អង្គការ​សភាអាស៊ាន​សុំ​ឱ្យ​អាមេរិក​និង​អាស៊ាន​ព្យួរ​សមាជិកភាព​មីយ៉ាន់ម៉ា ខណៈ​កម្ពុជា​ប្រកាន់​ជំហរ​សម្របសម្រួល

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងណៃពិដោ នៃប្រទេសមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ដោយមានការទទួលស្វាគមន៍ដោយលោក វុនណា ម៉ោងល្វីន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

អង្គការសមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស (APHR)​ អំពាវនាវឱ្យសហរដ្ឋអាមេរិកនិងប្រទេសនៅក្នុងតំបន់អាស៊ាន បង្កើនការដាក់សម្ពាធរបស់ពួកគេទៅលើប្រទេសមីយ៉ាន់ម៉ា និងព្យួរសមាជិកភាពប្រទេសនេះ​ ប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាអះអាងថា មិនមានច្បាប់ចែងបែបនេះឡើយ។

តាមរយៈសេចក្ដីថ្លែងការណ៍ពីទីក្រុងចាកាតា (Jakarta) ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៩ ខែឧសភា ក្រុមសមាជិកសភាអាស៊ាន បានជំរុញឱ្យសហរដ្ឋអាមេរិកនិងប្រទេសនៅតំបន់អាស៊ានយកឱកាសនៃកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកនៅចុងសប្ដាហ៍នេះ បន្ថែមសម្ពាធរបស់ពួកគេលើរបបយោធាភូមាដែលបានឡើងគ្រប់គ្រងអំណាចតាមរយៈរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំមុន។

សេចក្តីថ្លែងការណ៍បន្តថា អង្គការសមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស (APHR)​ ជំរុញឱ្យសហរដ្ឋអាមេរិកនិងអាស៊ានដាក់សម្ពាធកាន់តែខ្លាំងជាងមុនលើប្រទេសមីយ៉ាន់ម៉ា ក្នុងនោះ ត្រូវព្យួរសមាជិកភាពរបស់មីយ៉ាន់ម៉ាពីសមាជិកអាស៊ាន ហាមឃាត់ការធ្វើដំណើររបស់មេដឹកនាំរបបសឹក លោក មីន អ៊ុងឡាំង និងពួកយោធានៅក្នុងតំបន់ រួមទាំងការដាក់ទណ្ឌកម្មដោយសំដៅទៅលើក្រុមមេដឹកនាំធ្វើរដ្ឋប្រហារ ជាដើម។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងថា អាស៊ានមិនមានច្បាប់ដើម្បីព្យួរ ឬបណ្តេញប្រទេសជាសមាជិកណាមួយនោះទេ។ លោកថា លុះត្រាតែមានការធ្វើច្បាប់ថ្មី។

ដោយឡែក ទាក់ទងជំហររបស់កម្ពុជាលើបញ្ហាមីយ៉ាន់ម៉ាវិញ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះបានអះអាងថា កម្ពុជានៅតែប្រកាន់ជំហរឱ្យមានការដោះស្រាយជម្លោះដោយការចរចា ការកាត់បន្ថយឱ្យអស់ពីអំពើហិង្សា និងការធ្វើយ៉ាងណាឱ្យស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាវិលមករកសភាពដើមវិញ។

លោកថា៖ «ទី១ យើងមើលច្បាប់របស់អាស៊ាន ដូចជាអត់មានច្បាប់បណ្តេញសមាជិកណាមួយចេញពីអង្គភាពរបស់ខ្លួនទេ។ វាអត់មាន! អាហ្នឹងទាល់តែយើងនាំគ្នាបង្កើតច្បាប់ថ្មី បើចំពោះច្បាប់ដែលយើងកំពុងតែអនុវត្តសព្វថ្ងៃហ្នឹង គឺអត់មានទេ។ ការលើកឡើងគ្រាន់តែស្ថិតនៅក្នុងនិន្នាការនយោបាយតែប៉ុណ្ណោះ វាអត់មានទៅតាមអ្វីដែលគេហៅថា Rule Based»

សហរដ្ឋអាមេរិកនិងប្រទេសសមាជិកអាស៊ាន នឹងបើកកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក (US-ASEAN Special Summit) នៅរដ្ឋធានីវ៉ាស៊ីនតោន ចាប់ពីថ្ងៃទី១២-១៣ ខែឧសភា ចុងសប្តាហ៍នេះ។ ក្នុងនោះក៏មានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានប្តូរវេនផងដែរ។

នាយក​ទទួលបន្ទុក​កិច្ចការទូទៅនៃអង្គការការពារ​សិទ្ធិមនុស្ស​​លីកាដូ (Licadho) លោក អំ សំអាត បានទទួលស្គាល់ថា ការដកឬព្យួរមីយ៉ាន់ម៉ាចេញពីសមាជិកភាពអាស៊ាន គឺមិនមែនជារឿងស្រួលនោះទេ។ ក៏ប៉ុន្តែលោកជឿថា មានយន្តការជាច្រើន ដើម្បីជំរុញឱ្យប្រទេសមីយ៉ាន់ម៉ា វិលត្រលប់ទៅរកប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យវិញ។

លោកថា៖ «ខ្ញុំមើលទៅលើទិដ្ឋភាពដែលកម្ពុជាយើងចង់ឱ្យមានការសម្របសម្រួលនៅមីយ៉ាន់ម៉ា ដើម្បីស្វែងរកសន្តិភាពហ្នឹង គឺជាគោលការណ៍មួយដែលមិនមានចេតនាក្នុងការដកបេក្ខភាពមីយ៉ាន់ម៉ាចេញពីសមាជិកអាស៊ានហ្នឹងទេ ពីព្រោះបញ្ហាការដកបេក្ខភាព ឬបញ្ចូលបេក្ខភាពនៃសមាជិកអាស៊ាននេះ វាមិនមែនងាយស្រួលនោះទេ ពីព្រោះវាអាស្រ័យលើ​ការយល់ព្រមពីសមាជិកអាស៊ានទាំងអស់​»

អង្គការសមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស (APHR) គឺជាបណ្តុំអ្នកតំណាងរាស្ត្រនៅក្នុងតំបន់អាស៊ាន ដែលធ្វើការដើម្បីលើកស្ទួយសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌នៅក្នុងតំបន់អាស៊ាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ