ការ​ឆ្លើយ​តប​ពី​គណបក្ស​ក្រៅ​រដ្ឋាភិបាល​និង​អ្នកវិភាគ​សង្គម​អំពី​សារ​ព្រមាន​របស់​លោក ហ៊ុន សែន

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅសាលពិព័រណ៍ជ្រោយចង្វារ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ការឆ្លើយតបពីអ្នកនយោបាយ និងក្រុមអង្គការសង្គមស៊ីវិល ជុំវិញសារព្រមានរបស់នាយករដ្ឋមន្ត្រីនៅពេលនេះ ខណៈ​​​រដ្ឋាភិបាល​​​បាន​​ហៅហេតុ​​ការណ៍​​ «គប់ស្បែកជើង» ​ដែលបានកើតឡើងនៅសហរដ្ឋអាមេរិក ថាអាចជាប់ពាក់ព័ន្ធក្រុម​​​​ប្រឆាំង​នៅ​​​​​កម្ពុជា ដោយ​​ព្រ​​​​មាន​​ឆ្លើយតបវិញ ប្រសិនបើជំហរ​​របស់​​អា​​​មេ​​រិកចាត់ទុកសកម្មភាពនោះ គឺជា​​ផ្នែ​​ក​​​​​​មួយនៃការសិទ្ធិបញ្ចេញមតិទៅវិញ។

បើទោះជាបែបនេះក្ដី មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បានបដិសេធថា តាមពិត​​​ទៅ ​នេះ​​ជារឿងដែលគួរឱ្យហួសចិត្ត ព្រោះអ្នកប្រព្រឹត្តបទល្មើស​នោះមិនមែនជាសមាជិក ឬអ្នកគាំទ្រ​​របស់​​គណ​​​បក្ស​ប្រឆាំងទេ តែជាមនុស្សដែលស្និទ្ធនឹងគណបក្សប្រជាជនកម្ពុជាទៅវិញ។

បើតាមអនុប្រធានគណបក្សភ្លើងទៀន​ ប្រសិនបើរឿងនេះ លោក ហ៊ុន សែន បែរជា​​បង្វែរ និង​​​​ដាក់​​​បន្ទុកមកលើគណបក្សប្រឆាំង វាមិនខុសអីពីខឹងគោហើយវាយរទេះនោះឡើយ។

លោកបន្តថា៖ «អាហ្នឹងបើយើងគិតទៅ វាគឺជារឿងផ្ទៃក្នុងរបស់គណបក្សប្រជាជន។ ហើយអ្វីដែលខ្ញុំ​​ចង់​​​មានមតិទៅលើរឿងហ្នឹង សូមកុំឱ្យយករឿងហ្នឹងធ្វើជារឿងសងសឹក និងគំនុំគុំកួន»។

លោកនាយករដ្ឋមន្រ្តី បានព្រមានដោយត្រង់ទៅក្រុមប្រឆាំង និងអ្នកធ្វើអត្ថាធិប្បាយពីបញ្ហាសង្គមនិង​​នយោបាយ ថាត្រូវមានការប្រយ័ត្នប្រយែងឱ្យបានខ្ពស់ ដោយលោក ហ៊ុន សែន ចាត់ទុកថា ស​​កម្ម​​ភាពឆ្លើយតបដូចគ្នានៃការប្រើប្រាស់អំពើហិង្សាកើតចេញពីការគប់ស្បែកជើងនេះ នឹងត្រូវកើតឡើងនៅទូទាំងប្រទេសនិងបណ្ដារដ្ឋដទៃទៀតនៅជុំវិញពិភពលោក ចំពោះក្រុមប្រឆាំងវិញ។

ការថ្លែងដូច្នេះរបស់លោកនាយករដ្ឋមន្រ្តី ធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ ក្នុងពិធីជួបជា​មួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលហៅថា «ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ» នៅសាលពិព័រណ៍ជ្រោយ​​ចង្វារ​ រាជធានីភ្នំពេញ។

បើតាមលោក ហ៊ុន សែន ប្រសិនបើព្រឹត្តិការណ៍គប់ស្បែកជើងប្រឆាំងរូបលោក នៅលើទឹកដី​​សហរដ្ឋ​​អា​​មេរិក ហើយប្រសិនបើរឿងនេះត្រូវសហរដ្ឋអាមេរិកចាត់ទុកថា វាគ្រាន់ត្រឹមតែជាការប្រើប្រាស់​សិទ្ធិទេ លោក​​ព្រ​​មាន​​​​ថា ​​វាសនា​​​មេ​ដឹកនាំរបស់ក្រុមប្រឆាំងនៅកម្ពុជាក៏នឹងត្រូវជួបហេតុការណ៍ដូចរូប​​លោក​​បាន​​​​ឆ្លងកាត់​រួច​កាលពីប៉ុន្មានថ្ងៃមុនេះនៅ​អា​​មេរិក។

លោកបន្តថា៖ «តែអ្វីដែលខ្ញុំកំពុងតែព្រួយ គឺសុវត្ថិភាពមេដឹកនាំប្រឆាំង និយាយឱ្យ​​ច្បា​​ស់​​អ៊ីចឹង​​​តែ​​ម្តង​​។ ​​បើនៅណោះ គេចាត់ទុកថាជាសិទ្ធិនៃការបញ្ចេញមតិ នៅណេះក៏អាច​​គប់​​ក្បា​​លមេដឹកនាំ​ប្រ​​ឆាំង​​​​​​នៅស្រុកខ្មែរបានដែរ។ សូមគិតកន្លែងហ្នឹងឱ្យច្បាស់»។

ក្រៅពីនេះ លោកនាយករដ្ឋមន្រ្តីក៏បានព្រមានដូចគ្នានេះដែរ ចំពោះអ្នកវិភាគមួយ​​ចំនួន​​។​​ លោក​​ផ្ដាំ​​ទុក​​ជាមុនថា អ្នកគាំទ្រ​រដ្ឋា​​ភិបាល នៅ​​ពេលនេះ កំពុងក្ដៅក្រហាយចំពោះអ្វីដែលបានកើតឡើងចំ​​ពោះ​​​​រូបលោក នៅ​លើ​​ទឹក​​ដី​​ស​​ហ​​រដ្ឋ​​​​​អាមេរិក។ ក្នុងន័យនេះ ប្រសិនបើអ្នកវិភាគសង្គមលើកឡើងចំណុចណាមួយ​​ដែល​​​​នាំទៅដល់ការបញ្ឆេះកំហឹង ស្ថានការណ៍នេះវាកាន់តែរីកធំឡើង។

ហេតុដូច្នេះ បើតាម​​លោ​​ក ហ៊ុន សែន ការវិភាគរបស់​​ក្រុម​​អង្គ​ការ​​មិន​​មែន​រដ្ឋាភិបាលជុំវិញព្រឹត្តិការណ៍នេះ គួរធ្វើឡើង​​ដោ​​យ​​​​ថ្លឹ​ង​​​​ថ្លែង​​ក្នុង​​កម្រិតវិជ្ជាជីវៈឱ្យ​​បាន​​ត្រឹមត្រូវ​។

លោកបន្តថា៖ «អង្គការក្រៅរដ្ឋាភិបាលនានាប្រយ័ត្នប្រយែងទៅលើការធ្វើអត្ថាធិប្បាយខុស ព្រោះ​​នៅ​​​​​ប្រទេសកម្ពុជាកំពុង​​ខឹងសម្បារ​​យ៉ាង​​ខ្លាំងត្រៀមតែ​​នឹងផ្ទុះ​​ទេ។​​ សូមឱ្យមាន​​ការប្រុងប្រយ័ត្ន​ទៅ​​លើ​កា​រធ្វើអត្ថាធិប្បាយណាមួយ សម្រាប់អ្នកនៅក្នុងប្រទេសកម្ពុជា»។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា​​ សង្គ​​ម​​ស៊ីវិលគឺជាដៃគូសហការដ៏ល្អមួយរបស់រដ្ឋាភិបាល ហើយក៏ជាផ្នែកមួយជួយកែ​​លម្អ​​ចំ​​ណុច​​ខ្វះ​​ខាត​​របស់រដ្ឋាភិបាលដែរ។ ម្យ៉ាងវិញទៀត ការអត្ថាធិប្បាយណាមួយ គឺផ្អែកលើស្ថានភាពជាក់​​ស្តែង ​​ដែល​​មិនមែនជាការដើរហួសបន្ទាត់នៃវិជ្ជាជីវៈក្នុងក្រ​បខណ្ឌសិទ្ធិមនុស្សនិងប្រជាធិបតេយ្យទេ។

លោកបន្តថា៖ «យើងជាអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្ស យើងមិនមែនជាសត្រូវរបស់រដ្ឋាភិបាល ឬក៏ជា[សត្រូវ]របស់អាជ្ញាធរទេ។ តាមការពិតទៅ យើងជាអង្គការសង្គមស៊ីវិល និងគឺជាដៃគូរបស់រដ្ឋាភិបាល»។

បើតាមលោក អំ សំអាត ក្នុងនាមជាអ្នកផ្តល់ការអត្ថាធិប្បាយ ជាពិសេសពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស លោ​​កដូចជាមិនមានការព្រួយបារម្ភណាមួយ ចំពោះការព្រមានរបស់​​លោកនាយករដ្ឋ​​មន្រ្តីនេះ​​ទេ ព្រោះ​ការផ្តល់យោបល់របស់លោកធ្វើឡើងក្នុងកម្រិតបច្ចេកទេស និងគោលការណ៍ បទបញ្ជា និង​នីតិវិ​​ធី​​​​​​ ដែលមាន​​ចែង​​របស់ស្ថាប័ន។

មិនខុសគ្នាដែរ ប្រធានអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ ដែលតែងផ្តល់សំឡេងនៅ​​តាម​ប្រព័ន្ធផ្សព្វផ្សាយកន្លងទៅ យល់ឃើញថា​ លោកហាក់មិនខ្លាចរអាចំពោះអ្វីដែលលោក ហ៊ុន សែន ថ្លែង​​នៅពេលនេះទេ ប្រសិនបើការបញ្ចេញមតិនោះប្រកបដោយ​វិជ្ជាជីវៈនិងក្រមសីលធម៌។

លោក សេក សុជាតិ អះអាងថា លោកនឹងនៅតែបន្តប្រើប្រាស់សិទ្ធិនេះ ដើម្បីជួយកែលម្អ​​ចំណុច​​ខ្វះ​​ខាត​បន្ថែមទៀតរបស់រដ្ឋាភិបាល។

លោកបន្តថា៖ «ខ្ញុំមិនសូវជាយកការភ័យខ្លាចធ្វើជាមូលហេតុ ដើម្បីគេហៅថា នៅក្នុងការបញ្ចេញមតិ ឬក៏សម្ដែងការយល់ឃើញរបស់ខ្លួន ពាក់ព័ន្ធនឹងកិច្ចការរបស់សង្គមទេ។ អ្វីដែលខ្ញុំ​​លើកនេះ ​​គ្រប់​​អ្នក​​វិ​​ភាគ ឬក៏គ្រប់អ្នកបកស្រាយទៅលើបញ្ហាផ្សេងៗនៅក្នុងសង្គមនេះ ប្រសិនបើ​​យើងប្រកាន់​​យក​​នូវ​​វិជ្ជា​​ជីវៈ ហើយរក្សាបាននូវសីលធម៌ ហើយនិងមានគុណធម៌ នៅក្នុងការសម្ដែងមតិឬក៏ការបញ្ចេ​​ញ​​​​យោបល់ ខ្ញុំជឿជាក់ថា វានឹងមិនជួបបញ្ហាទេ»។

លោក អ៊ុក ទូច បានផ្តល់បទសម្ភាសន៍ឱ្យបណ្ដាញសារព័ត៌មាន បញ្ជាក់ថា លោកមានសាច់ញាតិដែលជា​មនុស្ស​​​ស្និទ្ធ​​​​ជាមួយលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និង​​អធិ​​កា​​រ​កិច្ច។ ការគប់ស្បែកជើងប្រឆាំងវត្តមានលោក ហ៊ុន សែន នៅក្នុងទឹកដីអាមេរិកនេះ ត្រូវ​​បាន​​​លោ​​​​ក អ៊ុក ទូច បញ្ជាក់ថា ដោយសារលោកមិនសប្បាយ​​ចិត្តនឹងការដឹកនាំ​​ប្រទេស​​របស់​​លោក​​នា​​​យ​​​​​​ករដ្ឋមន្រ្តី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ