កម្មករ-កម្មការិនីជាច្រើននាក់បម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធើរេន អីភែរឹល (ខេមបូឌា) នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បាននាំគ្នាបន្តការតវ៉ានៅមុខរោងចក្រ ខ្វលីធី តេក្សស្ទីល ស្ថិតក្នុងសង្កាត់ដូចគ្នា ក្រោយគ្មានដំណោះស្រាយរឿងវិវាទការងារ។
កម្មករ-កម្មការិនីទាំងនោះប្រមូលផ្តុំតវ៉ាមុខរោងចក្រ ខ្វលីធី កាលពីថ្ងៃម្សិលមិញ ដោយពួកគេអះអាងថា រោងចក្រទាំង២នេះមានថៅកែតែមួយ ហើយរោងចក្រ ឃែនធើរេន បានបិទទ្វាររោងចក្រ ដោយមិនបានជូនដំណឹង និងដោះស្រាយសំណងតាមផ្លូវច្បាប់ជូនក្រុមកម្មករឡើយ។
បើតាមកម្មករនៅរោងចក្រ ឃែនធើរេន មានកម្មករជាង៣០០នាក់ ដោយពួកគេភាគច្រើនមានអតីតភាពការងារយូរឆ្នាំ ចន្លោះពី១០ឆ្នាំទៅ២០ឆ្នាំ។
ក្រោយរោងចក្រ ឃែនធើរេន អីភែរឹល (ខេមបូឌា) បិទទ្វារផ្អាកដំណើរការ ក្រុមកម្មករបាននាំគ្នាដេកយាមមុខរោងចក្រជាង១សប្តាហ៍ហើយ ដើម្បីការពារមិនឱ្យមានការដឹកសម្ភារផ្សេងៗចេញពីរោងចក្រ។
មន្ត្រីសម្ព័ន្ធសហជីពចលនាកម្មករ លោក ស៊ុត ចិត្រ លើកឡើងថា ករណីថៅកែបិទអាជីវកម្មដោយមិនបានជូនដំណឹងត្រឹមត្រូវដល់កម្មករនេះ គឺជារឿងខុសច្បាប់។ លោកថា ថៅកែត្រូវដោះស្រាយសំណងជូនកម្មករចំនួន៥ចំណុច រួមមាន ប្រាក់ឈ្នួលចុងក្រោយ ប្រាក់ជូនដំណឹង ប្រាក់ជំងឺចិត្ត ប្រាក់អតីតភាពការងារ និងប្រាក់ដំណាច់ឆ្នាំដែលនៅសល់។
មន្ត្រីសហជីពរូបនេះលើកឡើងថា ថៅកែរោងចក្រ ឃើធើរេន មានចេតនាគេចវេះមិនទទួលខុសត្រូវលើការទូទាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ។ លោកបានស្នើដល់រដ្ឋាភិបាល ជាពិសេសក្រសួងការងារ ត្រូវស្វែងរក និងបង្ខំឱ្យថៅកែទទួលខុសត្រូវលើកការទូទាត់ប្រាក់សំណងជូនកម្មករទៅតាមផ្លូវច្បាប់ ដើម្បីកុំឱ្យកម្មករខ្មែរបន្តរងទុក្ខលំបាក។
យ៉ាងណា វីអូឌី មិនអាចសុំការបញ្ជាក់ពីអតីតបុគ្គលិកផ្នែករដ្ឋបាលរោងចក្រ ឃែនធើរេន លោក ឌាវ គឹមប៊ូ ដែលកម្មករអះអាងថា បច្ចុប្បន្នកំពុងបម្រើការងារនៅរោងចក្រ ខ្វលីធី តេក្សស្ទីល និងតំណាងក្រសួងការងារ បានទេ នៅព្រឹកថ្ងៃអង្គារនេះ៕