UPDATED៖ លោក ហ៊ុន សែន សុំ​ឱ្យ​អាមេរិក​ឆ្លើយតប​ចំពោះ​សកម្មភាព​គប់ស្បែកជើង​មកលើ​រូបលោក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបសម្ដែងការស្វាគមន៍ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅសហរដ្ឋអាមេរិក)។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បញ្ជូន​សារ​របស់​លោក​ទៅកាន់​រដ្ឋបាល​លោក ចូ បៃឌិន ឱ្យឆ្លើយបំភ្លឺ ជុំវិញសកម្មភាពបុរសជនជាតិខ្មែរអាមេរិកាំងម្នាក់ដែលគប់ស្បែកជើង​មក​លើរូបលោក ក្នុងពេល​ធ្វើ​ទស្សន​កិច្ចនៅសហរដ្ឋអាមេរិក។

ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមសមាគមគ្រូពេទ្យស្ម័គ្រចិត្តប្រឆាំងជំងឺកូវីដ-១៩ នៅឯសាលពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តាំ​ទៅ​សហរដ្ឋអាមេរិកថា ការគប់ស្បែកជើងមិន​មែនជារឿងតូចតាចទេ ហើយបើអាមេរិកចាត់ទុកថា នេះជារឿងសិទ្ធិ​បញ្ចេញមតិ នោះលើពិភពលោក​ក៏​គ្មាន​ច្បាប់ទម្លាប់​ទៀត​ដែរ។ លោកបានគូសបញ្ជាក់ថា លោកមិនឱ្យសហរដ្ឋអាមេរិក​ចាត់វិធានការផ្លូវច្បាប់លើបុគ្គលដែលយកស្បែកជើងគប់លោកនោះទេ ក៏ប៉ុន្តែលោកបាន​ចោទ​សួរ​ថា ប្រសិនបើសហរដ្ឋអាមេរិកចាត់ទុកថា អំពើហិង្សានោះជាការបញ្ចេញមតិនោះ ចរន្តបែបនេះនឹងមានគ្រប់ទីកន្លែង។

លោកថា៖ «ខ្ញុំផ្ដាំផ្ញើទៅភាគី​អាមេរិក ខ្ញុំមិនមែនប្រដៅអាមេរិកទេ! អាមេរិកត្រូវគិតឱ្យច្បាស់លើចំណុច​នេះ សង្ឃឹម​ថា ឯកឧត្ដមអគ្គរដ្ឋទូតនៅទីក្រុងភ្នំពេញ បញ្ជូនសារនេះទាំងស្រុងទៅកាន់រដ្ឋបាលអាមេរិក។ ប្រសិនបើជាអាមេរិកចាត់ទុករឿងនេះ វាជាសិទ្ធិបញ្ចេញមតិ ប្រហែលជារឿងនេះ​នឹងកើតនៅគ្រប់ប្រទេសទាំងអស់ រាប់ទាំងនៅកម្ពុជា។ អ៊ីចឹង​ក្រុម​អ្នកប្រឆាំង ហ៊ុន សែន ទាំងប៉ុន្មានត្រៀមត្រូវក្បាលនឹងស្បែកជើង។ រឿងនេះមិនមែនជារឿងតូចតាចទេ សុំសហរដ្ឋអាមេរិកគិតគូរឱ្យបានច្បាស់»

តាមរយៈវីដេអូឃ្លីប​មួយ​ដែល​ត្រូវបានផ្សព្វផ្សាយលើបណ្ដាញ​សង្គម​នានា កាលពីយប់ថ្ងៃទី១១ ខែឧសភា បាន​បង្ហាញ​ពី​បុរស​វ័យ​ជាង​៦០ឆ្នាំ​​​​ម្នាក់ ពាក់​​អាវ​ធំ ក្រវាត់ក បានដោះស្បែក​ជើង​ប៊ូ​​របស់​​ខ្លួនគប់​សំដៅទៅ​កាន់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងឈរថត​ហ្សែល​ហ្វី (Selfie) ជាមួយ​អ្នកគាំទ្រ​រូបលោក ​នៅខា​ង​ក្រៅស​ណ្ឋាគារ​មួយ​នៅ​សហរដ្ឋអាមេរិក។ ប៉ុន្តែជាសំណាងល្អ ស្បែកជើងនេះ​មិនត្រូវ​ចំ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ ដោយ​ធ្លាក់​ចំទូរសព្ទដៃរបស់អ្នកគាំទ្រស្ទើរតែជ្រុះចេញពីដៃ។

បុរសខ្មែរអាមេរិកាំងរូបនោះត្រូវបានគេស្គាល់​ឈ្មោះ អ៊ុក ទូច ជាអតីតយោធាសម័យសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ ដែល​បច្ចុប្បន្នរស់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

ភ្លាមៗនោះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន មិនបានបង្ហាញការខឹងសម្បារទៅកាន់​បុរសរូបនេះឡើយ ហើយផ្ទុយទៅវិញ លោកបានអំពាវនាវឱ្យអ្នកគាំទ្ររបស់លោកនៅសហរដ្ឋអាមេរិកអត់ធ្មត់ និងមិនតបតចំពោះជនដែលបង្ក​ហេតុនិងអ្នកដែលប្រឆាំង​លោក​ដោយ​ហិង្សា ដែលនាំឱ្យខុសនឹងច្បាប់សហរដ្ឋអាមេរិកនោះទេ។

លោកថា៖ «ខ្ញុំបានទទួលសំណូមពរពីទីក្រុងភ្នំពេញ កម្លាំងបីសុំធ្វើបាតុកម្មប្រឆាំងស្ថានទូតអាមេរិក ទាមទារឱ្យអាមេរិកដោះស្រាយ ប៉ុន្តែខ្ញុំបានប្រាប់មកទីក្រុងភ្នំពេញថា កុំធ្វើអ្វីទាំងអស់ៗ! ហេតុអ្វីបានជាខ្ញុំត្រូវប្រាប់​គេអ៊ីចឹង? ចាំទេ? ២០១៦ ក្នុងពេលដែលខ្ញុំទៅប្រទេសបារាំង នៅឯណេះគេធ្វើបាតុកម្មប្រឆាំង[នៅ]បារាំង ប្រតិកម្មនៅភ្នំពេញ វាយអ្នកតំណាងរាស្ត្រនោះ ខ្ញុំព្រួយ​ណាស់​អារឿងហ្នឹង អ៊ីចឹង​បានខ្ញុំត្រូវគ្រប់គ្រង​សភាព​ការណ៍​ភ្លាម អត់ឱ្យធ្វើអ្វីទេ»

ស្ថានទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញ នៅមិនទាន់​ឆ្លើយតបចំ​ទៅនឹង​សំណួរ​របស់​វីអូឌី​នៅ​ឡើយ​​ទេ ពាក់ព័ន្ធការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​គ្រាន់តែបានលើកឡើង​ពីភាពជោគជ័យនៃ​កិច្ច​ប្រជុំអាស៊ាន-អាមេរិក ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១២ និងទី១៣ ខែឧសភាប៉ុណ្ណោះ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែន​ករុណា បានសម្ដែងការព្រួយបារម្ភជាខ្លាំងចំពោះការវិវត្តនៃសំណុំរឿងនេះ។ លោកសង្ឃឹមថា សហរដ្ឋអាមេរិកនឹងឆ្លើយតបយ៉ាងណា ដើម្បីបញ្ចៀសកុំឱ្យមានអំពើហិង្សាណាមួយនៅពេលខាងមុខ។

លោកថា៖ «ចំពោះយើង​សង្គម​ស៊ីវិល យើងពិតជាមានការព្រួយបារម្ភណាស់ ហើយយើងក៏មិន​ចង់ឃើញសង្គមកម្ពុជាយើង​មានអំពើហិង្សាកើតឡើងដែរ។ ហើយយើងក៏ដឹងដែរថា ក្នុងសង្គម​ណាមួយក៏ដោយ ក៏គេមិនចង់ឃើញមានអំពើហិង្សាកើតឡើងនោះទេ។ អ៊ីចឹងយើងមានការព្រួយបារម្ភយ៉ាងខ្លាំង មិនដឹងថាតើសហរដ្ឋអាមេរិកអាចបកស្រាយនូវអ្វីដែលជាការលើក​ឡើង​របស់ប្រមុខរដ្ឋាភិបាល​[កម្ពុជា]​បាន ដោយមិនមានការប៉ះទង្គិច ឬធ្វើឱ្យមានភាពឈឺចាប់អីបន្តកើតមានទៅទៀត។ អ៊ីចឹងក្នុងនាមយើងជាអ្នកធ្វើកិច្ចការងារសង្គម យើងពិត​ជាមាន​ការ​ព្រួយបារម្ភ ហើយក៏មិនចង់ឃើញរូបភាពហិង្សាណាមួយ​កើតឡើង​បន្តទៀត​ទេ បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍គប់ស្បែកជើងហ្នឹងមក»។

យ៉ាងណាក្តី សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ករណីគប់ស្បែកជើង​ទៅ​មេដឹកនាំនៅលើពិភពលោកនេះ មិនមែនជាលើកទីមួយឡើយ។ ក្នុងនោះរួមមាន អតីតប្រធានា​ធិបតី​អាមេរិក​ លោក ចច ប៊ូស ក៏ធ្លាប់ត្រូវបានអ្ន​កកាសែត​​ដោះស្បែកជើង​គប់​ចំនួន​២ដង​ ​តែមិន​ត្រូវ។ ដោយឡែក​ កាលពីឆ្នាំមុន ប្រធានាធិបតី​បារាំង លោក អេម៉ានូអ៊ែល ម៉ាក្រុង ​ក៏ត្រូវបានយុវជនម្នាក់ទះកំផ្លៀងផងដែរ នៅពេលលោកចុះជួបអ្នកគាំទ្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ