កូរ៉េខាងត្បូង​ប្រកាស​លើកលែង​កាតព្វកិច្ច​ពាក់ម៉ាស​នៅ​ទី​សាធារណៈ

នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Kim Boo-kyum ក្នុងកិច្ចប្រជុំមួយកាលពីដើមខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ 김부겸)

ប្រទេស​កូរ៉េខាងត្បូង នឹងលើកលែងកាតព្វកិច្ចពាក់ម៉ាស​នៅទីសាធារណៈ ដោយផ្ដើមអនុវត្តចាប់ពីសប្ដាហ៍​ក្រោយទៅ ដើម្បីបន្ធូរបន្ថយការរឹតបន្តឹង​ទាក់ទងនឹងការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Kim Boo-kyum បានថ្លែងឱ្យដឹងនៅថ្ងៃសុក្រនេះថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ខណៈរដ្ឋាភិបាលមិនអាចបន្តមើលពីផលរំខាន [ពីការពាក់ម៉ាស] ដែលប្រជាពលរដ្ឋ​របស់​ខ្លួន​ជួប​ប្រទះ​ឡើយ ស្របពេលដែលស្ថានភាពនៃជំងឺរាតត្បាតនាពេលបច្ចុប្បន្នហាក់មានភាព​ធូរស្បើយ បើធៀបនឹងកាលពីពេលកន្លងទៅ។

ទោះជាយ៉ាងណា លោកបន្ថែមថា សាធារណជ​ននៅតែតម្រូវឱ្យពាក់ម៉ាស់ក្នុងករណីដែលពួកគេចូលរួមក្នុងព្រឹត្តិការណ៍ដែលមានមនុស្សចាប់ពី៥០នាក់ឡើងទៅ​​ ដូចជា​ ការជួបជុំនានា ការប្រគុំតន្ត្រី និងក្នុង​កីឡដ្ឋាន ជាដើម។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ បានប្រកាសរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ថ្មី ចំនួន៥០ ៥៦៨ករណី ដែលធ្លាក់ចុះពីចំនួន៦២០ ០០០ក្នុងមួយថ្ងៃអំឡុងពាក់កណ្ដាលខែមីនា ខណៈក្នុងចំណោមប្រជាជនកូរ៉េខាងត្បូងប្រមាណ៥២​លាននាក់ ក្នុងនោះមាន​ជិត៨៧​ភាគរយបាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ។ នេះបើយោងតាមទិន្នន័យរបស់ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េ (KDCA)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ