កសិករចិញ្ចឹមជ្រូកបានលើកឡើងថា កម្សោយនៃការអនុវត្តច្បាប់ជាហេតុនាំឱ្យការនាំជ្រូករស់ខុសច្បាប់ចូលមកកម្ពុជាតាមច្រករបៀងជាប់ព្រំដែនវៀតណាម នៅតែបន្តកើតមានជាហូរហែ។
ការអះអាងនេះ ក្រោយពេលពួកគេទទួលបានព័ត៌មានពីការនាំជ្រូករស់ចូលមកកម្ពុជាដោយខុសច្បាប់បន្តកើតមាន ស្របពេលអាជ្ញាធរខេត្តជាប់ព្រំដែនវៀតណាមខ្លះក៏បានទទួលស្គាល់អំពីបញ្ហានេះ និងបានចេញវិធានការទប់ស្កាត់ការនាំចូលសត្វជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសជិតខាងឱ្យមានប្រសិទ្ធភាពខ្ពស់ថែមទៀតផង។
កសិករចិញ្ចឹមសត្វជ្រូកនៅខេត្តកំពង់ឆ្នាំង លោក សួង វាសនា ថ្លែងថា ការនាំជ្រូករស់ដោយខុសច្បាប់ចូលមកកម្ពុជាតាមច្រករបៀងកម្ពុជា-វៀតណាមនេះកើតឡើងជាយូរណាស់មកហើយ។ លោកថា លោកក៏ធ្លាប់ឃើញអាជ្ញាធរចាត់វិធានការលើជនប្រព្រឹត្តដែរ ប៉ុន្តែស្ងាត់ការនាំចូលបានតែមួយរយៈពេលខ្លី ស្ថានភាពល្មើសក៏វិលមកដូចដើមវិញ។
បែបនេះក្តី លោកថា នៅពេលជ្រូករស់ខុសច្បាប់ទាំងនោះចូលតាមរបៀងហើយ ជ្រូកខ្លះផ្ទុកជំងឺ និងត្រូវបានលក់ក្នុងតម្លៃថោក ខណៈការចរាចរជ្រូករស់ទាំងនេះពុំមែនតែនៅខេត្តស្វាយរៀង ព្រៃវែង កំពង់ឆ្នាំង នោះទេ តែត្រូវបានចែកចាយទៅខេត្តផ្សេងៗទៀត។
លោកថា៖ «បើយើងបិទខ្ទប់តែតាមច្រករបៀងហ្នឹងទៅ ក៏វាមិនហៀរដល់ហ្នឹងដែរ។ តែបើយើងចាំឱ្យវាហៀរមកហើយចាំដេញចាប់ វាកាន់តែលំបាកណាស់។ បើយើងព្យាយាម សហការ អាជ្ញាធរ និយាយឱ្យចំថាដាច់ខាតហ្មង! ឥលូវចង់ចូលមក មានការចាប់រថយន្ត ដាក់ទោសទណ្ឌ ពិន័យ បិទ ឬតម្កល់រថយន្តចោល។ អាហ្នឹងយើងធ្វើតែម្តង ពីរដង គាត់រអា ហើយគាត់រាងហើយ។ តែមានឯណា? អត់ផង! ច្បាប់វាធូររលុង ហើយមន្ត្រីពាក់ព័ន្ធតាមច្រករបៀងហ្នឹង គាត់បានលុយកាក់ខ្លះពីឈ្មួញ អ៊ីចឹងគាត់នៅតែបន្ត[ឱ្យនាំចូល] ហើយមន្ត្រីខ្លះហ្នឹងជាអ្នកនាំតែម្តង»។
កសិកររូបនេះបន្តថា កម្សោយការអនុវត្តច្បាប់ធ្វើឱ្យប៉ះពាល់ធំធេងដល់សង្គម ខណៈអាជ្ញាធរមានសមត្ថកិច្ចមិនអាចដោះស្រាយបញ្ហានេះ និងបានត្រឹមនិយាយតែមាត់ ដោយធ្វើឱ្យតែល្អមើលប៉ុណ្ណោះ។
ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ លើកឡើងថា ការនាំចូលជ្រូករស់ខុសច្បាប់ពីប្រទេសវៀតណាមមកកម្ពុជាតាមស្ទើរគ្រប់ច្រករបៀងនៃខេត្តព្រៃវែង និងស្វាយរៀង ជាដើម បន្តកើតឡើងជារៀងរាល់ថ្ងៃ ពោលគឺប្រៀបដូចជា «ការវែកចក» បើទោះមានមន្ត្រីជំនាញនៅតាមព្រំដែនក៏ដោយ។
យ៉ាងណា លោកទទួលស្គាល់ថា មន្ត្រីពាក់ព័ន្ធក៏បានធ្វើការលើរឿងនេះដែរ ក៏ប៉ុន្តែនៅពុំទាន់មានប្រសិទ្ធភាពនៅឡើយ។
លោកថា៖ «សព្វថ្ងៃនេះ ដោយសារស្ថាប័នតាមមូលដ្ឋាន តាមព្រំដែនហ្នឹង មកពីលោកធ្វើការអត់បានម៉ត់ចត់ ក៏ដូចជាមិនបានជាយកចិត្តទុកដាក់ខ្ពស់នូវវិស័យនាំចូលនេះ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកហូប ក៏ដូចជាប៉ះពាល់ដល់អ្នកចិញ្ចឹម។ […] [ហេតុអីអាជ្ញាធរទប់ស្កាត់ការនាំចូលខុសច្បាប់ មិនទាន់មានប្រសិទ្ធភាព?] ឧទាហរណ៍ថា ថ្ងៃហ្នឹងយើងសហការជាមួយពេទ្យសត្វខេត្ត ឬប្រធានមន្ទីរខេត្ត ឈ្មួញវាដឹងៗថាយើងចុះទៅ ឧទាហរណ៍ថាច្រកដូនរ័ត្ន វាអត់ចេញតាមដូនរ័ត្នទេ វាទៅចេញច្រកត្រពាំងផ្លុងអីអ៊ីចឹងទៅ។ អ៊ីចឹងបានន័យថា អាអ្នកឱ្យការណ៍ហ្នឹង វារហ័សជាងយើងទៅបង្ក្រាបទៅទៀត! អ៊ីចឹងចាប់វាអត់បានទេ ដូចលេងបិទពួនអ៊ីចឹង»។
លោកទទូចឱ្យអភិបាលខេត្តជាប់ព្រំដែន និងក្រសួងពាក់ព័ន្ធ ដូចជា ក្រសួងកសិកម្ម សហការគ្នាដោយយកចិត្តទុកដាក់ ចាត់វិធានការដោយម៉ឺងម៉ាត់ នោះនឹងមានប្រសិទ្ធភាពខ្ពស់។ បើពុំដូច្នេះទេ ការនាំចូលជ្រូករស់ខុសច្បាប់នៅតែកើតមាន ដែលធ្វើឱ្យប៉ះពាល់កសិករចិញ្ចឹម និងសុខភាពអ្នកបរិភោគ។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ស្រី វុឌ្ឍី ប្រាប់វីអូឌីតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃនេះថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានខិតខំបង្ក្រាបបទល្មើសចរាចរសត្វដោយខុសច្បាប់យ៉ាងខ្លាំង។ មន្រ្តីអនុវត្តច្បាប់បានធ្វើច្រើននិងបង្ក្រាបបានជាហូរហែផងដែរ។
កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល បានចេញលិខិតណែនាំមួយស្តីពីវិធានការទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសជិតខាង ដោយទំនងសំដៅទៅប្រទេសវៀតណាម។
សេចក្តីណែនាំនោះបានទទួលស្គាល់ថា មានអាជីវករមួយចំនួនបានលួចនាំចូលដោយខុសច្បាប់នូវសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសជិតខាងចូលមកខេត្តស្វាយរៀង តាមរយៈច្រករបៀងមួយចំនួន ដោយពុំបានត្រួតពិនិត្យពីសុខភាពសត្វឱ្យបានត្រឹមត្រូវ និងមួយផ្នែកទៀតធ្វើឱ្យបាត់បង់ចំណូលពីការបង់ពន្ធចូលថវិកាជាតិ។
បញ្ហានេះ អភិបាលខេត្តជាប់ព្រំដែនវៀតណាមមួយនេះបានណែនាំទៅស្នងការនគរបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធតាមព្រំដែនទាំងអស់ ត្រូវសហការជាមួយមន្ទីរកសិកម្ម ដើម្បីទប់ស្កាត់ និងចាត់វិធានការទប់ស្កាត់ការនាំចូលជ្រូក សាច់ជ្រូក ដែលខុសច្បាប់ឱ្យមានប្រសិទ្ធភាព។
លើសពីនេះ មន្ទីរកសិកម្មខេត្ត ត្រូវសហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធតាមបណ្ដាច្រករបៀងខុសច្បាប់ ដើម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាព ហើយក្នុងករណីចាំបាច់ត្រូវរាយការណ៍ និងសុំគោលការណ៍ពីអាជ្ញាធរខេត្ត ដើម្បីចាត់វិធានការចំពោះជនល្មើសតាមច្បាប់តែម្តង៕