រុស្ស៊ី​ព្រមាន​ប្រទេស​លោកខាងលិច​អំពី​ហានិភ័យ​នៃ​ជម្លោះ​ជាមួយ​ណាតូ

លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី។ (ធ្វីតទ័រ៖ Dmitry Medvedev)

ប្រភពស្និទ្ធស្នាលនឹងប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន មួយរូបបានព្រមានប្រទេស​លោក​ខាងលិច​នៅថ្ងៃព្រហស្បតិ៍នេះថា ការកើនឡើងនៃការគាំទ្រផ្នែកយោធាដែលផ្ដល់ដល់អ៊ុយក្រែន​ ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ គឺជាការចាក់សាំងលើភ្លើងបន្ថែមទៀត​ ដែលអាចនឹងបង្កឱ្យមានជាជម្លោះរវាងរុស្ស៊ី និងសម្ព័ន្ធមិត្តយោធាណាតូ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

អតីតប្រធានាធិបតី ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បាន​បន្ថែមឱ្យដឹងទៀតថា ការបង្កជម្លោះបែបនេះជាមួយអង្គការណាតូ គឺអាចនឹងនាំមកនូវហានិភ័យនៃការ​ប្រែក្លាយ​ទៅ​ជា​សង្រ្គាម​នុយ​ក្លេអ៊ែរ​យ៉ាង​ពេញ​លេញ។

ប្រភពដដែលនេះបានបន្តឱ្យដឹងតាមរយៈការបង្ហោះក្នុង​ប្រព័ន្ធ​តេឡេក្រាម​ (Telegram) ​ថា៖ «បណ្តាប្រទេសដែលជាសមាជិកណាតូនានា មានការបញ្ជូនសព្វាវុធជាហូរហែចូលទៅកាន់អ៊ុយក្រែន រួម​នឹងការ​បណ្តុះបណ្តាលកងទ័ពឱ្យប្រើប្រាស់ឧបករណ៍របស់លោកខាងលិច ការបញ្ជូនទាហានស៊ីឈ្នួល និង​ការធ្វើសមយុទ្ធនៃប្រទេសសម្ព័ន្ធមិត្តនៅជិតព្រំដែនរបស់យើងផងដែរ ដែលសកម្មភាពអស់ទាំងនេះហាក់បង្កើនលទ្ធភាពនៃជម្លោះដោយផ្ទាល់ និងបើកចំហមួយរវាងណាតូ និងរុស្ស៊ី»។

លោក Dmitry Medvedev បន្តថា៖ «ជម្លោះបែបនេះ [បើកើតមានឡើង] តែងតែបង្កឱ្យមានជាហានិភ័យនៃកា​រប្រែក្លាយទៅជាសង្រ្គាមនុយក្លេអ៊ែរពេញលេញ ដែលវានឹងក្លាយជាសេណារីយ៉ូដ៏មហន្តរាយមួយ​សម្រាប់មនុស្សគ្រប់គ្នា»។

ទោះជាយ៉ាងណា អ្នកនាំពាក្យវិមានក្រឹម​ឡាំង លោក Dmitry Peskov ធ្លាប់បានបញ្ជាក់ឱ្យដឹងកាលពីពេលកន្លងទៅថា គោលនយោបាយសន្តិសុខរបស់រុស្ស៊ីកំណត់ថា ប្រទេសនេះនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ​សម្រាប់តែករណីដែលអត្ថិភាពរបស់ខ្លួន​ត្រូវបានគំរាមកំហែងប៉ុណ្ណោះ។

ការថ្លែងបញ្ជាក់របស់អ្នកនាំពាក្យរូបនេះត្រូវបានធ្វើឡើងបន្ទាប់ពីបណ្ដាប្រទេសលោកខាងលិចមានការ​ព្រួយបារម្ភថា ការប៉ះទង្គិចរវាងប្រទេសទាំង២ អាចនឹងវិវត្តទៅជាសង្រ្គាមនុយក្លេអ៊ែរ។

រុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំរបស់​ខ្លួនទៅ​លើអ៊ុយក្រែន​តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​សមុទ្រ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលធ្វើឡើងបន្ទាប់​ពី​ការ​ប្រកាស​សង្រ្គាម​មួយដោយប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន​ ខណៈដែលខ្លួនក៏ធ្លាប់បានបញ្ជាដាក់អាវុធនុយក្លេអ៊ែរប្រទេសរបស់លោកឱ្យស្ថិតក្នុងការត្រៀមខ្ពស់ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ