អត្ថបទទស្សនៈ៖ តើ​ការតវ៉ា​ហាក់​មិនសមស្រប​សម្រាប់​ស្ត្រី​នៅ​កម្ពុជា​ឬ​យ៉ាងណា?

ក្រុមកូដករណាហ្គាវើលដ៍ប្រមូលផ្ដុំតវ៉ាទាមទារដំណោះស្រាយការងារនៅក្រុមហ៊ុនល្បែងមួយនេះ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។ (គួយ ឡង់ឌី)

គិតចាប់តាំងពីខែធ្នូ ឆ្នាំមុន អតីតបុគ្គលិកណាហ្គាវើលដ៍ (NagaWorld) បានចាប់ផ្ដើមសកម្មភាពនៃការតវ៉ាជាញឹកញាប់ដើម្បី​ទាមទារឱ្យកម្មករប្រមាណ ២០០នាក់ ចូលធ្វើការវិញ រួមទាំងថ្នាក់ដឹកនាំសហជីព​ផងដែរ។

សកម្មភាពនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានករណី​បញ្ឈប់បុគ្គលិកជាង១ ៣០០នាក់ ដោយសារតែផលប៉ះពាល់នៃការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ មកលើប្រាក់ចំណូលរបស់ក្រុមហ៊ុនណាហ្គាខប (NagaCorp)។

ក្នុងអំឡុង​ពេល​នៃ​ការ​តវ៉ា​នេះ យើងក៏សង្កេតឃើញមានសកម្មភាពមួយចំនួនកើតឡើង រួមមាន ​អំពើ​ហិង្សា ការ​ចាប់​ដាក់​ពន្ធនាគារ ការ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក [ចត្តាឡីស័ក] ការ​គាប​សង្កត់ និង​ការ​ចរចាផងដែរ។ កម្មករ​ដែល​ធ្វើ​កូដកម្ម និង​អ្នកគ្រប់គ្រង​កាស៊ីណូ​ បាន​ព្យាយាម​បញ្ចប់​វិវាទ​តាម​រយៈ​ការ​ចរចា​ជាមួយ​ក្រសួង​ការងារ។ ទោះជាយ៉ាងណា វិវាទនេះនៅមិន​ទាន់​ឈានដល់ការ​ព្រមព្រៀង​ច្បាស់លាស់ណាមួយ​នៅឡើយទេ។

បន្ទាប់ពីរូបភាព និងវីដេអូដែលបង្ហាញពីការប្រើប្រាស់កម្លាំងរបស់សមត្ថកិច្ចលើបាតុករជាស្ត្រីនៅណាហ្គាវើលដ៍ត្រូវបានចែករំលែក និងចែកចាយតាមប្រព័ន្ធអនឡាញ អ្នកនាំពាក្យសាលារាជធានីភ្នំពេញមួយរូបបានអំពាវនាវឱ្យមានការយកចិត្តទុកដាក់ចំពោះអ្នកដែលចូលរួមការតវ៉ា ដែលក្នុងនោះភាគច្រើនជាស្ត្រី។

យោងតាមសេចក្ដីថ្លែងការណ៍មួយបានឱ្យដឹង​ថា​៖ «​ថ្ងៃ​នេះ​ បាតុករហាក់​ភ្លេចសម្ដែង​ធ្វើ​​ជា​ជនរងគ្រោះ ​ដើម្បី​ទាក់ទាញ​ការ​អាណិតអាសូរ។ ប៉ុន្តែ [ផ្ទុយ​ទៅ​វិញ] បែរ​ជាទៅ​​ស្រែក​ជេរ ​និងធ្វើកាយវិការ​មិនសមរម្យ​ ដែល​មិន​សម​ជា​ស្ត្រី​ខ្មែរទាល់តែសោះ»។

ប្រភពដដែលក៏បានចោទជាសំណួរជាច្រើន រួមមាន ហេតុអ្វីបានជាការតវ៉ាទាំងនេះ និងជាច្រើនផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាត្រូវបានបង្កើតឡើងដោយស្ត្រី? ​តើ​ទង្វើនៃការ​តវ៉ា​​សមស្របសម្រាប់​ស្ត្រី​ខ្មែរដែរឬទេ? តើវាគឺជា​តួនាទី​ស្ត្រីដែលត្រូវបំពេញបន្ថែម​​នៅក្នុង​សង្គម​នេះឬយ៉ាងណា​?

ឆ្អឹងខ្នងដ៏សំខាន់

ស្ត្រីត្រូវបានមើលឃើញថា មានការនាំមុខគេភាគច្រើន ជាពិសេសនៅក្នុងការតវ៉ាដែលលើកឡើងពីបញ្ហានៅក្នុងវិស័យជាមូលដ្ឋានមួយចំនួននៃសេដ្ឋកិច្ចរបស់ប្រទេស ដូចជា សំណង់ កាត់ដេរ និងទេសចរណ៍ ជាដើម។

ស្ត្រីទាំងនេះបង្កើតបានជាឆ្អឹងខ្នងនៃការងារដែលជំរុញឱ្យប្រទេសកម្ពុជាឆ្ពោះទៅមុខ ដូច្នេះហើយសំឡេងរបស់ពួកគេភាគច្រើនត្រូវបានឮ​​ក្នុង​ការ​តវ៉ា។

ការតវ៉ានៅក្នុងវិស័យសំណង់ ដែលរួមមានស្រ្ដីនៅក្នុងការងារនេះផងដែរនោះ ជារឿយៗត្រូវបានធ្វើឡើងទាក់ទងនឹងការមិនទទួលបានប្រាក់ឈ្នួលដូចការកំណត់។

ក្នុង​ការ​តវ៉ា​ទាក់ទង​នឹង​ការ​បើក​ប្រាក់ឈ្នួល​យឺតយ៉ាវ​ដល់​កម្មករ​ក្នុង​ទីតាំងសំណង់​ផ្សារ DNC Mall ក្នុង​រាជធានីភ្នំពេញ អ្នកស្រី ជឹម ចាប អាយុ៤០​ឆ្នាំ ជាអ្នករៀប​ឥដ្ឋមួយរូប​ មក​ពី​ខេត្ត​កំពង់ធំ បាន​លើកឡើង​ថា៖ «យើង​មិនបានបន្តធ្វើការងារនោះទេ ដោយ​យើង​ត្រូវរង់ចាំ​ទទួល​ប្រាក់ឈ្នួលជាមុនសិន»។

អ្នកស្រីបន្ថែមថា៖ «​ម្សិល​មិញ ​ខ្ញុំ​បាន​ខ្ចី​លុយគេ ​២០​ដុល្លារ ​ដើម្បី​ទិញ​ម្ហូប​អាហារ ដែលគិតរហូតមកដល់ពេលនេះ ​ខ្ញុំ​ជំពាក់​ប្រាក់គេសរុប​ជិត ១ ពាន់​ដុល្លារហើយ»។

ក្នុងឆ្នាំ២០២០ នៅពេលដែលក្រុមហ៊ុន Canteran Apparel ខកខានមិនបានបើកប្រាក់ឈ្នួលពេញលេញដល់បុគ្គលិករបស់ខ្លួន កម្មករជិត១ ០០០នាក់បានចេញមកតវ៉ានៅខាងក្រៅទីតាំងរោងចក្រ ដើម្បីទាមទារឱ្យអ្នកគ្រប់គ្រងបើកប្រាក់ឈ្នួលដល់ពួកគេឱ្យបានទៀងទាត់។

ស្ត្រីជាអ្នកតវ៉ាម្នាក់បានប្រាប់ វីអូឌី នៅពេលនោះ ឱ្យដឹងថា៖ «កម្មករជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ដូចជា ការចំណាយលើថ្លៃជួលផ្ទះ ទឹកភ្លើង ថ្លៃសាលារបស់កូនៗ និងកម្ចីធនាគារ ប្រសិនបើនិយោជកមិនបើកប្រាក់ឈ្នួលដល់ពួកគេឱ្យបានពេញលេញ និងទៀងទាត់»។

ស្របពេលដែលមានការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺរាតត្បាត បុគ្គលិកបម្រើការនៅភូមិវប្បធម៌កម្ពុជា ដែលជាតំបន់ទេសចរណ៍មួយក្នុងខេត្តសៀមរាប បានទទួលរងនូវការកាត់បន្ថយប្រាក់ឈ្នួលរបស់ពួកគេចំនួន ២០ភាគរយ និងបាត់បង់ប្រាក់ឧបត្ថម្ភអាហារចំនួន ២៥ដុល្លារក្នុងមួយខែ។

ទាក់ទិន​ករណីនេះ បុគ្គលិករាប់សិបនាក់នៅទីតាំងខាងលើ រួមទាំងស្រ្តីមួយរូបដែលមានកូនតូចផងដែរនោះ បានចូលរួមលើកបដានៅខាងក្រៅទីតាំងការងារ ដើម្បីស្នើសុំដំណោះស្រាយពីថៅកែរបស់ពួកគេ។

អ្នកស្រី សុខ ស្រីមុំ ដែលបម្រើការងារជាអ្នករាំរបាំនៅទីតាំងភូមិវប្បធម៌កម្ពុជាអស់រយៈពេល១៧ឆ្នាំ បានឱ្យដឹងថា ក្រុមហ៊ុនមិនបានលើកឡើងជាហេតុផលសមស្របណាមួយសម្រាប់ការបិទផ្នែកសិល្បៈរបស់ខ្លួននោះទេ។

ជាមួយគ្នានេះ កម្មករមួយរូបទៀតបានបញ្ជាក់ថា ការបិទផ្នែកនេះមានន័យថា បច្ចុប្បន្ន បុគ្គលិក​មិន​ដឹង​ថា​ពួកគេមានតួនាទីអ្វីពិតប្រាកដនោះទេ។

គួរបញ្ជាក់ថា ចំនួនដ៏ច្រើននៃអ្នកតវ៉ាជាស្ត្រីក្នុងវិស័យសំណង់ កាត់ដេរ និងទេសចរណ៍ ក៏ឆ្លុះបញ្ចាំងពីស្ត្រីដែលកំពុងធ្វើការក្នុងឧស្សាហកម្មទាំងនេះក្នុងចំនួនច្រើនផងដែរ។

ស្ត្រីទាំងនេះ ពិតជាមានសារៈសំខាន់ចំពោះសេដ្ឋកិច្ចរបស់ប្រទេស ដែលពឹងផ្អែកខ្លាំងលើវិស័យក្រៅប្រព័ន្ធ (ស្មើនឹង ៦២ ភាគរយ នៃផលិតផលក្នុងស្រុកសរុប) ខណៈក្នុងចំណោមកម្លាំងពលកម្មសរុប ក្នុងនោះមាន ៩៣,១ ភាគរយជាកម្មករក្រៅផ្លូវការ ហើយជាងពាក់កណ្ដាលជាស្ត្រី។

ជាការពិត ប្រទេសនេះមិនអាចដំណើរការបានដោយរលូននោះទេ បើសិនជាគ្មានការចូលរួមចំណែករបស់ពួកគេ។ ទោះជាយ៉ាងណា ស្រ្តីដែលស្ថិតនៅក្នុងប្រភេទការងារទាំងនេះ ក៏ត្រូវរងនូវការប្រព្រឹត្តដោយអយុត្តិធម៌ពីសំណាក់និយោជក ត្រូវបានបណ្ដេញចេញពីការងារយ៉ាងងាយស្រួលនិងឆាប់រហ័ស។ សម្រាប់ករណីនេះ ពួកគេមិនអាចធ្វើអ្វីផ្សេងបានក្រៅពីការតវ៉ានោះទេ។

តួនាទីរបស់ស្ត្រីប្រឆាំងនឹងឥទ្ធិពលទាំងឡាយ

ជាទំនៀមទម្លាប់ប្រពៃណីខ្មែរ ការងាររបស់ស្ត្រីក្នុងការការពារនិងថែទាំគ្រួសារ គឺមានឥទ្ធិពលគ្រប់គ្រាន់ដែលអាចប្រឈមមុខនឹងកងកម្លាំងនិងអាជ្ញាធរដ៏មានអំណាចផងដែរ។ ស្ត្រី​ដែល​មាន​តួនាទី​ជា​ម្ដាយ ឬ​ភរិយា ឬ​ជាមេគ្រួសារ គឺជា​មូលដ្ឋាន​គ្រឹះដ៏សំខាន់​នៃ​គ្រួសារ​របស់​ពួកគេ។ ជារឿយៗ ស្ត្រីត្រូវទទួលតួនាទីក្នុងការសម្របសម្រួលគ្រួសាររបស់ពួកគេ ហើយកាតព្វកិច្ចនេះអាចផ្ដល់ឱ្យពួកគេនូវភាពរឹងមាំគ្រប់គ្រាន់ក្នុងការប្រឈមមុខនឹងសម្ពាធ។

ជាឧទាហរណ៍ ក្នុងករណីវិវាទដីធ្លី ប្រសិនបើស្រ្តីមានតួនាទីរក្សាសុភមង្គលទាំងផ្លូវកាយ និងផ្លូវចិត្តរបស់ក្រុមគ្រួសារ តើពួកគេអាចនៅស្ងៀមបានដោយរបៀបណា នៅពេលដែលដីគ្រួសាររបស់ខ្លួនកំពុងរស់នៅឬប្រើប្រាស់ក្នុងគោលបំណងចិញ្ចឹមជីវិត កំពុងត្រូវបានដកហូតចេញទៅ?

ក្នុងជម្លោះដីធ្លីមួយនៅជាប់បឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ ក្រុមហ៊ុនមិនស្គាល់អត្តសញ្ញាណមួយបានទាមទារដីទំហំប្រមាណ ៧៩ហិកតា ដែលជាកម្មសិទ្ធិរបស់អ្នកពាក់ព័ន្ធចំនួន ៨៨គ្រួសារនោះ ស្ត្រីជាអ្នកភូមិមួយរូបឈ្មោះ មួង ស្រីណាក់ បានថ្លែងដោយលើកឡើងថា គ្រួសាររបស់ខ្លួនបានអាស្រ័យផលលើដីទំហំ ៥០ម៉ែត្រគុណ១០០ម៉ែត្រ នៅ​ទី​នោះ ដោយដាំ​ស្រូវ និង​ដំណាំ​ផ្សេង​ទៀត​តាំង​ពី​ឆ្នាំ​១៩៨៥។

អ្នកស្រីបន្តថា៖ «ពួកគេ [ក្រុមហ៊ុនមិនស្គាល់ឈ្មោះ] ​បានពុះ​ទៅ​ជា​ដីឡូត៍​សម្រាប់​លក់​និង​សាងសង់​អាផាតមិន [អាគារ] ហើយ​មិន​បានផ្ដល់​ជាសំណង​អ្វីនោះទេ។ យើងមិនទទួលបានអីទាល់តែសោះពីដី​ដែល​យើង​អាស្រ័យ​ជាង​៣០​ឆ្នាំ ហេតុ​អ្វីបានជា​ក្រុមហ៊ុន​មាន​សិទ្ធិ​កាន់កាប់ ហើយ​យើងបែរជា​គ្មាន?»

ក្នុងការតវ៉ាទាក់ទងនឹងរឿងជម្លោះដីធ្លីជាមួយឧកញ៉ា ក្រុមហ៊ុនអាជីវកម្ម និងគម្រោងអភិវឌ្ឍន៍ក្នុងស្រុកឬក្រៅស្រុក ស្ត្រីភាគច្រើនត្រូវបានមើលឃើញថា ដើរតួជាអ្នកដឹកនាំ ដោយសារតែបញ្ហានេះប៉ះពាល់យ៉ាងខ្លាំងដល់គ្រួសាររបស់ពួកគេ។

ការតស៊ូមិនរាថយ

ជារឿយៗ ក្រុមបាតុករជាស្ត្រីត្រូវបានគេចាត់ទុកថា ពួកគេធ្វើសកម្មភាពទាំងឡាយ ដោយសារតែមានឥទ្ធិពលបរទេសនៅពីក្រោយខ្នង ប៉ុន្តែជាក់ស្ដែង ពួកគេគ្រាន់តែជាមនុស្សសាមញ្ញដែលធ្វើការក្នុងឧស្សាហកម្មការងារដែលមិនទទួលបានការការពារតែប៉ុណ្ណោះ។ ស្ត្រី​ទាំងនេះងាក​មកកាន់ការ​តវ៉ា ​ព្រោះ​ពួកគេមិនទទួលបានដំណោះស្រាយ​សម្រាប់​បញ្ហា​ដែល​ពួកគេ​ប្រឈមមុខ។

ជាឧទាហរណ៍ នៅពេលដែលរោងចក្រ Dignity Knitter and Eco Base ក្នុងខេត្តកណ្ដាល ខកខានមិនបានបើកប្រាក់បៀវត្សដល់កម្មករ និងបានបញ្ឈប់កម្មករចំនួន១ ០០០នាក់ ហើយចាប់ផ្ដើមរើសម្ភារចេញពីរោងចក្រ បុគ្គលិកស្ត្រីចាប់ផ្ដើមតវ៉ា បោះទីតាំងនៅខាងក្រៅរោងចក្រទាំងយប់និងថ្ងៃ ដើម្បីរារាំងម្ចាស់រោងចក្រពីការលក់គ្រឿងបរិក្ខាររោងចក្រ ហើយទុកពួកគេចោល។

ស្ត្រី​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា ​បាន​ថ្លែងឱ្យដឹងថា ពួកគេ​ហាក់គ្មានឥទ្ធិពលអ្វីឡើយ ខណៈមួយរូបផ្សេងទៀត​បាន​លើក​ឡើង​ថា ​សកម្មភាពនៃការតវ៉ាទាមទារនេះមានការលំបាក។

ទោះយ៉ាងណា កម្មករមួយរូបនៃរោងចក្រខាងលើនេះបានអះអាងថា ខ្លួនត្រៀមរួចជាស្រេច ដើម្បីបន្តការតវ៉ាដោយគ្មានដែនកំណត់។

អ្នកស្រីថា៖ «​ខ្ញុំ​នឹង​បន្ត​រហូត​ដល់ [​យើង​] ទទួល​បានប្រាក់ឈ្នួល»​។

សម្រាប់ករណី​បាតុកម្ម​នៅ​ណាហ្គាវើលដ៍ ស្ត្រី​ជាបាតុករក៏​ប្រឈម​នឹង​ការ​បៀតបៀន​ពី​អាជ្ញាធរផងដែរ។ ក្នុងរយៈប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ មានការចោទប្រកាន់ថា សមត្ថកិច្ចមួយរូបបានប៉ះដើមទ្រូងអ្នកតវ៉ាម្នាក់ ខណៈម្នាក់ទៀតត្រូវបានអាជ្ញាធរវាយចំភ្នែក និងអ្នកផ្សេងទៀតបានរងរបួសនៅពេលដែលពួកគេត្រូវបានចាប់បោះចូលទៅក្នុងឡានក្រុង។

ទោះជាយ៉ាង​ណា​ ការ​តវ៉ា​នៅតែ​បន្ត​ដដែល។

ស្ត្រី​ជាអ្នក​តវ៉ាមួយរូប អ្នកស្រី ម៉ម សុវណ្ណធីន ​បាន​ថ្លែងថា៖ «ប្រសិន​បើ​ការ​ចរចា​គ្មាន​លទ្ធផល និង​គ្មាន​ដំណោះស្រាយ យើង​នឹង​បន្តជួប​ជុំ​គ្នា​​ជា​ធម្មតា»។

ក្រៅពីការតវ៉ាដើម្បីទាមទារឱ្យមានដំណោះស្រាយការងារ ស្ត្រី​ជាអ្នក​តវ៉ាទាំងឡាយក៏មានបំណងក្នុងការជម្នះនឹងការយល់ឃើញដែលថា ស្រ្តីកម្ពុជាទន់ខ្សោយ និងអសកម្មផងដែរ។

បាតុករណាហ្គាវើលដ៍  វ័យ៤០ឆ្នាំមួយរូប ឈ្មោះ ធីម សៃយ៉ា បានលើកឡើងថា៖ «វាពិតជាពិបាកណាស់នៅពេលដែលអាជ្ញាធររុញពួកយើងទៅមកៗចូលទៅក្នុងឡានក្រុង ខណៈយើងពេល​ខ្លះក៏​ព្យាយាម​រើបម្រាសផងដែរ»។

ឆ្លើយតបទៅនឹងការលើកឡើងដោយសាលារាជធានីភ្នំពេញ ដែលថា ការចូលរួមរបស់ស្រ្តីក្នុងការតវ៉ា គឺគ្មានលក្ខណៈជានារីខ្មែរ អ្នកតវ៉ានៅទូទាំងប្រទេសកំពុងតែបង្ហាញថា និយមន័យនៃស្ត្រីខ្មែរកំពុងតែផ្លាស់ប្ដូរ រីកលូតលាស់ និងអភិវឌ្ឍន៍ ដែលក្នុងនោះរួមទាំងការក្រោកឈរឡើងប្រឆាំងនឹងអ្វីដែលពួកគេយល់ឃើញថា ជារឿងមិនសមហេតុផលក្នុងសង្គមផងដែរ៕

កញ្ញា ធាង សូរិយា បច្ចុប្បន្នជានិស្សិតស្រាវជ្រាវមួយរូបនៅសាកលវិទ្យាល័យ Waseda ប្រទេសជប៉ុន និងជាអ្នកស្រាវជ្រាវវ័យក្មេងនៅអង្គការ​វេទិកា​អនាគត (Future Forum)។ កញ្ញាក៏បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (American University of Phnom Penh, AUPP) ផងដែរ។


បកប្រែនិងសម្រួលដោយលោក ភុន ច័ន្ទឧសភា ចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Opinion: Is Protest Contradictory to Cambodian Womanhood?

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ