រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ថា ការ​ដោះដូរ​ដី​នៅ​តំបន់​ភ្នំតាម៉ៅ​មិន​ប៉ះពាល់​ដល់​សួនសត្វ​ទេ

បុរសអ្នកថែទាំសត្វម្នាក់ កំពុងយកចំណីទៅឱ្យសត្វតោដែលត្រូវបានជនជាតិចិនចិញ្ចឹមតាំងពីតូច អំឡុងពេលរស់នៅក្រោមការមើលថែពីមជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ (ហ៊ន ថូវ៉ាន)

ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អះអាងថា ការដោះដូរដី​នៅតំបន់ភ្នំតាម៉ៅ ក្នុងខេត្តតាកែវ មិន​​ប៉ះ​ពាល់​​ដល់​​​ផ្ទៃដី​​ឧទ្យាន​​សួន​សត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅឡើយ។

ក្នុងលិខិតចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០២២ របស់ក្រសួងកសិកម្ម​ ដាក់ទៅទីស្ដីការគណៈរដ្ឋមន្ត្រី ដែលវីអូឌីទើបទទួលបាននៅថ្ងៃព្រហស្បតិ៍​នេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានលើកឡើង​​ថា ករណី​​ទីស្តីការ​គណៈរដ្ឋមន្ត្រី​សុំ​ការអនុញ្ញាត​ជា​គោលការណ៍​ដោះដូរ​​ទីតាំង​​ដី​​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​កសិកម្ម គឺ​មិន​​ប៉ះ​​ជាន់​​លើ​ផ្ទៃដី​ឧទ្យាន​​សួនសត្វ និង​​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​ ដែលមាន​ទំហំ​ជាង៤០០ហិកតា ​មាន​របង​ព័ទ្ធជុំវិញ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដែល​បាន​អភិវឌ្ឍ​កន្លងមកនោះ​​ឡើយ​។

លោក​បញ្ជាក់ទៀតថា ​ការអភិវឌ្ឍ​​តំបន់​នោះក៏​មិន​ប៉ះពាល់​ទៅដល់​ការសហការ​ជួយ​​របស់​​អង្គការ​​សម្ព័ន្ធ​មិត្ត​សត្វព្រៃ ឬ​ការអនុវត្ត​អនុស្សរណៈ​យោគយល់​គ្នា រវាង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អង្គការ​នេះដែរ។

រដ្ឋមន្ត្រីរូបនេះបន្តថា ការដោះដូរដីនៅ​តំបន់ភ្នំតាម៉ៅជាការចាំបាច់របស់រដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍ ដើម្បីជំរុញកំណើនសេដ្ឋ​កិច្ច និង​ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងផ្តល់បន្ថែមទៀត​នូវទុនសម្រាប់ការអភិវឌ្ឍ​គម្រោង​យុទ្ធសាស្ត្រ​នានា ជំរុញ​និងកែលម្អឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ អាច​ប្រកួត​ប្រជែង​ក្នុង​បរិបទ​សេដ្ឋកិច្ច​បច្ចុប្បន្ន ព្រមទាំងជំរុញកំណើនចំណូលធានានិរន្តរភាពផងដែរ។

លោក វេង សាខុន ឱ្យដឹងទៀត​​ថា តំបន់ភ្នំតាម៉ៅមានផ្ទៃដីទំហំ២ ៥០០​ហិកតា ស្ថិត​ក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ។ លោកថា កន្លងមក ក្រសួងបានយកដីមួយផ្នែក​នៃតំបន់ភ្នំតាម៉ៅដែលមានទំហំជាង៤០០ហិកតា​ បង្កើតជាឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​កាលពីឆ្នាំ២០០០។

បើតាមប្រភពដដែល​ បច្ចុប្បន្ននេះ ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានដើរតួនាទីយ៉ាងសំខាន់​ក្នុងការ​សង្គ្រោះ និង​ព្យាបាល​សត្វ​ព្រៃ​របួស ស្ត្រេស ពិការ ឈឺ សង្គ្រោះ​សត្វដែលម្ចាស់អស់និស្ស័យ សត្វព្រៃបង្ក្រាបបានពីការជួញដូរខុសច្បាប់ និងចិញ្ចឹមថែរក្សាទុកសត្វព្រៃដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ អាចលែងទៅទីជម្រកដើម​បាន។

មួយទៀត​នោះ លោកថា ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ត្រូវបានអភិវឌ្ឍនិងពង្រឹងខ្លួនដោយបាន​សាងសង់​របង​សុវត្ថិភាពរឹងមាំប្រវែង៨ ៣៩៤ម៉ែត្រ ហ៊ុមព័ទ្ធជុំវិញផ្ទៃដីជាង​៤០០ហិកតា ដោយ​ក្នុងនោះបានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា​ រួ​មមាន ផ្លូវថ្នល់ ទ្រុង​សត្វ សួនច្បារ អគារសារមន្ទីរ អគារអប់រំ ប្រព័ន្ធផ្គត់ផ្គង់ទឹក បណ្ដាញអគ្គិសនី អគារការិយាល័យ ដើម្បីបម្រើឱ្យការសង្គ្រោះ ព្យាបាល ការសិក្សាស្រាវជ្រាវ ការអប់រំ ទេសចរណ៍ និងកំពុងចិញ្ចឹមថែរក្សាបង្កាត់ពូជសត្វព្រៃចំនួន១១៨ប្រភេទ ស្មើនឹង១ ៦៧៨ក្បាល។

បើតាម​លិខិតរបស់ក្រសួងកសិកម្ម កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នោះ គឺ​នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) លោកស្រី ស៊ូវណ្ណា ហ្គោនឡែត (SUWANNA GAUNTLETT) បានស្នើ​សុំ​អន្តរាគមន៍​បន្ទាន់​បញ្ឈប់​សំណើសុំ​​ដី​​ទំហំ​៥០០​​ហិកតា សម្រាប់​ការអភិវឌ្ឍ​ឯកជន និង​​ស្នើសុំ​សវនាការ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​​អន្តរាគមន៍​បន្ទាន់ ​បញ្ឈប់​ការបំផ្លាញ​ព្រៃភ្នំ​តាម៉ៅ​ជា​ជម្រក​សត្វព្រៃ ស្ថិត​នៅក្រោម​ការការពារ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

លោកស្រីត្រូវបាន​ស្រង់សម្ដីដាក់ក្នុងលិខិតនោះថា នៅពេល​ដែ​ល​គម្រោងនោះត្រូវបាន​អនុវត្ត ដីព្រៃ​ភ្នំ​តាម៉ៅ​ នឹងត្រូវ​​កាត់ផ្ដាច់​​ជា​ពីរបំណែក​តូចៗ​ ហើយ​សត្វព្រៃ​ជាង១ ០០០ក្បាលនឹង​​បាត់​បង់​ទីជម្រក ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​ នឹង​បាត់បង់​កេរ្តិ៍ឈ្មោះ ការងារ​រួមគ្នា​រវាង​រដ្ឋាភិបាល និង​អង្គការសម្ព័ន្ធមិត្តសត្វព្រៃរយៈពេល​២០​​ឆ្នាំ​កន្លងមក​ ​ក្នុងការ​ការពារ​ប្រព័ន្ធ​បរិស្ថាន​នៅទីនោះ​​នឹង​​គ្មានអ្វី​ទាំងអស់ ហើយ​ថវិកា​រួម​វិភាគទាន​របស់​អង្គការ​នឹង​ទទេ​ស្អាត​។

នាយក​កម្មវិធីនៅអង្គការសម្ព័ន្ធមិត្តសត្វព្រៃ លោក នីច ម៉ាក (Nick Marx) មាន​ប្រសាសន៍​នៅថ្ងៃនេះ​ថា លោក​មិន​គាំទ្រឱ្យ​មាន​ការឈូស​ឆាយ​ព្រៃឈើក្នុងតំបន់ភ្នំតាម៉ៅទេ។ លោកថា ការ​ឈូសឆាយ​​ដើម្បី​អភិវឌ្ឍ​ន៍​នៅតំបន់ភ្នំ​តាម៉ៅ នឹង​​បំផ្លាញ​ព្រៃ​​កន្លែង​ល្អៗសម្រាប់​ម​សត្វព្រៃ​កម្រ​ជា​ច្រើនប្រភេទ​រស់នៅ និង​​កន្លែង​ល្អៗ​​សម្រាប់​ភ្ញៀវទេសចរនិង​ប្រជាពលរដ្ឋ​ខ្មែរ​ទៅលេង​កម្សាន្ត​​នៅទីនោះ។

អ្នកជំនាញអភិរក្សសត្វព្រៃរូបនេះលើកឡើងថា ព្រៃឈើនៅខាងក្រៅឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ក៏មានសត្វព្រៃរស់នៅជាច្រើនផងដែរ។ លោកថា ពេលគម្រោងអភិវឌ្ឍន៍នោះ​អនុវត្ត​ នឹងបង្កការរំខាន ការ​ភ្ញាក់​ផ្អើលដល់​សត្វ​រស់​នៅ​ខាង​ក្រៅឧទ្យានសួនសត្វ ហើយពេលឈូសឆាយដី នឹងប៉ះពាល់ដល់ទីជម្រករបស់សត្វទាំងនោះ។

លោកបន្ថែមថា៖ «យើងបានធ្វើការសហការជាមួយរដ្ឋបាលព្រៃឈើជាង២០ឆ្នាំ ដើម្បីការងារព្រៃឈើ និងសត្វព្រៃនៅជុំវិញតំបន់ភ្នំតាម៉ៅ​ យើងឃើញ​មានសត្វព្រៃជាច្រើនរស់នៅខាងក្រៅ​សួន។ អ៊ីចឹងខ្ញុំមិនគាំទ្រ និងចង់ឱ្យលុប​ចោល​នូវ​គំនិត​ចង់ឈូស​ឆាយដីព្រៃនៅជុំវិញភ្នំតាម៉ៅនេះ ព្រោះយើង​ចង់​ទុក​ព្រៃ​នោះ​សម្រាប់​ប្រជាជននិង​ភ្ញៀវ​ទេសចរទៅមើល​សត្វ​ព្រៃមើល​ព្រៃប្រឹក្សា កន្លែង​ធម្មជាតិ នៅជិតរាជធានីភ្នំពេញ»។

ព្រះសង្ឃគង់នៅវត្តថ្ម​អន្ទង​ នៅលើភ្នំតាម៉ៅ ព្រះតេជ​គុណ សុត ផល្លី មាន​សង្ឃដីកា​ថា បើទោះបីជាមានការអះអាង​ពីរដ្ឋ​មន្ត្រីក្រ​សួង​កសិកម្មថា ការ​អភិវឌ្ឍនោះ​មិនប៉ះពាល់ដល់សួនសត្វភ្នំតាម៉ៅ​ក៏​ដោយ ក៏​ព្រះអង្គនៅ​តែសម្ដែង​ការ​ព្រួយបា​រម្ភ​ជាខ្លាំង​ចំពោះផលប៉ះពាល់បរិស្ថាន ​ព្រៃឈើ និងសត្វព្រៃនៅក្នុងតំបន់ភ្នំតាម៉ៅ។ ព្រះអង្គ​បន្តថា ព្រះអង្គមិនចង់ឱ្យមានការអភិ​វឌ្ឍ ឬ​ឈូស​ឆាយ​​ដីព្រៃជុំវិញតំបន់នោះទេ និង​​ចង់ឱ្យរដ្ឋាភិបាលទៅអភិវឌ្ឍនៅ​តំបន់ផ្សេង​ដែលមិនជាប់ពាក់ព័ន្ធជាមួយព្រៃ​ឈើនិងសត្វ​ព្រៃ។

ព្រះអង្គមានសង្ឃដីកាថា៖ «ប្រជាជនគេសោកស្តាយគ្រប់ៗគ្នា ប៉ុន្តែអត់មានអ្នកណាហ៊ាននិយាយ​តាមរយៈព័ត៌មានអី! បើ​អ្នកណាហ៊ាននិយាយ គេគំរាម។ បើអាត្មាការពារបានវិញ អាត្មាមិនឱ្យមានការឈូសឆាយទេ ទោះ​ឱ្យប៉ុន្មានលានដុល្លារ​ក៏ដោយ ព្រោះអាត្មាមិនចង់ឱ្យបាត់បង់ព្រៃឈើ។ នៅខេត្តតាកែវយើងមានព្រៃឈើនិងសត្វព្រៃ មានតែនៅកន្លែងហ្នឹងហើយ បើអស់ព្រៃហ្នឹងទៀត វាមានអីទៀត? វាអស់ហ្នឹងហើយ»

ប្រជាពលរដ្ឋនៅខេត្តកណ្តាល​ កញ្ញា ផល ករុណា និយាយ​ថា កញ្ញាធ្លាប់​ទៅ​ឧទ្យានសួនសត្វភ្នំតាម៉ៅ ដើម្បីមើល​សត្វ​ព្រៃ និង​លំហែកាយជាមួយធម្មជាតិនៃព្រៃឈើនៅតំបន់នោះ។ កញ្ញាក៏មានការព្រួយបារម្ភពីផលប៉ះពាល់ដល់ព្រៃឈើនិង​សត្វព្រៃនៅ​តំប​ន់​ភ្នំតា​ម៉ៅនេះផង​ដែរ ក្រោយ​ពីទទួលបានព័ត៌មាន​ថា រដ្ឋាភិបាលដោះដូរតំបន់ភ្នំតាម៉ៅ​ទៅឱ្យក្រុមហ៊ុនឯកជនធ្វើការ​អភិវឌ្ឍ។

កញ្ញា ផល ករុណា លើកឡើងថា តំបន់ភ្នំតាម៉ៅ​ជាតំបន់​ទេសចរណ៍​មួយកន្លែងនៅជិតទីប្រជុំ ដូចជា ​​រាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តតាកែវ ដោយពលរដ្ឋនៅតំបន់ទាំងនោះអាចនឹងចំណាយពេលវេលានិងថវិកា​តិចសម្រាប់ការទៅដើរកម្សាន្ត​​នៅទីនោះ។

កញ្ញាបន្ថែមថា៖ «ជាធម្មតាទេ ពេលដែលគេទៅកាប់ព្រៃហ្នឹងមកធ្វើកម្មសិទ្ធិឯកជន បើទោះបីជាគាត់ថា​មិនបានទៅប៉ះពាល់​សត្វ​នៅ​តំបន់ហ្នឹងក៏ដោយ ក៏គង់តែសត្វព្រៃទាំងអស់​ហ្នឹងវារត់ចេញដោយខ្លួនឯងដែរ ពីព្រោះសត្វព្រៃវាមិនអាចរស់នៅជាមួយ​មនុស្សយើងបា​ន​ទេ។ វានៅបានលុះត្រាតែយើងដាក់វានៅក្នុងទ្រុង។ អីចឹងបើគេធ្វើអីនៅកន្លែងហ្នឹង វារស់​នៅយ៉ាងម៉េច?​ ហើយ​ព្រៃឈើកន្លែងហ្នឹងក៏អស់ ដូច្នេះ វានឹងរត់ចេញទៅនៅប្រទេសគេអស់។ អ៊ីចឹងចង់ឱ្យមានការការពារនិងអភិរក្សព្រៃឈើនៅតំបន់ហ្នឹង មិនចង់​ឱ្យក្រុមហ៊ុនឬស្ថាប័នទៅអភិវឌ្ឍ​តំបន់ភ្នំតាម៉ៅហ្នឹងទេ»

កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ទីស្ដីការគណៈរដ្ឋមន្ត្រីបានស្នើសុំដោះដូរដីចំនួន​២កន្លែង​នៅតំបន់ភ្នំតាម៉ៅ​ ទៅ​ឱ្យក្រុម​ហ៊ុន «ខ្មែរ ហ្វ្រេស មីល ឯ.ក» ធ្វើការអភិវឌ្ឍ ដោយមួយកន្លែងមានដី​៣០០ហិកតា កាត់ចេញពីស្ថានីយចិញ្ចឹមគោពូជភ្នំតាម៉ៅ និងមួយកន្លែងទៀតមានផ្ទៃដីទំហំ​៥០០ហិកតា កាត់ចេញពីរដ្ឋបាលព្រៃឈើភ្នំតាម៉ៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ