អ្នកឃ្លាំមើល​ថា ការ​ផ្ដល់​អំណោយ​មុន​ការបោះឆ្នោត​មាន​ឥទ្ធិពល​តិច​លើ​ម្ចាស់ឆ្នោត

សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ចុះជួបសំណេះសំណាលនិងយកអំណោយចែកជូនដល់សមាជិកគណបក្សប្រជាជនកម្ពុជា នៅឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល Central Youth CPP)

អ្នកឃ្លាំមើលថា ការផ្ដល់អំណោយមុនការបោះឆ្នោតនៅតែមានឥទ្ធិពលតិចតួចដល់ម្ចាស់ឆ្នោតដែរ ជាពិសេសពលរដ្ឋដែលមានជីវភាពខ្វះខាត មិនសូវមានចំណេះដឹងក្នុងការវាយតម្លៃ។

ការលើកឡើងនេះ ក្រោយគេសង្កេតឃើញសកម្មភាពនៃការចុះផ្ដល់អំណោយតាមមូលដ្ឋានរបស់សកម្មជនគណបក្សកាន់អំណាចមានភាពផុសផុល ហើយបង្ហោះលើបណ្ដាញសង្គមព្រោងព្រាត ខណៈការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ជិតចូលមកដល់។

នាយកប្រតិបត្តិនៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ មើលឃើញថា សកម្មភាពចុះចែកអំណោយដល់ពលរដ្ឋមុនការបោះឆ្នោតមកដល់ តែងតែកើតឡើងជារៀងរាល់អាណត្តិនៅកម្ពុជា។

បែបនេះក្ដី លោកថា ឥទ្ធិពលរបស់អំណោយនៅតែមានសម្រាប់ពលរដ្ឋមួយចំនួនដែលមានបញ្ហាជីវភាព  និងពុំសូវមានចំណេះដឹងការវាយតម្លៃមុនជ្រើសអ្នកតំណាង ដែលជំរុញឱ្យពួកគាត់សម្រេចចិត្តតាមរយៈរូបភាពដែលមើលឃើញ។

លោកថា៖ «ការចែកអំណោយនេះ គឺមានឥទ្ធិពលតែទៅលើបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតក្រីក្រ ហើយនៅជនបទទេ។ ក៏ប៉ុន្តែសម្រាប់យុវជន មិនថានៅទីក្រុង មិនថានៅជនបទ ហើយសម្រាប់អ្នកដែលមានការអប់រំ ហើយនិងអ្នកដែលមានជីវភាពសមល្មម គឺពួកគាត់មិនចាប់អារម្មណ៍ទៅលើអំណោយទាំងអស់នេះទេ ពីព្រោះគាត់បានសិក្សា ហើយគាត់ក៏អាចយល់បានអំពីឥទ្ធិពលនៃអំណោយនេះ គឺបានធ្វើឱ្យពួកគាត់ជួបនូវវិបត្តិនៅក្នុងសង្គម ឬក៏ជីវភាពរស់នៅរបស់គាត់វាច្រើនពេក»។

យ៉ាងណា អ្នកឃ្លាំមើលរូបនេះយល់ថា ការចុះចែកអំណោយរបស់គណបក្សនយោបាយបែបនេះ គឺពុំមានភាពយុត្តិធម៌ និងខ្វះតម្លាភាព ខណៈបក្សកាន់អំណាចមានធនធានសម្រាប់ធ្វើសកម្មភាពគ្រប់គ្រាន់ ដែលផ្ទុយពីគណបក្សផ្សេងៗទៀត។

សាស្ត្រាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណរ៉ា ចាត់ទុកថា របៀប​ចុះយកចិត្តរាស្ត្រតាមរយៈការចែកអំណោយមុនការបោះឆ្នោតមកដល់ បានក្លាយជាទម្លាប់និងវប្បធម៌ទៅហើយសម្រាប់កម្ពុជា ជាពិសេសគណបក្សប្រជាជនកម្ពុជា។ យ៉ាងណា លោកថា តម្លៃនៃអំណោយនេះនៅមានឥទ្ធិពលតិចតួចប៉ុណ្ណោះលើម្ចាស់ឆ្នោត ប៉ុន្តែមិនអាចទាក់ចិត្តយុវជន​ដែលចង់បានលទ្ធិប្រជាធិបតេយ្យ យុត្តិធម៌សង្គម និងការគោរពសិទ្ធិមនុស្សពិតប្រាកដឡើយ។

លោកថា៖ «តម្លៃនៃអំណោយហ្នឹង វាធ្លាក់ៗចុះ! ហើយមិនទាក់ទាញទៅលើការគាំទ្រការបោះឆ្នោតទេ។ តែគណបក្សកាន់អំណាចមិនអាចបោះបង់ចោលទម្លាប់ហ្នឹងទេ ព្រោះបើបោះបង់ទម្លាប់ហ្នឹង អ្នកគាំទ្រលែងទៅជិត [លែង]ទៅក្បែរតែម្ដង។ អ៊ីចឹងហើយដូចជាគណបក្សកាន់អំណាចដឹងថា ឥទ្ធិពលនៃការចែកអំណោយ វាធ្លាក់ចុះ មិនសូវមានឥទ្ធិពល ក៏ប៉ុន្តែមិនអាចបោះបង់ចោលបាន»។

សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយរូបនេះ ថាការទិញទឹកចិត្តមុនការបោះឆ្នោតតាមរយៈការចែកអំណោយ បានធ្វើឱ្យបាត់តុល្យភាព ខ្វះយុត្តិធម៌សម្រាប់ការប្រកួតប្រជែង ដោយសារកម្លាំង ធនធាន លទ្ធភាពមិនស្មើគ្នា ស្របពេលគោលការណ៍បោះឆ្នោតមិនបានកំណត់ច្បាស់នូវចំនួនប្រាក់កាសសម្រាប់ឃោសនា។

លោកថា អ្នកនយោបាយចូលចិត្តប្រើអំណោយយកចិត្តរាស្ត្រ ដោយសារពលរដ្ឋកម្ពុជាឆាប់ភ្លេច និងភ័យខ្លាច។ ដូច្នេះដើម្បីឱ្យយន្តការនៃការបោះឆ្នោតមានយុត្តិធម៌ លុះត្រាច្បាប់មានការលើកស្ទួយឱ្យពលរដ្ឋរើសអ្នកតំណាងដោយវាយតម្លៃលើសមត្ថភាព ពុំមែនមើលលើអំណោយ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មើលឃើញថា ការចុះយកចិត្តពលរដ្ឋតាមរយៈអំណោយក៏នៅមានឥទ្ធិពលដែរ តែតិចតួចណាស់ ដោយសារសកម្មភាពអំណោយនេះជារឿងដដែលៗ។

លោកថា៖ «ការផ្ដល់អំណោយនេះ ជាទូទៅ គឺអាចធ្វើឱ្យប្រជាពលរដ្ឋដែលនៅតាមមូលដ្ឋានហ្នឹង គាត់ជួនកាលក៏មានអ្នកខ្លះក៏រីករាយ អ្នកខ្លះក៏មានការទើសទាល់ ហើយអ្នកខ្លះក៏យល់ថា គេចែកឱ្យតែជិតបោះឆ្នោត តែពេលបោះហើយ ក៏គ្មានអ្នកដែលយកចិត្តទុកដាក់អ៊ីចឹងតទៅទៀត»។

យ៉ាងនេះក្ដី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកការលើកឡើងរបស់អ្នកឃ្លាំមើលទាំងនោះថា ​ជាការលើកឡើងដែលមិនយល់ពីច្បាប់ប៉ុណ្ណោះ។

លោកថា គ្មានច្បាប់ណាហាមមិនឱ្យមានការឧបត្ថម្ភសម្ភារ លុយ​កាក់ ដល់សមាជិកបក្សរបស់ខ្លួនឡើយ ដោយសារនេះជាមនោសញ្ចេតនាក្នុងរង្វង់បក្ស លើកលែងយុទ្ធនាការឃោសនាបោះឆ្នោត។

លោកថា៖ «គណបក្សយើងអត់លុយ អត់សម្ភារ អាហ្នឹងយើងអត់ចែកជារឿងរបស់យើងតើ! ចំពោះគណបក្សគេមានលុយ គេមានសម្ភារ គេចែកកូនចៅគេ មានអី ក្នុងរង្វង់គ្រួសារគេ។ […] ក្រៅពីយុទ្ធនាការបោះឆ្នោត គឺថាគណបក្សនយោបាយអាចចែកសម្ភារ បរិក្ខារ ជាមនោសញ្ចេតនាក្នុងរង្វង់បក្សរបស់ខ្លួន អត់ចែកអ្នកក្រៅទេ។ គេចែកសមាជិករបស់ខ្លួន វាអត់មានខុសទាស់អីនឹងគោលការណ៍ច្បាប់ទេ»។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា អះអាងថា ប្រសិនបើការចែកអំណោយនោះធ្វើឡើងនៅក្នុងរង្វង់ទីស្នាក់ការបស់គណបក្ស និងសម្រាប់តែសមាជិកខ្លួន នោះមិនមានជាបញ្ហាខុសឆ្គងទេ លើកលែងតែការឃោសនា ដោយសារកាលបរិច្ឆេទមិនទាន់មកដល់នៅឡើយ។

លោកថា៖ «ប្រសិនបើគាត់ធ្វើឡើងនៅក្នុងរង្វង់ទីស្នាក់ការរបស់សាម៉ីគណបក្ស ធ្វើក្នុងសមាជិករបស់ខ្លួន មិនមានបញ្ហាខុសឆ្គងទេ។ […] ប៉ុន្តែបើគាត់ធ្វើឡើងជាសាធារណៈ របៀបជាឃោសនា អាហ្នឹងមិនទាន់ដល់ពេលឃោសនាទេ។ ហើយបើសិនជាគាត់ធ្វើការឃោសនាមុនកាលកំណត់ អាហ្នឹងវាមិនមែនជាដែនសមត្ថកិច្ចរបស់ គ.ជ.ប ទៀត វាជាសមត្ថកិច្ចរបស់អាជ្ញាធរទៅទៀត»។

បើតាមលោក ពុទ្ធា គ.ជ.ប មានដែនសមត្ថកិច្ចទទួលខុសត្រូវឃ្លាំមើល គឺចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា អំឡុងពេលនៃការឃោសនាបោះឆ្នោត​។

ទោះបីជាយ៉ាងនេះក្ដី អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធារ ថាទោះបីការចុះចែកអំណោយមុនការបោះឆ្នោតបានក្លាយជាវប្បធម៌ទៅហើយក្ដ ប៉ុន្តែវាជំរុញឱ្យមានភាពអយុត្តិធម៌ និងជារូបភាពមិនល្អសម្រាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បើទោះជាមិនខុសច្បាប់ក៏ដោយ។

លោកថា៖ «អ្នកដែលមានហ្នឹងកាន់តែមាន ហើយអ្នកដែលក្រកាន់តែក្រ! មានន័យថា គណបក្សដែលមានហ្នឹង គេមានធនធាន គេអាចយកលុយយកកាក់ទៅទិញទឹកចិត្តប្រជាពលរដ្ឋ រហូតខ្លះក៏មានកិច្ចសន្យា ហើយខ្លះទៀតមានទាំងការសន្យាអីទៀតផង»។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន​១៧ ចូលរួម ក្នុងនោះមានតែគណបក្សពីរប៉ុណ្ណោះ គឺ​គណបក្ស​ប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន ដែលបានដាក់បេក្ខជនប្រកួតប្រជែងនៅទូទាំងប្រទេសច្រើនជាងគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ