរបស់ណាតូ បច្ចុប្បន្នកំពុងតែរៀបចំផ្ដល់ការគាំទ្រក្នុងរយៈពេលវែង រួមទាំងការជួយជ្រោមជ្រែងដល់អ៊ុយក្រែន ក្នុងការផ្លាស់ប្ដូរពីការប្រើបរិក្ខាយោធាសូវៀតដែលហួសសម័យ ទៅជាអាវុធនិងប្រព័ន្ធស្តង់ដាររបស់អង្គការណាតូដែលទំនើបជាងមុនផងដែរ»។

ភាពតានតឹងរវាង​រុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ ​បាន​ចាប់ផ្ដើមកើនឡើងខ្លាំងបន្ទាប់ពីរុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំមកលើប្រទេសក្បែរខាងរបស់ខ្លួនមួយនេះ ដែលធ្វើឡើងបន្ទាប់​ពី​ការ​ប្រកាស​សង្រ្គាម​មួយដោយលោកប្រធានាធិបតី ​វ្លាឌីមៀរ ពូទីន​។

ទោះជាយ៉ាងណា រុស្ស៊ីធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា សកម្មភាពរបស់ខ្លួននេះ គឺជាការអនុវត្ត «ប្រតិបត្តិការយោធាពិសេសមួយ» ដើម្បីបញ្ឈប់រដ្ឋាភិបាលអ៊ុយក្រែនពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនរបស់ខ្លួន ខណៈដែលការចោទប្រកាន់នេះ ត្រូវបានប្រទេស​លោកខាងលិច​ចាត់ទុកថា ជាការ​លើកឡើងដោយ​គ្មានមូលដ្ឋានច្បាស់លាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ