លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បញ្ជូនសាររបស់លោកទៅកាន់រដ្ឋបាលលោក ចូ បៃឌិន ឱ្យឆ្លើយបំភ្លឺជុំវិញសកម្មភាពបុរសជនជាតិខ្មែរអាមេរិកកាំងម្នាក់ ដែលគប់ស្បែកជើងមកលើរូបលោក ក្នុងពេលធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក។
ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានធ្វើឡើងនៅក្នុងជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រឆាំងជំងឺកូវីដ-១៩ នៅឯសាលពិព័រណ៍ជ្រោយចង្វា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។
លោកនាយករដ្ឋមន្ត្រីអះអាងថា លោករង់ចាំការឆ្លើយតបពីសហរដ្ឋអាមេរិកថា តើសហរដ្ឋអាមេរិកនឹងចាត់វិធានការច្បាប់លើបុរសជនជាតិខ្មែរអាមេរិកកាំងរូបនោះបែបណា? និងថាតើសហរដ្ឋអាមេរិកចាត់ទុកសកម្មភាពនេះថា ជាអំពើហិង្សា ឬ ជាសិទ្ធិបញ្ចេញមតិ?
លោកក៏បានព្រមានទៅដល់អ្នកដែលប្រឆាំងនឹងលោកនៅក្នុងប្រទេសកម្ពុជាថា អាចនឹងមានការសងសឹក ប្រសិនបើសហរដ្ឋអាមេរិកចាត់ទុកករណីនេះថា ជាសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។
លោកថា៖ «ខ្ញុំផ្តាំផ្ញើទៅភាគីអាមេរិក ខ្ញុំមិនមែនប្រដៅអាមេរិកទេ អាមេរិកត្រូវគិតឱ្យច្បាស់លើចំណុចនេះ សង្ឃឹមថា ឯកឧត្តមអគ្គរដ្ឋទូតនៅទីក្រុងភ្នំពេញបញ្ជូនសារនេះទាំងស្រុងទៅកាន់រដ្ឋបាលអាមេរិក ប្រសិនបើជាអាមេរិកចាត់ទុករឿងនេះ វាជាសិទ្ធិបញ្ចេញមតិ ប្រហែលជារឿងនេះនឹងកើតនៅគ្រប់ប្រទេសទាំងអស់ រាប់ទាំងនៅកម្ពុជា។ អ៊ីចឹងក្រុមអ្នកប្រឆាំង ហ៊ុន សែន ទាំងប៉ុន្មានត្រៀម ត្រូវក្បាលនឹងស្បែកជើង។ រឿងនេះមិនមែនជារឿងតូចតាចទេ សុំសហរដ្ឋអាមេរិកគិតគូឱ្យបានច្បាស់»។
វីអូឌីកំពុងស្វែងរកការឆ្លើយតបពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ជុំវិញការការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ តែមិនទាន់មានការឆ្លើយតបនៅឡើយទេ៕