ក្រសួង​មិន​ទទួល​ស្គាល់​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ចេញ​ដោយ​ក្រុមហ៊ុន​ឬ​បុគ្គល​ឯកជន​ឡើយ

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតនៅក្នុងថ្ងៃចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដែលជាជំនួយពីចិន ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ (ហ៊ី ឆាយ)

ក្រសួងសុខាភិបាល​បាន​ប្រកាស​មិនទទួលស្គាល់បណ្ណឬវិញ្ញាបនបត្រ​ចាក់វ៉ាក់សាំង​កូវីដ-១៩ ដែលចេញដោយក្រុមហ៊ុនឯកជន​ឬបុគ្គលណា ក្រៅពីក្រសួងសាម៉ី​ផ្ទាល់​ និង​ក្រសួង​​ការ​ពារ​​ជាតិឡើយ​។

សេចក្តីប្រកាសព័ត៌មានរបស់​ក្រសួងសុខាភិបាល ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ បាន​ច្រានចោលទាំងស្រុងចំពោះការ​​​​ប្រកាសផ្សព្វផ្សាយ​តាមបណ្ដាញសង្គមរបស់​ក្រុមហ៊ុន​ឯកជន និងបុគ្គល​មួយ​ចំនួន ដែល​ថា ពួកគេ​បាន​សហការជាមួយក្រសួង​សុខាភិបាល​ក្នុងការធ្វើបណ្ណ​ចាក់វ៉ាក់​សាំងកូវីដ-១៩ថ្មី ឬអាចចេញវិញ្ញាបនបត្រ​ចាក់វ៉ាក់សាំងនេះជូនប្រជាពលរដ្ឋ​សម្រាប់​​​ប្រើ​ប្រាស់​ទៅក្រៅប្រទេស។

ករណីនេះ ក្រសួង​បញ្ជាក់ថា ការ​ស្នើសុំវិញ្ញាបនបត្រ​ចាក់វ៉ាក់សាំង​នេះធ្វើឡើង​តាមប្រព័ន្ធអនឡាញដោយ​ខ្លួនឯងឬមានអ្នកស្នើសុំជំនួស តារយៈតំណភ្ជាប់ search.vaccine.gov.kh និងមិនមាន​ការ​បង់ប្រាក់កម្រៃនោះទេ។

ក្រសួងសុខាភិបាលបន្តថា៖ «សូមបដិសេធចោលទាំងស្រុងនូវការ​ប្រកាស​របស់​ក្រុមហ៊ុននិងបុគ្គល​ទាំងនោះ និងសុំបញ្ឈប់​សកម្មភាពឃោសនាទាំងអស់នេះជាបន្ទាន់។ ជាមួយគ្នានេះ គណៈកម្មការ​ចំពោះកិច្ច​ចាក់វ៉ាក់សាំងកូវីដ-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ​ទាំងអស់ត្រូវ​ឈប់ជឿលើការ​ឃោស​នា​បោកប្រាស់ទាំងនេះ ដើម្បីចៀសវាងការ​ខាតបង់ប្រាក់​ និងបង្កឱ្យ​មានភាពអនាធិបតេយ្យ​ក្នុង​សង្គម ដែលធ្វើឱ្យ​ប៉ះពាល់​ដល់​គោលនយោ​បាយ​របស់​រាជរដ្ឋាភិបាល»។

បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ​អត្រា​អ្នក​ចាក់​វ៉ាក់​​សាំង​កូវីដ-១៩នៅ​កម្ពុជា គិត​ត្រឹម​​ថ្ងៃទី១១ ខែ​ឧសភា ឆ្នាំ​២០២២ បាន​ចំនួន ៩៣,៦៩% បើ​​ធៀបនឹងចំនួនប្រជាជនសរុប១៦​លាននាក់។

របាយការណ៍ដដែលបញ្ជាក់លម្អិតថា ការចាក់វ៉ាក់សាំង​លើប្រជាជនអាយុពី១៨ឆ្នាំឡើង មានចំនួន ១០៣,០៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់, កុមារ-យុវវ័យ អាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ មានចំនួន ១០០,៥០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១ ៨២៧ ៣៤៨នាក់, កុមារអាយុពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ មានចំនួន ១០៨,៧៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១ ៨៩៧ ៣៨២នាក់, កុមារអាយុ០៥ឆ្នាំ មានចំនួន ១៣០,៧៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤ ៣១៧នាក់, កុមារអាយុ០៣ឆ្នាំ ដល់ក្រោម០៥ឆ្នាំ មានចំនួន ៦៣,០៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០ ៧៣០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ