ពលរដ្ឋខ្មែរ​អាមេរិកាំង​ធ្វើ​បាតុកម្ម​ទាមទារ​ការ​គោរព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា

ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មកដល់សណ្ឋាគារស្នាក់អាស្រ័យ ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ពលរដ្ឋខ្មែរអាមេរិកាំង​រាប់សិបនាក់បានដើរដង្ហែក្បួនធ្វើបាតុកម្មនៅមុខ​ក្រសួង​ការបរទេស​​​អាមេរិក ដើម្បីទាមទារឱ្យមានការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក កាលពីល្ងាចថ្ងៃទី១២ ខែឧសភា។

បាតុកម្មដែលមានការ​ផ្សព្វផ្សាយនៅលើ​បណ្ដាញ​សង្គម​ដែរនោះ ក៏មានការចូលរួម​ពីពលរដ្ឋ​ចម្រុះជាតិសាសន៍ប្រមាណ៤០០នាក់ ដូច​ជា ពលរដ្ឋ​ថៃ ឡាវ​ មីយ៉ាន់ម៉ា និងវៀតណាម ផងដែរ ដោយពួកគេ​ចូលរួម​ក្នុ​ង​​​គោលបំណងដូចគ្នា​នេះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា ការធ្វើបាតុកម្មនេះ គឺជារឿងធម្មតានៅក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែវានឹងមិនមានឥទ្ធិពលអ្វីមក​លើរដ្ឋាភិបាលកម្ពុជានោះទេ។

លោកថា៖ «ជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យ វាចៀសមិនរួចពីថាមានអ្នក​គាំទ្រនិង​អ្នក​មិន​គាំទ្រ! ហើយអ្នកមិនគាំទ្រ គេមិនសប្បាយចិត្តទេ គេចេះតែធ្វើអ៊ីចឹងទៅ តាមអំពើ​ចិត្ត ការវាយតម្លៃថាថោកទាប ថាមានចរិតតិរច្ឆាន ឬមួយថាការដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអី អាហ្នឹងចិត្តគេៗចង់បានអ៊ីចឹងហើយ បានជាគេធ្វើអ៊ីចឹង។ ក៏ប៉ុន្តែវាមិនមែនមហាជនទូទៅ មិនមែនចេះតែវាយតម្លៃទៅតាមការចង់បានរបស់ពួកប្រឆាំងនោះទេ»។

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ មើលឃើញថា បាតុកម្មនេះនឹងមិនមានឥទ្ធិពលឬ​ប្រែប្រួលទៅលើគោលជំហររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជានោះទេ។

លោកថា៖ «ការពិតទៅ ការធ្វើបាតុកម្មរបស់បងប្អូនប្រជាពលរដ្ឋយើងនៅសហរដ្ឋអាមេរិក​ហ្នឹង វាមិនធ្វើឱ្យកម្ពុជាមានការប្រែប្រួលទេ ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏លោកមិនចាត់ទុកថាការធ្វើបាតុកម្មនោះជារឿង​ធំដែរ ព្រោះកម្លាំងគាំទ្រលោកនៅសហរដ្ឋអាមេរិក​ហ្នឹង វាមាន​ទំហំ​ធំធេង ឬច្រើនអីចឹង ហ្នឹង​ទី១! ហើយទី២ ពាក់ព័ន្ធនឹងប្រជាធិបតេយ្យ​នៅកម្ពុជា យើងឃើញហើយថា កម្ពុជាតែងតែប្រកាសជាដដែលៗថា ខ្លួនគឺជាប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យ ហើយក៏ជាប្រទេសដែលអនុវត្តប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គឺធ្វើតាមច្បាប់របស់កម្ពុជាទាំងអស់។ ដូច្នេះ ខ្ញុំជឿជាក់ថា វាមិនមានអ្វីប្រែប្រួលសម្រាប់កម្ពុជានោះទេ»។   

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ស្ថិត​នៅ​សហរដ្ឋ​អាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូល​ពិសេស​អាស៊ាន-អាមេរិក តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ចាប់ពីថ្ងៃទី១២-១៣ ខែឧសភា។

កាលពីល្ងាចថ្ងៃទី១២ ខែឧសភា ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានស្វាគមន៍មេដឹកនាំអាស៊ានចំនួន៩ប្រទេស (លើកលែងប្រទេសមីយ៉ាន់ម៉ា) នៅសេតវិមាន White House ជាលើកដំបូង និងជាប្រវត្តិសាស្ត្រ។

ក្រៅពីបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រព័ន្ធផ្សព្វផ្សាយគាំទ្ររដ្ឋាភិបាលក៏បានផ្សព្វផ្សាយជាបន្តបន្ទាប់ពីការទទួលស្វាគមន៍របស់ពលរដ្ឋខ្មែរអាមេរិកាំង និងកាណាដា ប្រមាណជា២ ០០០​នាក់ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ