ពលរដ្ឋ​ជាង​៤០០នាក់​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្តកោះកុង​ពន្លឿន​ការ​ដោះស្រាយ​ដីធ្លី

អ្នកភូមិអះអាងថាពួកគេជាង​៤០០​នាក់ មកពី​ឃុំចំនួន​៤ នៃ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង បាន​ប្រមូល​ផ្ដុំគ្នា​នៅមុខ​សាលាស្រុក​ ដើម្បី​ជំរុញទៅអាជ្ញាធរស្រុកឱ្យពន្លឿន​ការដោះស្រាយបញ្ចប់ជម្លោះដីធ្លី និងស្នើសុំដីសម្បទានសង្គមកិច្ចពី​រដ្ឋ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

អ្នកភូមិអះអាងថា ពួកគេជាង​៤០០​នាក់ មកពី​ឃុំចំនួន​៤ នៃ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង បាន​ប្រមូល​ផ្ដុំគ្នា​នៅមុខ​សាលាស្រុក​ នាព្រឹកថ្ងៃព្រហស្បតិ៍​នេះ ដើម្បី​ជំរុញទៅអាជ្ញាធរស្រុកឱ្យពន្លឿន​ការដោះស្រាយបញ្ចប់ជម្លោះដីធ្លី និងស្នើសុំដីសម្បទានសង្គមកិច្ចពី​រដ្ឋ។

តំណាងសហគមន៍១៩៧ ខេត្តកោះកុង អ្នកស្រី ដេត ហួរ ប្រាប់វីអូឌីថា ក្រុមរបស់គាត់ទៅសាលា​ស្រុក​នៅព្រឹកនេះ គឺដើម្បីសួរនាំរដ្ឋបាលស្រុក អំពីដំណើរការដោះស្រាយជម្លោះដីធ្លីរវាង​ពលរដ្ឋ​១៩៧​គ្រួសារ ​ជាមួយ​ក្រុម​ហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ (Heng Huy Development Co., Ltd) ក្រោយពីក្រសួងមហាផ្ទៃ និងអាជ្ញាធរខេត្ត បានប្រគល់ភារកិច្ចនេះឱ្យអាជ្ញាធរស្រុក​ដោះ​ស្រាយ។

តំណាង​សហគមន៍រូបនេះឱ្យដឹងថា ពួកគាត់​ទាំង​១៩៧គ្រួសារ ត្រូវបានក្រុមហ៊ុន ហេង ហ៊ុយ ​រំលោភ​​យក​ដីធ្លីតាំង​ពី​ឆ្នាំ​២០០៧ ហើយពួកគាត់បានតវ៉ាជាង​៣ឆ្នាំហើយ​រហូតមកដល់ពេលនេះ មិន​ទាន់ទទួលបានដំណោះស្រាយនៅឡើយទេ ខណៈតំណាងពលរដ្ឋ១០នាក់កំពុង​ជាប់បណ្ដឹង​នៅ​តុលាការ​ពាក់ព័ន្ធ​ការ​តវ៉ា​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​មួយ​នេះ។

អ្នកស្រីប​ន្ថែម​ថា៖ «យើងចង់ដឹងថា អាជ្ញាធរបានយកចិត្តទុកដាក់ដោះស្រាយជូនប្រជាពលរដ្ឋយើងឬអត់! ព្រោះប្រជាពលរដ្ឋយើង គាត់អ្នកបាត់បង់ដីធ្លីផង គាត់កំពុងប្រឈមនឹងប្រព័ន្ធតុលាការផង ហើយអ្នកខ្លះបានធ្លាក់ខ្លួនក្រីក្រផង។ អ៊ីចឹង​ហើយ​ ខ្ញុំគ្រាន់តែ​ចង់ប្រាប់ពួកគាត់ពីទុក្ខលំបាករបស់ពួកយើង។ ពួកយើងចង់បានឱ្យមានជីវភាពគ្រប់គ្រាន់ កុំឱ្យមានការដាក់សម្ពាធ​ពីអាជ្ញាធរ និងអ្នកមានលុយមានអំណាច»

តំណាងសហគមន៍៧៦៦ ​នៅឃុំដងពែង អ្នកស្រី គៀត គឹមស៊ុន ឱ្យដឹងថា ក្រុមរបស់គាត់មាន​ពលរដ្ឋ​រងផល​ប៉ះពាល់ចំនួន ២២៦គ្រួសារ បាន​នាំគ្នាទៅសាលាស្រុក​នៅព្រឹកនេះ ដើម្បី​ស្នើសុំ​ដី​សម្ប​ទានសង្គមកិច្ចពីរដ្ឋ ដោយ​ថា ពួកគាត់ជាពលរដ្ឋក្រីក្រកំពុងខ្វះដីធ្លី​​សម្រាប់ធ្វើកសិកម្មបង្កបង្កើនផលចិញ្ចឹមជីវិត។

អ្នកស្រីបន្តថា កន្លងមក ពួកគាត់ធ្លាប់បានដាក់សំណើទៅរដ្ឋ​បាលស្រុកម្ដងហើយ ប៉ុន្តែរហូតមក​ដល់​ពេល​នេះ​ មិនទាន់មានការដោះស្រាយជូនពួកគាត់ឡើយ។

អ្នកស្រីបន្ថែមថា៖ «ប្រជាជនយើងក្រីក្រណាស់ អត់មានដីធ្លីអីសម្រាប់បង្កបង្កើនផលធ្វើកសិកម្មទេ»

តំណាង​សហគមន៍១៧៥ នៅឃុំជីខលើ អ្នកស្រី យី គន្ធា និយាយថា ក្រុមរបស់គាត់បានជំរុញទៅអាជ្ញាធរឱ្យពន្លឿនចេញបណ្ណកម្មសិទ្ធិដីធ្លី និងធ្វើផ្លូវក្នុងសហគមន៍ទៅតាម​ការ​សន្យា។ អ្នកស្រី​ថា អាជ្ញាធរវាស់វែង​ដីធ្លី​ជូន​ពួក​គាត់ ប៉ុន្តែ​ចេញ​ប​ណ្ណកម្មសិទ្ធិខុសទីតាំងភូមិ ហើយកន្លង​មក អាជ្ញាធរ​បាន​សន្យាអភិវឌ្ឍន៍ផ្លូវក្នុងសហគមន៍​ជូនពលរដ្ឋ ប៉ុន្តែ​ជាច្រើនឆ្នាំមក​​ហើយ នៅ​មិនទាន់​ឃើញអាជ្ញាធរ​ធ្វើជូនពលរដ្ឋនៅឡើយ។

អ្នកស្រីបន្ថែមថា៖ «អាជ្ញាធរបានវាស់វែងឱ្យពួកខ្ញុំហើយ ប៉ុន្តែយើងរស់នៅព្រែកជីក​ ដល់​គាត់​​ចេញ​ប្លង់​ឱ្យ​យើង​ ដាក់នៅ​ភូមិ​ឈូក​វិញ ដែលយើងមិនអាចទទួលយកបានទេ។ អីចឹង​យើងចង់ឱ្យអាជ្ញាធរស្រុកហ្នឹង​បង្ហាញនូវប្លង់ផែនទី​ព្រំប្រទល់របស់ក្រសួងមហាផ្ទៃ ថាក្រសួងបានកាត់ភូមិព្រែកជីក​ចូលភូមិឈូកតាំងពីពេលណា»

អភិបាលរងស្រុកស្រែអំបិល លោក ហុង ប្រុស មានប្រសាសន៍ថា ពលរដ្ឋដែលប្រមូលផ្ដុំគ្នា​នៅ​​មុខ​សាលាស្រុក​នោះ មក​ពី​ឃុំជីខលើ ឃុំដងពែង និងឃុំ​ជីខក្រោម ដោយ​ពួកគេ​ទាមទារ​ឱ្យ​មាន​​ការ​ដោះស្រាយដីធ្លី និងស្នើសុំដីសម្បទានសង្គមកិច្ច។ លោកថា រដ្ឋបាលស្រុកបានទទួលយកសំណើរបស់អ្នកភូមិទៅពិនិត្យនិងពិចារណា ដើម្បីសម្រេចថាដោះស្រាយឬ​ក៏​មិន​ដោះស្រាយ ។

លោកបន្ថែមថា៖ «យើងទទួលសំណើគាត់ដើម្បីពិចារណាមើល ព្រោះថា ដីសម្បទានសង្គមកិច្ច យើងធ្វើការបែងចែកដល់​​គាត់ ទាល់តែគាត់អត់[មានដី]ពិតប្រាកដមែន។ អ៊ីចឹងយើងត្រូវសិក្សាមើលសិន យើងមិនទាន់មានគោលការណ៍ឱ្យមិនឱ្យទេ យើងត្រូវបង្កើតគណៈកម្មការសិក្សាពីរឿងហ្នឹង»

មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន មានប្រសាសន៍ថា បញ្ហាជម្លោះដីធ្លី និង​ការស្នើសុំដីសម្បទានសង្គម​កិច្ច​​របស់ពលរដ្ឋនេះ បាន​កើតឡើង​ជាច្រើនឆ្នាំមក​ហើយ ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធមិនបានដោះស្រាយបញ្ចប់ជូនពលរដ្ឋនៅ​ឡើយ។

មន្ត្រីសិទ្ធិមនុស្សរូបនេះជំរុញឱ្យអាជ្ញាធរចុះសិក្សាលើសំណើ​របស់ប្រជាពលរដ្ឋ និងដោះស្រាយ​ជូន​ពួក​គេ​ឱ្យបានឆាប់ ដើម្បីឱ្យមានដីធ្លីសម្រាប់​បង្ក​បង្កើនផល​ និង​ឈប់​ដើ​រតវ៉ា​បន្ត​ទៀត។

លោកបន្ថែមថា៖ «អាជ្ញាធរគួរតែចុះសិក្សាពីសំណើរបស់ពួកគាត់ តើគាត់ពិតជាខ្វះខាតដីសម្រាប់ធ្វើស្រែឬចម្ការមែនឬក៏អត់ បើសិនជាអត់ទេ អាជ្ញាធរគួរតែរូតរះក្នុងការផ្ដល់ដីសម្បទានសង្គមកិច្ច ព្រោះថាកន្លងមក ការផ្ដល់ដីដែលភាគច្រើនយើងឃើញថា រដ្ឋាភិបាលបានសម្រេចប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅឱ្យក្រុម​ហ៊ុន។ សម្រាប់ប្រជាពលរដ្ឋ យើងឃើញថាមានភាគតិចបំផុត។ អ៊ីចឹង​អាជ្ញាធរគួរតែពិចារណានិងរូតរះក្នុងការពិចារណាសំណើរបស់ប្រជាពលរដ្ឋ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ