លោក ហ៊ុន សែន ប្រកាស​ថា កម្ពុជា​គ្មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ជា​លើក​ដំបូង​នៅ​ថ្ងៃ​នេះ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំនាថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២១ នៅទីស្តីការគណៈរដ្ឋមន្ត្រី។(ហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់​ទុក​ថ្ងៃទី៧ ខែឧសភា​នេះថា គឺ​ជា​កំណត់​ត្រាលើក​ដំបូង​នៅ​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ ដែល​កម្ពុជា​រក​មិន​ឃើញ​អ្នក​ឆ្លង​ជំងឺកូវីដ-១៩​នោះទេ។

តាមរយៈសារសំឡេងនៅល្ងាចថ្ងៃទី៧ ខែឧសភានេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើទោះបីជាកំពុងស្ថិតនៅក្នុងថ្ងៃកាន់​មរណទុក្ខបន្ទាប់ពីបងប្រុសបង្កើតរបស់លោកទើបទទួលមរណភាពក្តី លោកបានប្រកាសថា ថ្ងៃនេះគឺជាលើកដំបូងក្នុង​រយៈពេលជិតមួយឆ្នាំ ពោលគឺចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលកម្ពុជាពុំមានករណីអ្នកឆ្លងជំងឺកូវីដ-១៩ កើតឡើងនោះទេ។

លោកបានចាត់ទុកថា នេះគឺជាជោគជ័យមួយរបស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តថា បើទោះបីជានៅថ្ងៃស្អែកមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ឬ មិនមានក្តី តែយ៉ាងហោច​ណាស់កម្ពុជាមានមួយថ្ងៃ (ថ្ងៃទី៧ខែឧសភា) ដែលមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ឡើយ។

លោកថា៖ «ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានកិត្តិយសដើម្បីទូលប្រគេនទៅដល់ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និងជម្រាប​ជូន​បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់ថា ថ្ងៃនេះជាលើកដំបូង ក្នុងរយៈពេលចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលព្រះរាជាណាចក្រកម្ពុជារបស់យើង ពុំមានករណីកូវីដកើតឡើងនោះទេ បានសេចក្តីថា ថ្ងៃនេះយើងពុំមានការឆ្លង​សូម្បីមួយករណី គឺសូន្យករណី»

លោកបន្តថា៖ «រឿងនេះបានកើតឡើងបន្ទាប់ពីការសាកល្បងដ៏ខ្លាំងមួយនៅក្នុងដំណាក់កាលនៃការបើក​ឱកាសអោយ​ប្រជាជន​បាន​ដើរលេងចូលឆ្នាំ ដែលជាការបើកសាកល្បងដ៏ធំធេងហើយដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ ដែលមានអ្នកចូលរួមដើរលេងដ៏ច្រើនកុះករ»

តាមរយៈសារសំឡេងនេះ លោកនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណទៅដល់ប្រទេសនានាដែលបានផ្តល់ជំនួយវ៉ាក់សាំង​ដល់​ប្រទេស​កម្ពុជាផងដែរ។

គួរជម្រាបជូនថា មួយរយៈពេលចុងក្រោយនេះ តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងមួយថ្ងៃៗ បានធ្លាក់ចុះមកនៅត្រឹម​ពីរ​នាក់ ឬ មួយនាក់ប៉ុណ្ណោះ។

ជាក់ស្តែងនៅថ្ងៃទី៦ ខែឧសភាម្សិលមិញនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងពីរនាក់ប៉ុណ្ណោះ ខណៈអ្នកជំងឺជាសះស្បើយមានចំនួន ៥ នាក់។

គិតត្រឹមថ្ងៃទី៧ ខែឧសភា នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១៣៦ ២៦២ នាក់ ក្នុងនោះអ្នកជំងឺព្យាបាល​ជាសះស្បើយចំនួន ១៣៣ ១៧៧នាក់ និងអ្នកស្លាប់មានចំនួន ៣ ០៥៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ